អន្តរជាតិ
ប្រធានសិទ្ធិមនុស្សUN ទទូចឱ្យកាត់ផ្ដាច់អាវុធដល់របបយោធាមីយ៉ាន់ម៉ា
02, Mar 2024 , 1:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោក  Volker Turk នៅថ្ងៃ ទី១ ខែមីនា បានលើកឡើងថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការ ដើម្បីរឹតបន្តឹងការចូលប្រើប្រាស់អាវុធ ឥន្ធនៈយន្តហោះ និងរូបិយប័ណ្ណបរទេសដល់របបយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការបន្តប្រព្រឹត្តអំពើឃោរឃៅលើប្រជាជន។

 
ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ាបានប្រឈមនឹងបញ្ហាជាច្រើន ដោយប្រជាជនជាច្រើនលាននាក់ បានភៀសខ្លួនរកកន្លែងសុវត្ថិភាព ស្របពេលសេដ្ឋកិច្ចប្រទេសមួយនេះកំពុងមានវិបត្តិ។ មិនតែប៉ុណ្ណោះ របបសឹកមីយ៉ាន់ម៉ា នៅតែបន្តប៉ះទង្គិចជាមួយកម្លាំងជនជាតិភាគតិច ហើយមិនទាន់អាចរកពន្លឺសន្តិភាពបានឡើយ។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានជំរុញឱ្យកាត់ផ្តាច់អាវុធ និងមធ្យោបាយសំខាន់ៗផ្សេងទៀតទៅយោធាមីយ៉ាន់ម៉ា។
 
«ខ្ញុំទទូចជាថ្មីម្ដងទៀតទៅកាន់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងកម្លាំងបន្ថែមក្នុងការទប់ស្កាត់ អំពើឃោរឃៅប្រឆាំងនឹងមនុស្សទាំងអស់ក្នុងប្រទេស រួមទាំងជនភាគតិចរ៉ូហ៊ីងយ៉ាផងដែរ»។ ឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស លោក  Volker Turkថ្លែងបែបនេះប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវដោយសំដៅលើរបបយោធា។ 
 
ប្រមុខសិទ្ធិមនុស្សរូបនេះ បានបន្ថែមថាប្រទេសនានាគួរតែបញ្ចប់ការចូលប្រើប្រាស់អាវុធ ឥន្ធនៈ យន្តហោះ និងរូបិយប័ណ្ណបរទេសពីសំណាក់យោធា ដែលពួកគេសុទ្ធតែត្រូវការដើម្បីទ្រទ្រង់យុទ្ធនាការ គាបសង្កត់ប្រឆាំងនឹងជនស៊ីវិល។
 
ទាក់ទងនឹងបញ្ហាជនភាគតិចដែលអូសបន្លាយជាច្រើនទសវត្សរ៍ លោក Turk បង្ហាញថា ក្រៅពីការរងការរើសអើងជាប្រព័ន្ធ ការគាបសង្កត់ ការផ្លាស់ទីលំនៅដោយបង្ខំ និងការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត ជនជាតិរ៉ូហ៊ីងយ៉ា សព្វថ្ងៃនេះរងការជាប់ឃុំឃាំងនៅក្នុងភូមិ និង ជុំរំឃុំឃាំងផងដែរ។
 
បង់ក្លាដែសដែលបានទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាភាគច្រើន បានបញ្ជាក់ពីខែមុនថា នឹង មិនអនុញ្ញាតឱ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីមីយ៉ាន់ម៉ាចូលប្រទេសទៀតទេ ពីព្រោះការគាំទ្រ ចំនួនដ៏ច្រើនដែលមាននៅទីនោះស្រាប់កំពុងគំរាមកំហែងដល់សន្តិសុខរបស់ខ្លួនទៅហើយ។ លោក Turk ជម្រាបផងដែរថា ការិយាល័យរបស់លោកទទួលបានទទួលរបាយការណ៍គួរឱ្យ ទុកចិត្តជាច្រើនដែលថា ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់ដែលភៀសខ្លួនចេញពីអំពើហិង្សាកំពុង ត្រូវបានរារាំងមិនឱ្យចូលបង់ក្លាដែស។
 
ជុំវិញរឿងនេះ ប្រមុខសិទ្ធិមនុស្ស UN បានអំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ ឱ្យធានានូវការការ ពារជនភៀសខ្លួនអន្តរជាតិ និងចំពោះមនុស្សដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ និងជម្លោះ ក្នុងមីយ៉ាន់ម៉ា។
 
គួររំលឹកថា មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចពី រដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១។ ជនភាគតិចរ៉ូហ៊ីងយ៉ាបានប្រឈមមុខនឹង ការយាយីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយៗជិតមួយលាននាក់នៃជនភាគតិចទាំងនោះរស់នៅក្នុងជុំរំដ៏កកកុញក្នុងស្រុក Cox's Bazar ប្រទេសបង់ក្លាដែសជាប់ នឹងព្រំដែន មីយ៉ាន់ម៉ា។ 
 
ភាគច្រើននៃពលរដ្ឋទាំងនោះបានភៀសខ្លួនចេញពីការបង្រ្កាបដោយយោធានៅឆ្នាំ ២០១៧។
មេដឹកនាំយោធាមីយ៉ាន់ម៉ាចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាជាជនបរទេសហើយបានបដិសេធការផ្ដល់សញ្ជាតិ៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com