កីឡាជាតិ
ជាតិ
កីឡាការិនីលំដាប់សង្វៀន One នៅ ស្រីពៅ គ្មានទីផ្សារប្រកួតក្នុងស្រុក
06, Mar 2024 , 8:59 am        
រូបភាព
នៅ ស្រីពៅ ឈរនៅកណ្ដាល ពាក់ខោគុនខ្មែរ រូបពី One Champion
នៅ ស្រីពៅ ឈរនៅកណ្ដាល ពាក់ខោគុនខ្មែរ រូបពី One Champion
នៅ ស្រីពៅ ដែលត្រូវបានគេស្គាល់ជាអ្នកប្រដាល់អាជីពគ្រប់ទម្រង់ប្រយុទ្ធ យល់ឃើញថា កម្ពុជា នឹងមិនមានធនធានកីឡាការិនីគុនខ្មែរច្រើន និងមានសមត្ថភាពខ្លាំងទេ ប្រសិនជាទីផ្សារប្រកួតមានតិចតួច។ កីឡាការិនីរូបនេះ កំពុងប្រឈមនឹងការបោះបង់អាជីពជាអ្នកប្រដាល់ បញ្ហាខាងលើ។



នៅ ស្រីពៅ គឺជាកីឡាការិនីប្រដាល់គុនខ្មែរ ដែលអាចប្រកួតបានច្រើនទម្រង់ប្រយុទ្ធ ដូចជាប្រដាល់សកល, ប្រដាល់ឃីកប៊ុកស៊ីង និងយុទ្ធគុនចម្រុះ (MMA)។ កីឡាការិនីវ័យ ២៩ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ចង់បោះបង់អាជីពដែលខ្លួនស្រឡាញ់នេះ ព្រោះតែបញ្ហាជីវភាព។ ទីផ្សារប្រកួតតិច ដោយសារ មិនមានផលិតករតាមសង្វៀនក្នុងស្រុកហៅទៅ, ចប់កុងត្រាជាមួយ One Champion ហើយជម្លោះរវាងគុនខ្មែរ និង MuayThai ជាហេតុធ្វើឲ្យ ស្រីពៅ មិនបានប្រកួត។ 
 
កីឡាការិនីរូបនេះ បានបន្ថែមទៀតថា មិនមានតួនាទីនិងការងារក្នុងជួររាជការឡើយ ហើយប្រភពចំណូល គឺបានមកពីការប្រកួតតែមួយមុខប៉ុណ្ណោះ។ ដូច្នេះ ប្រសិនគ្មានការប្រកួតនោះ នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការទ្រទ្រង់ជីវភាពគ្រួសារ។ 

«យូរៗ បានប្រកួតម្ដង! ខ្ញុំមិនមានក្របខណ្ឌទេ ឯអ្នកមានក្របខណ្ឌ ទោះគេមិនបានប្រកួត ក៏គេមានប្រាក់ខែតួនាទីគេដែរ។ ប៉ុន្ដែសម្រាប់ខ្ញុំ ត្រូវរកលុយចិញ្ចឹមគ្រួសារ បើខ្ញុំ មិនបានប្រកួត គឺខ្ញុំ មិនមានចំណូលទេ។ បើខ្ញុំ មិននិយាយ គ្មានអ្នកដឹងទេ ហើយគេប្រហែលគិតយើងសម្បូរសប្បាយ។ ខ្ញុំ សប្បាយចិត្ត នៅពេលដឹងថាគេហៅខ្ញុំចូលសង្វៀនប្រកួតវិញ។»។ កីឡាការិនី នៅ ស្រីពៅបាននិយាយដូច្នេះ។
  
នៅ ស្រីពៅ និងស្វាមី រូបពី នៅស្រីពៅ
 
នៅកម្ពុជា ធនធានកីឡាការិនី មិនសូវជាសម្បូរដូចជាកីឡាករនោះទេ ហើយសមត្ថភាព ក៏នៅមានកម្រិតបើទោះជាមាន ១ ឬ២នាក់ ដែលលេចធ្លោ ក៏ដោយ។ បច្ចុប្បន្ន កីឡាការិនី ដែលមានឈ្មោះល្បី ហើយត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់នោះ មាន អេ យ៉ានុត, ទូច ចាន់វត្តី និង នៅ ស្រីពៅ។ 
 
កីឡាការិនី ស្រីពៅ ដែលបានឈានជើងចូលវិស័យប្រដាល់តាំងពីឆ្នាំ២០១៤ ចាត់ទុកថា ប្រសិនជាទីផ្សារប្រកួតមិនសូវមាន កីឡាការិនី នឹងអស់ ចំណែកសមត្ថភាពក៏ធ្លាក់ចុះតាមនោះដែរ។ ស្រីពៅ បន្ថែមថា កម្ពុជា នឹងមិនអាចប្រជែងយកជ័យលាភីលើឆាកអន្ដរជាតិទេ ប្រសិនជាធនធានកីឡាការិនី មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួត។ «កីឡាករ ពួកគាត់ល្អៗហើយ មានការប្រកួត និងមានទីផ្សារច្រើន។ យើង ដឹងស្រាប់ហើយទៅប្រកួតនៅស្រុកគេ កម្មវិធីធំៗ យើងខ្វះធនធាន ដល់តែពេលប្រកួតយើងចាប់ដាក់ៗ ដូចឲ្យគេវាយចឹង។ ខ្ញុំ ចង់ឲ្យធនធានកីឡាការិនី សម្បូរដូចជាបុរសដែរ។»។ នៅ ស្រីពៅ បាននិយាយដូច្នេះ។
 
ក្រោយជួបបញ្ហាទាំងនេះ កីឡាការិនីវ័យ ២៩ឆ្នាំរូបនេះ បានទៅធ្វើការនៅរោងកុនមួយ ក្នុងផ្សារទំនើបអ៊ីអន៣។ ប៉ុន្ដែ ស្រីពៅ និយាយថា នឹងវិលត្រឡប់មកសង្វៀនប្រដាល់វិញ ប្រសិនជាមានផលិតករ និងសង្វៀនទូរទស្សន៍ រៀបចំឲ្យខ្លួនប្រកួត។
 
គួរបញ្ជាក់ផងដែរថា កីឡាការិនី នៅ ស្រីពៅ ឈានជើងចូលក្នុងសង្វៀនប្រដាល់ តាំងពីឆ្នាំ២០១៤ ហើយមកទល់ពេលនេះ កីឡាការិនីរូបនេះ បានប្រកួតសរុបទាំងអស់ រាប់បញ្ចូលទាំងសង្វៀន One Champion ផង មានចំនួន ៦៥ដង ក្នុងនោះឈ្នះ៤៥ ចាញ់១៧ និងស្មើ៤៕

Tag:
 នៅ ស្រីពៅ
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com