ជាតិ
នគរបាលអន្តោប្រវេសន៍៨រូបទៀត ត្រូវបាន​បណ្តេញចេញពីក្របខណ្ឌ
07, Mar 2024 , 10:59 am        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​សម្រេច​បណ្តាញ​មន្ត្រីនគរបាល​៨រូបទៀតពីអគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍ ចេញពី​ក្របខណ្ឌនគរបាលជាតិ ជាមួយនឹងការ​ដក​ហូត​មុខ​តំណែង ឋានន្តរស័ក្ត។ មន្ត្រីទាំងនោះ ដែលមាន​ឋានៈពីអនុសេនីយ៍ឯកដល់​វរសេនីយ៍ទោ ត្រូវបានរកឃើញថា ល្មើស​វិន័យ​កង​កម្លាំងនគរបាលជាតិ។

 
តាម​ប្រកាសដែលចុះហត្ថលេខា កាលពី​ថ្ងៃទី១ ខែមីនា មន្ត្រីដែល​ត្រូវ​បានបណ្តេញ​ចេញនោះ មាន២រូប​ ឈ្មោះ ជិន វ៉េងលាង និង ស្វាយ ពិសិដ្ឋ នាយរង​ការិយាល័យអនុវត្តនីតិវិធី និង​គ្រប់គ្រង​កន្លែង​ត្រៀម​បណ្តេញចេញនៃនាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី, ឈ្មោះ អាន សុខលាភ នាយក​ផ្នែក​គ្រប់គ្រង​ពលករខ្មែរក្រៅប្រទេស នៃនាយក​ដ្ឋានជន​បរទេសអន្តោ​ប្រវេសន្តជាអ្នក​វិនិយោគឯកជន។
 
ឈ្មោះ ទឹម វឌ្ឍនៈ ជានាយរង​ផ្នែក​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែនអន្តរជាតិ​ក្អមសំណ និង​ឈ្មោះ ហុក ឆៃយ៉ាថេត នាយរង​ផ្នែក​ច្បាម​ការពារប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នៃ​នាយកដ្ឋាន​ច្រក​ទ្វារទី២។
 
ឈ្មោះ ថន សុទ្ធារិទ្ធ នាយ​រងផ្នែក​បែបបទចេញ​ប៉ុស្តិ៍នគរបាល​ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃនាយក​ដ្ឋានច្រកទ្វារទី១ និង​២រូបទៀតជាមន្ត្រី ដែលមានឈ្មោះ អ៊ុំ មករា និងជាម សុនូ។
 
មន្ត្រីទាំង៨រូប នឹង​ត្រូវ​លុប​ចេញពី​ក្របខណ្ឌមន្ត្រីនគរបាលជាតិ​ចាប់ពីខែមិថុនា ឆ្នាំ​២០២៤តទៅ រីឯប្រាក់​បៀវរត្ស និង​របប​ឧបត្ថម្ភផ្សេងៗ ក៏ត្រូវបាន​កាត់ផ្តាច់ផងដែរ៕

Tag:
 ស សុខា
  អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com