ជាតិ
រកឃើញពងកន្ធាយក្បាលកង្កែបជិតផុតពូជ ៥៥គ្រាប់ នៅខេត្តស្ទឹងត្រែង
06, Mar 2024 , 2:29 pm        
រូបភាព
ប្រជានេសាទភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក រកឃើញពងកន្ធាយក្បាលកង្កែបទាំង៥៥គ្រាប់ នៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង។ រូបភាព៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
ប្រជានេសាទភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក រកឃើញពងកន្ធាយក្បាលកង្កែបទាំង៥៥គ្រាប់ នៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង។ រូបភាព៖ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង
ភ្នំពេញ៖ ពងកន្ធាយក្បាលកង្កែបជិតផុតពូជចំនួន៥៥គ្រាប់​ ត្រូវបានប្រជានេសាទប្រទះឃើញនៅតាម​ដង​ទន្លេមេគង្គ ព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែមីនា។ បច្ចុប្បន្ន ពងកន្ធាយកម្រទាំងនោះ ត្រូវបានមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង យកទៅរក្សាទុក និងភ្ញាស់នៅកន្លែងសុវត្ថិភាព។



លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែមីនា បាននិយាយថា លទ្ធផលដ៏វិជ្ជមាននេះ កើតចេញពីការចូលរួមការពាររបស់ប្រជានេសាទ និងអ្នកពាក់ព័ន្ធទាំងអស់។ លោក បានសង្កត់ធ្ងន់ថា ប្រជានេសាទ បានរាយការណ៍ទៅកាន់មន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ដើម្បីចុះពិនិត្យ និងប្រមូលពងកន្ធាយកម្រទាំងនេះទុក ជៀសវាងការបំផ្លិចបំផ្លាញពីមនុស្ស និងសត្វ។  
 
នាយខណ្ឌរដ្ឋបាលជលផលរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖« នៅពេលដែលប្រជានេសាទរកឃើញ ហើយគាត់បានរាយការណ៍មកខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង ដើម្បីទៅប្រមូលពងកន្ធាយក្បាលកង្កែបទុក។ សកម្មភាពនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារ និងថែរក្សាប្រភេទសត្វជិតផុតពូជក្នុងភូមិសាស្រ្តទន្លេមេគង្គ។ ប្រសិនបើ គ្មានការចូលរួមពីប្រជានេសាទ ច្បាស់ណាស់ពងកន្ធាយទាំងនោះ អាចនឹងត្រូវសត្វស៊ី និងក៏ជនខិលខូចយកទៅបរិភោគ ជាដើម»។ 
 
បើតាមលោក វិចិត្រ នេះជាការលើកដំបូងក្នុងឆ្នាំ២០២៤ ដែលពងកន្ធាយក្បាលកង្កែប បង្ហាញវត្តមាននៅភូមិសាស្រ្តខេត្តស្ទឹងត្រែង។
 
កន្លងមក ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងឆ្មាំទន្លេ​ ផ្សព្វផ្សាយតាមសហគមន៍អំពីគ្រោះថ្នាក់ជិតផុតពូជនៃប្រភេទកន្ធាយក្បាលកង្កែប និងសត្វកម្រៗជាច្រើនទៀត​ ដែលរស់នៅទន្លេមេគង្គ។ ការងារផ្សព្វផ្សាយនេះ បានផ្ដល់ចំណេះដឹង និងបណ្ដុះឆន្ទៈពលរដ្ឋ ក៏ដូចជាប្រជានេសាទឱ្យចូលរួមកាន់តែច្រើន ក្នុងកិច្ចការងារអភិរក្ស។ 

​សត្វ​កន្ធាយ​ក្បាល​កង្កែប ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ (IUCN) ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​នៅលើ​សាកលលោក និង​ស្ថិតក្នុង​បញ្ជី​នៃ​ប្រភេទ​ធនធាន​ជលផល​ដែល​កំពុង​រងគ្រោះថ្នាក់រ​បស់​ប្រទេស​កម្ពុជា​។ ពួកវា​ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ពី​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០០៧ ទើបត្រូវ​បាន​គេ​រកឃើញ​សារជាថ្មី​ម្តងទៀត​នៅ​ដង​ទន្លេមេគង្គ ក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ ចន្លោះ​ខេត្តក្រចេះ និង​ស្ទឹងត្រែង​៕ 

Tag:
 កសិកម្ម
  បរិស្ថាន
  កន្ធាយក្បាលកង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com