ជាតិ
វីដេអូ
កត្តាភូមិសាស្រ្ត សមុទ្រ និងព្រៃភ្នំ ជួយឱ្យម្រេចកំពតមានរសជាតិ និងគុណភាពដាច់គេ
03, Mar 2024 , 9:30 am        
រូបភាព
កំពត៖ ម្រេចកំពត ត្រូវបានទទួលស្គាល់អំពីគុណភាព និងរសជាតិឆ្ងាញ់ដាច់គេ ដោយបាននាំចេញទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ជាពិសេស សហគមន៍អឺរ៉ុប និងអាស៊ី។ ភាពល្បីល្បាញនៃផលិតផលសម្គាល់ភូមិសាស្ត្រ (GI) នេះ បានមកពីសម្បត្តិធម្មជាតិនៅជុំវិញ ដូចជា ទឹកសមុទ្រ ដីភ្នំ និងអាកាសធាតុ ដែលបានរួមចំណែកជួយបង្កើនគុណភាព និងរសជាតិម្រេច ឱ្យកាន់តែប្រសើរថែមទៀត។ 


 
លោក គីម ទៀង មគ្គទេសក៍នៅចម្ការម្រេចឡាផ្លេនថេសិន (La plantation) ស្ថិតក្នុងភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ម្រេចកំពត គឺជាផលិតផលក្នុងស្រុក ដែលជាប់ចំណាត់លេខ១នៅលើពិភពលោក និងទទួលការកោតសរសើរពីភ្ញៀវទេសចរបរទេសមិនដាច់ពីមាត់ពាក់ព័ន្ធរសជាតិ និងគុណភាព។ បច្ចុប្បន្ន ម្រេចកំពត ត្រូវបានចែកចាយទៅកាន់៧០ប្រទេស នៅលើពិភពលោក។ 
 
មគ្គទេសក៍នៅចម្ការម្រេចឡាផ្លេនថេសិនរូបនេះ អះអាងថា មូលហេតុដែលម្រេចកំពតមានរសជាតិ និងគុណភាពដាច់គេ ដោយសារកត្តាអាកាសធាតុ និងសម្បត្តិធម្មជាតិដែលនៅជុំវិញមានដូចជា ព្រៃភ្នំ និងលម្អងទឹកសមុទ្រ។ លម្អងទឹកសមុទ្រដែលមានជាតិអំបិល បក់តាមខ្យល់ បានជួយបង្កើតជាផ្កា និងជួយជំនួយដល់រសជាតិនៃម្រេច។ ចំណែក ដីភ្នំក្នុងភូមិសាស្រ្តខេត្តកំពតវិញ មានជីជាតិល្អ ងាយស្រួលដល់ការលូតលាស់របស់ដើមម្រេច។ ចំពោះអាកាសធាតុវិញ មានភាពស្មើគ្នា ដោយមិនក្ដៅពេក និងត្រជាក់ពេក ដែលវាអំណោយផលយ៉ាងខ្លាំងដល់ការដាំដុះម្រេច។
 
ក្រៅពី កត្តាភូមិសាស្រ្ត ម្រេចកំពត ត្រូវបានថែទាំយ៉ាងដិតដល់ និងដាំដុះតាមធម្មជាតិ ដោយមិនប្រើប្រាស់សារធាតុគីមី ដូចជា ជីជំនួសដើម ឬថ្នាំសម្លាប់សត្វល្អិត ដែលធ្វើប៉ះពាល់ដល់រសជាតិ គុណភាព និងកេរ្តិ៍ឈ្មោះ នៃម្រេចកំពតឡើយ។ 
 
ម្រេចកំពតត្រូវបានចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០១៦ ហើយ តំបន់ដែលអាចផលិតម្រេចកំពតបានលុះត្រាស្ថិតក្នុងស្រុកឬក្រុងមួយចំនួននៃខេត្តកំពត និងខេត្តកែប។ តំបន់ទាំងនោះ រួមមាន៖ ស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពតនៃខេត្តកំពត ព្រមទាំងស្រុកដំណាក់ចង្អើរ និងក្រុងកែបខេត្តកែប។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងលោក ឈុំ ចន្ថា អ្នកសារព័ត៌មានថ្មីៗ និងលោក គីម ទៀង មគ្គទេសក៍នៅចម្ការម្រេចឡាផ្លេនថេសិន (La plantation) ដូចតទៅ៖ 
 

Tag:
 ម្រេចកំពត
  ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com