ជាតិ
អន្តរជាតិ
អាមេរិកបើក​អង្កេត​រក​​​​​ហានិភ័យពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​យាន​យន្តអគ្គិសនី​ចិន
02, Mar 2024 , 7:40 pm        
រូបភាព
អាមេរិកបើក​អង្កេត​រក​​​​​ហានិភ័យពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​យាន​យន្តឌីជីថល​​ចិន AP - Kin Cheung
អាមេរិកបើក​អង្កេត​រក​​​​​ហានិភ័យពាក់​ព័ន្ធ​នឹង​បច្ចេកវិទ្យា​យាន​យន្តឌីជីថល​​ចិន AP - Kin Cheung
ដោយ៖អៀង សុខម៉ិញ/RFI
 
ជាសំណុំ​រឿង​ថ្មី​មួយ​ទៀត ដែល​អាច​មក​បំពុល​ទំនាក់ទំនង​ចិន​និ​ងអាមេរិក​​ឱ្យ​​តាន​តឹង​ថែម​ទៀត។ នៅថ្ងៃព្រហស្បតិ៍​ទី ២៩​កុម្ភៈ​២០២៤​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាស​​បើក​អង្កេត ថា​តើ​យាន​យន្តបំពាក់​បច្ចេកវិទ្យាភ្ជាប់​បណ្តាញ (រថយន្ត​អគ្គិសនី) ​​​និង​គ្រឿង​បន្លាស់​នាំមក​ពី​ប្រទេស​ចិន​ ពិត​ជា​អាច​ប្រមូល​ទិន្នន័យ​រសើបៗ​របស់ប្រជាពលរដ្ឋ​​អាមេរិក ហើយ​បញ្ជូន​ទៅ​​ឱ្យ​ចិន ដោយ​ផ្ទាល់​​មែន​ឬ​យ៉ាងណា?

នៅក្នុង​សេចក្តីថ្លែងការណ៍ លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​ពន្យល់ថា​ ប៉េកាំង​​បាន​ដាក់​កំហិត​លើ​រថយន្ត​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត ពេល​ចូល​ទៅ​​ចិន ហេតុ​អ្វី​បាន​រថយន្ត​ចិន​អាច​ចូល​មក​ក្នុងទីផ្សារ​អាមេរិក​ដោយ​គ្មាន​ការ​តាម​ដាន? ហេតុដូច្នេះ​ហើយ​បាន​ជា​​អាមេរិកសម្រេច​បើក​អង្កេត។ បើ​តាម​លោក​ចូបៃដិន​​ ​​រថយន្ត​បំពាក់​បច្ចេកវិទ្យា​ទំនើបមាន​​ភ្ជាប់​បណ្តាញ​ទូរគមនាគមន៍ ព្រមទាំង​គ្រឿង​បន្លាស់​ផ្សេង​ទៀត ដែល​នាំ​មក​ពី​ចិន ​​អាច​ប្រមូល​ទិន្នន័យ​រសើបៗ​ពាក់ព័ន្ធ​នឹង​​ប្រជាពលរដ្ឋ នឹង​​​​រចនាសម្ព័ន្ធ​​អាមេរិក ហើយ​បញ្ជូន​ដោយ​ត្រង់​ផ្ទាល់​ទៅ​ប្រទេស​ចិនតែម្តង។
 
អាមេរិក​ចាំបាច់​ត្រូវ​តែ​​​ដឹងឱ្យ​ប្រាកដ​​អំពី​ហានិភ័យ​របស់​យានយន្ត​ភ្ជាប់​បណ្តាញ​ដ៏​ទំនើប​របស់​ចិនគំរាម​កំហែង​សន្តិសុខជាតិអាមេរិក​យ៉ាងណា​​ ព្រោះ​នៅពេល​គេ​កាន់​តែ​​សិក្សា​មើល​រថយន្ត​អគ្គិសនី​ចិន​ពេល​ណា ក្តី​ព្រួយ​បារម្ភ​រី​កធំធាត់​​កាន់​តែ​ខ្លាំង​ពេល​នោះ។​ នេះ​បើ​តាម​ប្រសាសន៍​របស់រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​Gina Raimondo ដោយ​លម្អិត​ថា ការ​អង្កេត​សាធារណៈ​នឹង​បើក​ធ្វើ​ជា​ទូទៅ ដើម្បីកំណត់​ថា​តើ​បច្ចេកវិទ្យា​បំពាក់​ក្នុង​យាន​យន្តសម្រាប់​​ចាប់ប្រមូល​ទិន្នន័យ ហើយ​បញ្ជា​យានយន្តពី​ចម្ងាយ​ យ៉ាង​ដូច​ម្តេច​? និង​មាន​វិធានការ​ចាំ​បាច់​យ៉ាងណា? នៅ​ពេល​កំណត់​ហានិភ័យ​បាន​ទើប​អាមេរិក​សម្រេច​ជ្រើសរើស​ចំណាត់ការ​តាមក្រោយ។
 
