ជាតិ
នាយ ពាក់មី ទើបដឹងខ្លួនខុស និងប្រកាសឈប់ផ្សាយល្បែងអនឡាញ
02, Mar 2024 , 12:02 pm        
រូបភាព
តារាកំប្លែង លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី
តារាកំប្លែង លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី
ភ្នំពេញ៖ តារាកំប្លែង នាយ ពាក់មី ដែលមានឈ្មោះដើម ចែម ចាន់រ៉ា បានប្រកាសឈប់ផ្សាយល្បែងអនឡាញ និងអំពាវនាវសិល្បករ និងអ្នកមានឥទ្ធិពលក្នុងសង្គម ឈប់ផ្សាយល្បែងភ្នាល់តាមអនឡាញនេះដែរ។


 
ការប្រកាសបែបនេះរបស់នាយ ពាក់មី ធ្វើឡើងបន្ទាប់ពីត្រូវបាននាយកដ្ឋានប្រឆាំងល្បែងនិងបទល្មើសល្បែងពាណិជ្ជកម្មកោះហៅទៅបំភ្លឺ និងណែនាំ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយឱ្យល្បែងអនឡាញមួយដែលខុសច្បាប់។
 
នៅក្នុងវីដេអូខ្លីបវីដេអូជាង២នាទីដែល ថតនៅនាយកដ្ឋានប្រឆាំងល្បែងនិងបទល្មើសល្បែងពាណិជ្ជកម្ម តារាកំប្លែងពាក់មី បញ្ជាក់កំហុសរបស់ខ្លួនដូច្នេះ៖ «ចំណុចដែលខ្ញុំ ទើបតែភ្ញាក់ខ្លួន គឺពេលដែលគេហៅខ្ញុំមកថតផ្សព្វផ្សាយ ហើយខ្ញុំគ្រាន់តែជាតារា ដើម្បី ផ្សព្វផ្សាយទេ ហើយគេថាFaFa គឺស្របច្បាប់ មានអាជ្ញាបណ្ណ។ អ្នកដែលអូសទាញខ្ញុំ គឺគេកុហកខ្ញុំ។ អ៊‍ីចឹងខ្ញុំគិតថាស្របច្បាប់ ខ្ញុំក៏ធ្វើទៅ។ ពេលដែលខ្ញុំមកដល់នាយកដ្ឋានប្រឆាំងបទល្មើសពាណិជ្ជកម្ម ទើបខ្ញុំដឹងថា អ្វីដែលខ្ញុំធ្វើកន្លងមក គឺជារឿងខុសច្បាប់។»។
 
ជាមួយនឹងការដឹងកំហុស និងប្រកាសឈប់ផ្សាយល្បែងអនឡាញ  នាយ ពាក់មី ក៏បានសុំការការអភ័យទោសពីសាធារណជន ចំពោះកំហុសឆ្គងរបស់ខ្លួន។
 
គួរកត់សម្គាល់ថា ប្អូនប្រុសរបស់នាយ ពាក់មី គឺលោក ចែម សារឿន ហៅនាយគ្រឿន ក៏បានប្រកាសឈប់ផ្សាយការភ្នាល់ល្បែងតាមអនឡាញដែរ កាលពីថ្ងៃទី១៣ កុម្ភៈកន្លងទៅ ក្រោយរងការរិះគន់ពីអ្នកគាំទ្រ។ ក្រៅពីឈប់ផ្សាយល្បែង នាយគ្រឿន ក៏ប្រកាសឈប់ផ្សព្វផ្សាយឱ្យក្រុមហ៊ុនស្រាបៀរផងដែរ៕
 
 

Tag:
 ពាក់មី
  ល្បែងអនឡាញ
© រក្សាសិទ្ធិដោយ thmeythmey.com