អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក ឱ្យអុីស្រាអែលបើកច្រកមនុស្សធម៌ថ្មីទៅតំបន់កាហ្សា
04, Mar 2024 , 3:20 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស។ រូបភាព AFP
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស។ រូបភាព AFP
ដោយ៖ ម៉ី មិនិត្យ 

អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស នៅថ្ងៃទី៣ ខែមីនា បានប្រើពាក្យសម្តីខ្លាំងៗលើអុីស្រាអែល ដែលពុំបានប្រឹងប្រែងបន្ធូរបន្ថយ «គ្រោះមហន្តរាយមនុស្សធម៌» នៅក្នុងតំបន់កាហ្សា។ ការលើកឡើងរបស់មេដឹកនាំអាម៉េរិកបែបនេះ ធ្វើឡើងក្រោយ ប្រជាជនក្នុងតំបន់កាហ្សាប្រឈមបញ្ហាសន្តិសុខស្បៀងយ៉ាងខ្លាំង។

 
ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សា កាន់តែខ្វះស្បៀងធ្ងន់ធ្ងរ ខណៈកុមារជាច្រើននាក់ បានបាត់បង់ជីវិតដោយសារតែខ្វះអាហារ និងខ្សោះជាតិទឹកក្នុងខ្លួន។ ក្នុងសុន្ទរកថាពីរដ្ឋ Alabama អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានប្រើពាក្យសម្តីខ្លាំងៗ ដោយជំរុញឱ្យអុីស្រាអែល បើកច្រកមនុស្សធម៌បន្ថែម និងឱ្យក្រុមហាម៉ាសត្រូវតែឯកភាពលើកិច្ចព្រមព្រៀង ដើម្បីឈានដល់បទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង។ 
 
«មនុស្សនៅកាហ្សាកំពុងស្រេកឃ្លាន។ ស្ថានភាពនេះមានភាពឃោរឃៅណាស់ ហើយយើងត្រូវតែធ្វើសកម្មភាព ដើម្បីមនុស្សជាតិរបស់យើង»។ លោកស្រី ហារីស​ បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣ ខែមីនា ដោយបន្តថា អុីស្រាអែល ត្រូវតែធ្វើអ្វីបន្ថែម ដើម្បីបង្កើនលំហូរជំនួយទៅក្នុងតំបន់កាហ្សា។  នេះជាសំដីធ្ងន់ជាងគេបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងរដ្ឋាភិបាលអាម៉េរិកទៅលើអុីស្រាអែល ដែលបញ្ជាក់ពីការខកចិត្តយ៉ាងខ្លាំងលើសង្គ្រាម។ 
 
ក្នុងពិធីរម្លឹកខួបទី៥៩នៃ«Bloody Sunday»នៅទីក្រុង Selma រដ្ឋAlabama អនុប្រធានាធិបតីអាម៉េរិករូបនេះ បានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ដើម្បីអាចឈានដល់ការដោះលែងចំណាប់ខ្មាំង និងបង្កើនការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន។ 
 
ការលើកឡើងរបស់លោកស្រីហារីស ធ្វើឡើងក្រោយមានហេតុការណ៍បាញ់ប្រជាជនប៉ាឡេស្ទីនក្នុងពេលយកជំនួយ ពីសំណាក់អុីស្រាអែល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីនចំនួន ១១៥ នាក់បានស្លាប់ និង ៧៥០ នាក់របួស កាលពីថ្ងៃទី២៩ ខែកុម្ភៈ នៅភាគខាងជើងកាហ្សា។ 
 
សាក្សីបាននិយាយថា ទាហានអុីស្រាអែល បានបាញ់ប្រហារនៅពេលដែលហ្វូងមនុស្សយ៉ាងច្រើនរត់ ដើម្បីទាញទំនិញចេញពីក្បួនជំនួយ ខណៈដែលអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់នៅពេលដែលកងទ័ពរបស់ខ្លួនមានអារម្មណ៍ថាមានការគំរាមកំហែង។ ទាហានអុីស្រាអែល បានការពារផងដែរថា ប្រជាជនប៉ាឡេស្ទីនមួយចំនួន ស្លាប់ដោយការរត់ជាន់គ្នា។
 
នៅថ្ងៃទី២ ខែមីនា អាម៉េរិក បានទម្លាក់ជំនួយតាមអាកាសលើកដំបូង នៅតំបន់កាហ្សា ដែលមានម្ហូបហូបស្រាប់ចំនួន៣៨០០០ មុខ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ហារីស គ្រោងនឹងជួបជាមួយសមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz នៅថ្ងៃទី៤ ខែមីនា នៅសេតវិមាន ដែលគេរំពឹងថានឹងនិយាយអំពីបញ្ហានេះ។
 
គួរបញ្ជាក់ផងដែរថា អ៊ីស្រាអែល និង ហាម៉ាសបានគ្រោងជួបនៅទីក្រុង គែរ អេហ្ស៊ីប ដើម្បីចរចារពីបទឈប់បាញ់។​ យ៉ាងណាមិញ អ៊ីស្រាអែលបានធ្វើពហិការកិច្ចពិភាក្សា ក្រោយពេលហាម៉ាសបដិសេធឱ្យបញ្ជីឈ្មោះចំណាត់ខ្មាំងដែលនៅសល់៕

Tag:
 អុីស្រាអែល
  កាហ្សា
  សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com