ឥលូវ​​ទីផ្សារ ​​រថយន្ត​​​ចិន​វិវឌ្ឍ​យ៉ាង​លឿនរហ័ស ខាងនាំ​ចេញនិង​កំពុង​ជ្រៀត​ចូល​យ៉ាង​ខ្លាំង​ទៅ​តាំងទី​ក្នុង​ប្រទេស​ជាច្រើន​ រាប់​ទាំង​អឺរ៉ុប​ផង ដូច្នេះ​អាមេរិក​ត្រូវ​តែ​រួសរាន់​បញ្ចេញ​សកម្មភាព​អង្កេត​​ដែរ។ សម្រាប់​ជា​ការ​ចាប់​ផ្តើម​នេះ ​ការ​អង្កេត​​មាន​ពាក់​ព័ន្ធ​តែ​នឹង​រថយន្ត​អគ្គិសនី​ផលិត​ដោយ​ក្រុមហ៊ុន​យាន​យន្ត​ចិន​ទេ តែ​បន្ត​បន្ទាប់​អាមេរិក​នឹង​ពង្រីក​ការ​តាមដាន​សិក្សា​ដល់យានយន្ត​អគ្គិសនី​គ្រប់​ម៉ាក​ដែល​មាន​ប្រើ​គ្រឿង​ផ្សំ/បន្លាស់​​ផលិត​នៅ​ចិន​។
 
សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ការអង្កេតនេះ​​ជា​ក៏​មធ្យោបាយ​ទប់ទល់​​នឹង​ឧស្សាហកម្ម​រថយន្ត​ចិន​ដែល​លូតលាស់​ខ្លាំង​ដោយ​វិធី​ស៊ី​ខ្សែលើ។ បន្ទាប់​ពី​ចាត់​វិធានការ​មួយ​ខ្សែ​ធំ​ដើម្បី​កុំ​ឱ្យ​ចិន​បាន​ទទួល​ទិន្នន័យ​មនិង​បច្ចេកវិទ្យា​អាមេរិក សេតវិមាន​បាន​ផ្តើម​យុទ្ធនាការ​ទប់​ទល់​នឹង​ការ​ផ្ទេរ​ទិន្នន័យ​រសើបៗ​ ដោយ​ចេញ​ក្រិត្យ​ហាមមិន​ឱ្យ​ផ្ទេរ​ព័ត៌មាន​បុគ្គលរបស់​ពលរដ្ឋ​អាមេរិក​​ជាទ្រង់ទ្រាយ​ធំ​ទៅ​កាន់​ប្រទេស​ដែល​មិន​គួរ​ទុក​ចិត្ត​ដូច​យ៉ាងចិន។ បច្ចុប្បន្ន​នេះ​ការ​ប្រមូល​និង​ប្រើប្រាស់​ទិន្នន័យ​បុគ្គល​កំពុង​រីក​ធំធាត់​ខ្លាំង ដោយ​សារ​តែ​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងរថយន្ត​អគ្គីសនី​ឬ​យាន​យន្តឆ្លាត ដែល​តែង​មាន​បំពាក់​ប្រដាប់​ចាប់​តាន​ដាន​ដំណើរ​យើង។ ឧបករណ៍​ទាំងនោះ​ច្រើនធ្វើ​នៅ​ចិន៕​

© រក្សាសិទ្ធិដោយ thmeythmey.com