ជាតិ
លោក Brian ប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនអាម៉េរិកធំៗ ចង់ពង្រីកការវិនិយោគនៅកម្ពុជា
28, Feb 2024 , 4:17 pm        
រូបភាព
លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំប្រតិភូជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិភាក្សាការងារ នាថ្ងៃទី២៨ កុម្ភៈ ២០២៤ នៅវិមានសន្តិភាព។
លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំប្រតិភូជួបសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិភាក្សាការងារ នាថ្ងៃទី២៨ កុម្ភៈ ២០២៤ នៅវិមានសន្តិភាព។
ក្រុមហ៊ុនអាម៉េរិកធំៗ មានបំណងចង់ពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា។ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានប្រាប់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បែបនេះ នៅក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី២៨ កុម្ភៈ។

 
លោក Brian បានរៀបរាប់ប្រាប់ថា ក្រុមហ៊ុនអាម៉េរិក ដែលមានបំណងពង្រីកការរកស៊ីនៅកម្ពុជានេះ កំពុងស្វែងយល់បន្ថែមទៀត អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការវិនិយោគ។ ក្នុងជំនួបពិភាក្សានេះ អនុប្រធានជាន់ខ្ពស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានរូបនេះ គឺជាតំណាងឱ្យក្រុមហ៊ុនធំៗ ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង។
 
ក្រុមហ៊ុនទាំងនោះ រួមមាន Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Master Card, ក្រុមហ៊ុន Visa Card, ក្រុមហ៊ុន Meta (Facebook) , ក្រុមហ៊ុនADM, ក្រុមហ៊ុន Chevron និងក្រុមហ៊ុន Manulife ជាដើម ។
 
សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការបោះទុន ក៏ដូចជាបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ។ សម្ដេច បានបន្ថែមថា តួនាទីវិស័យឯកជន មិនត្រឹមតែរួមចំណែកដល់ការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួយ៉ាងសកម្ម នៅក្នុងការលើកកម្ពស់ការទូតនៃទំនាក់ទំនងភាពជាដៃគូរវាងរដ្ឋ និងឯកជន។
 
ប្រមុខរដ្ឋាភិបាល បានប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) អំពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគនៅកម្ពុជា តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ។ ជាពិសេសគោលនយោបាយលើកទឹកចិត្ត សម្រាប់វិនិយោគិន និងការដាក់ចេញនូវគំនិតផ្ដួចផ្ដើមនៃគំរូអាជីវកម្មថ្មីៗ ដូចជា គំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវការរបស់ប្រទេសនីមួយៗ។ 
 
សម្ដេច ក៏ជំរុញឱ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែង ក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជន៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com