កីឡាជាតិ
ជាតិ
ជើងឯកយុវជន-យុវនារី លើកទី១ នឹងបញ្ជ្រាបវិស័យកីឡាហែលទឹកទៅអ្នកជំនាន់ក្រោយ
07, Mar 2024 , 7:59 am        
រូបភាព
(ស្ដាំ) លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក និងកញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកកីឡាហែលទឹក។
(ស្ដាំ) លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក និងកញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកកីឡាហែលទឹក។
សហព័ន្ធខ្មែរកីឡាហែលទឹក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកយុវជន យុវនារី ស.ស.យ.ក” លើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពពិក។ គោលដៅនៃព្រឹត្តិការណ៍នេះ ដើម្បីបញ្ជ្រាបវិស័យកីឡាហែលទឹកទៅអ្នកជំនាន់ក្រោយ និងផ្ដល់ឱកាសឲ្យពួកគេ បានបញ្ចេញសមត្ថភាព។



លោក ហែល គិរី បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ព្រឹត្តិការណ៍ លើកទី១នេះ នឹងបើកទូលាយឲ្យកុមារា កុមារី យុវជន និងយុវនារី មានឱកាសប្រកួតប្រជែងលើវិស័យកីឡាហែលទឹក។ អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹករូបនេះ បានបន្ថែមទៀតថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបវិស័យកីឡាហែលទៅកាន់អ្នកជំនាន់ក្រោយ ផងដែរ។
 
«នេះ គឺជាការប្រកួតបើកចំហរសម្រាប់យុវជន កុមារា កុមារី ទូទាំងប្រទេស។ គោលបំណង យើងចង់បំផុសវិស័យកីឡាហែលទឹក និងផ្ដល់ឱកាសឲ្យកុមារា កុមារី និងយុវជន។ យើង បើកឲ្យទូលាយក្នុងការប្រកួតដោយមិនក្រឹតក្រមលើស្ថាប័នចូលរួមឡើយ។ យើង ចង់បំផុសវិស័យកីឡា ជាពិសេសវិស័យកីឡាហែលទឹក។ ទី២ យើងផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ កុមារ ដែលស្រឡាញ់ប្រភេទកីឡាមួយនេះ ដែលចង់ចូលរួម ប្រកួត គឺយើងផ្ដល់ឱកាសឲ្យគាត់។»។ លោក ហែម គិរី បាននិយាយដូច្នេះ។
 
សហព័ន្ធខ្មែរកីឡាហែលទឹក បានបើកការទទួលចុះឈ្មោះចូលប្រកួតចាប់ពីថ្ងៃទី៦-២៥ ខែមីនា។ លោក ហែម គិរី ជឿថានឹងមានការចូលរួមច្រើន ពីក្មេងៗ កុមារា កុមារី យុវជន និងយុវនារី។ តាមរយៈការប្រកួតនេះ អគ្គលេខាធិការកីឡាហែលទឹក ក៏សង្ឃឹមថា វាជាផ្នែកមួយ ក្នុងការអភិវឌ្ឍធនធានអត្ដពលិក ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ៕
 

Tag:
 ហែម គិរី
  ហែលទឹក
© រក្សាសិទ្ធិដោយ thmeythmey.com