ជាតិ
សង្គមជាតិ
រដ្ឋណែនាំឱ្យក្រសួង និងម្ចាស់សហគ្រាសកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ចូលរួមបង្ការអគ្គិភ័យ
06, Mar 2024 , 9:59 pm        
រូបភាព
ករណីអគ្គិភ័យនាពេលកន្លងមក។ រូបពី ​នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ
ករណីអគ្គិភ័យនាពេលកន្លងមក។ រូបពី ​នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ
ភ្នំពេញ៖ រដ្ឋាភិបាល សង្កេតឃើញ អគ្គិភ័យមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅតាមសហគ្រាស គ្រឹះសា្ថន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។ នេះបើតាម សារាចរស្ដីពី វិធានការអប់រំ បង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគ្រាស គ្រឹះស្ថាន ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ចេញថ្ងៃទី១ មីនា របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

 
ករណីអគ្គិភ័យ ក្នុងវិស័យទាំងពីរខាងលើ បង្កឱ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សុវត្ថិភាពសង្គម និងដំណើរការអាជីវកម្ម។ នេះបើតាមការពិនិត្យរបស់ នាយករដ្ឋមន្ត្រី ។
 
សម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា ដើមហេតុចម្បងនៃគ្រោះអគ្គិភ័យ គឺការឆ្លងចរន្តអគ្គិសនី និងការធ្វេសប្រហែស ពិសេសភ្លេចអនុវត្តវិធានការត្រួតពិនិត្យឧបករណ៍ដែលភ្ជាប់នឹងចរន្តអគ្គិសនី។  ហេតុនេះ ទើបរដ្ឋាភិបាល ចេញវិធានការណែនាំដល់ម្ចាស់ សហគ្រាសក្នុងវិស័យទាំងពីរ ឱ្យបង្កើនការយកចិត្តទុកដាក់ ក្នុងការបង្ការនិងទប់ស្កាត់អគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា មានការឡើងកម្ដៅអាកាសធាតុរហូតដល់ ៤១អង្សាសេ នៅក្នុងខែមេសា និងដើមខែឧសភា ខាងមុខនេះ។ 
 
រាជរដ្ឋាភិបាល បានណែនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អំពីវិធានការបង្ការអគ្គិភ័យ។ ចំណែក្រសួងមហាផ្ទៃ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការការបង្ការ និងការពន្លត់អគ្គិភ័យ ដោយត្រូវផ្តោតការយកចិត្តទុកដាក់ជាមួយក្រសួង ស្ថាប័ន មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលការណ៍ វិធានការត្រួតពិនិត្យឧបករណ៍ សម្ភារៈ បរិក្ខារបង្ការនិងពន្លត់អគ្គិភ័យ។ 
 
ដោយឡែកក្រសួងទេសចរណ៍ ក៏ត្រូវបន្តណែនាំដល់ប្រតិបត្តិករទេសចរណ៍ អំពីកាតព្វកិច្ចស្ដីពីសុវត្ថិភាពអគ្គិភ័យ ដើម្បីធានាបានសន្តិសុខនិងសុវត្ថិភាពដល់ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យបច្ចេកទេសសំណង់ និងរៀបចំចំណាត់ថ្នាក់ ប្រភេទ និងទំហំសំណង់ ។ សំណង់ទាំងនោះ ត្រូវតម្រូវឱ្យមានការត្រួតពិនិត្យនិងបញ្ជាក់អំពីសុវត្ថិភាពអគ្គិភ័យ។  សម្រាប់រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ក៏ត្រូវចូលរួមសហការពង្រឹងការអនុវត្តវិធានការបង្ការ និងសុវត្ថិភាពអគ្គិភ័យប្រកបដោយប្រសិទ្ធភាព ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ និងនិយោជកនៃសហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងមូលដ្ឋានខ្លួនដែរ។ នេះបើតាមប្រមុខរដ្ឋាភិបាល។ 
 
សម្ដេចធិបតី ក៏បានណែនាំម្ចាស់សហគ្រាស គ្រឹះស្ថាននីមួយៗ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនិង
វិធានការសុវត្ថិភាពអគ្គិភ័យ និងទទួលខុសត្រូវរាល់ទង្វើ និងការធ្វេសប្រហែសនានា ដែលបង្កឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង នៅតាមសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដែរ។
 
ជាមួយគ្នានេះ ក្រសួងការងារ ត្រូវដឹកនាំក្រុមការងារសម្របសម្រួលជាមួយក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដី ក្រសួងឧស្សាហកម្ម និងក្រសួងទេសចរណ៍ រៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយសារាចរនេះ នៅទូទាំងប្រទេស ដើម្បីជំរុញនិងលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករនិយោជិតក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍៕ 
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com