ភ្នំពេញ៖ ស្ត្រី និងក្មេងស្រី គឺជាកម្លាំងស្នូលដ៏សំខាន់ដែលជំរុញការរីកចម្រើនក្នុងកិច្ចអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ។ ក្នុងសម័យឌីជីថលនេះ ស្រី្ត និងក្មេងស្រី មានសមត្ថភាព ក៏ដូចជាចំណេះដឹងខ្ពង់ខ្ពស់មិនចាញ់បុរសឡើយ។
សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូដូចតទៅ៖
ថ្ងៃ៨មីនា ជាថ្ងៃរំលឹកខួបលើកទី១១៣ នៃសិទ្ធិនារីនៅលើពិភពលោក ដែលបានទាមទារសិទ្ធិស្មើបុរស។ ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានរៀបចំពិធីអបអរក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ កញ្ញា សាន ស្រីតូច បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តី និងក្មេង បានសិក្សាស្វែងយល់ច្រើន និងអាចធ្វើការគ្រប់វិស័យដូចបុរសដែរ។
សម្រាប់ ស្រីតូច ការផ្តល់ឱកាសដល់ស្ត្រី ការលើកទឹកចិត្ត និងជ្រោមជ្រែងស្ត្រីពីសំណាក់ក្រុមគ្រួសារ និងសង្គម គឺជាកត្តាសំខាន់ណាស់ ដើម្បីឱ្យស្ត្រី និងក្មេងស្រី ទទួលបានជោគជ័យក្នុងជីវិត និងចូលរួមកាន់តែសកម្មនៅក្នុងការអភិវឌ្ឍន៍សង្គមក្នុងសម័យឌីជីថលនេះ។
យុវតី២១ឆ្នាំរូបនេះ បន្តថា៖ «ស្រ្តីមានភាពវៃឆ្លាត និងមានបំណងបង្ហាញមហាជនឱ្យបានដឹងថា អ្វីគ្រប់យ៉ាងក៏ស្រ្តីអាចធ្វើបាន មិនមានអ្វីជាឧបសគ្គរបស់ស្រ្តីឡើយ មិនថាស្រ្តីជាមេផ្ទះ មើលថែគ្រួសារ ក៏ពួកគេអាចប្រកបអាជីវកម្មក្នុងពេលដំណាលគ្នាបាន ហើយអាចទទួលបានជោគជ័យទាំងអស់»។
ស្រ្តីគឺជាផ្នែកមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិក្នុងសម័យឌីជីថល។ អ្នកស្រី ហួរ ស្រីនីន យល់ថា បច្ចុប្បន្នស្រ្តីខ្មែរកាន់តែច្រើនមានភាពវៃឆ្លាត ក្នុងការធ្វើការតាមបែបឌីជីថល។ ស្រ្តីមួយចំនួន បានបង្ហាញសមត្ថភាព ទេពកោសល្យក្នុងការងារគ្រប់វិស័យ ក៏ដូចជាការបំផុសឱ្យស្រ្តី មានភាពក្លាហានក្នុងបរិវត្តកម្មឌីជីថលកាន់តែច្រើន។
«ស្រ្តីត្រូវតែក្លាហាន និងលើកតម្លៃខ្លួនឯង។ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម ក៏ដូចជាការអភិវឌ្ឍន៍ជាតិ។ ស្ត្រីជាមាតាដៃមួយរយ ដែលបុរសគួរតែយល់ដឹង ហើយស្ត្រីអាចធ្វើរឿងគ្រប់យ៉ាងបាន ដូចបុរសដែរ»។ នេះបើតាមអ្នកស្រី ហួរ ស្រីនីន ដែលបានមើលឃើញថា បច្ចុប្បន្នស្ត្រីមានសិទ្ធិក្នុងការបញ្ចេញមតិ និងចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម បានច្រើនជាងមុន។
ស្រ្តីរូបនេះ នៅតែលើកទឹកចិត្តស្ត្រី ឱ្យមានភាពក្លាហានថែមទៀត ដើម្បីជម្នះគ្រប់ឧបសគ្គ។
មិនខុសគ្នាប៉ុន្មាននោះទេ យុវតី វណ្ណារ៉ា ធីណា ជានិស្សិតផ្នែក Graphic Design ចង់ឃើញស្ត្រីមានឱកាសរៀន និងចូលរួមក្នុងសកម្មភាពសង្គមច្រើនជាងបុរស។ ជាពិសេសដូចការសិក្សាផ្នែក Graphic Design នេះ យុវតី ធីណា ក៏ចង់ឃើញនារីច្រើនចូលរៀនច្រើនផងដែរ។ «ការសិក្សាធ្វើឱ្យជីវិតភ្លឺស្វាង និងជាស្ពានចម្លងខ្ញុំទៅរកភាពជោគជ័យក្នុងវិស័យ Graphic Design»។នេះបើតាមយុវតី ធីណា។
យុវតី វ័យ១៩ឆ្នាំរូបនេះ ជំរុញចិត្តស្ត្រីដទៃកុំភ័យខ្លាច និងរួញរាលើវិស័យនេះ។ យុវតីរូបនេះ លើកទឹកចិត្តដល់នារីដទៃទៀត ឱ្យជ្រើសរើសជំនាញសិក្សាណា ដែលមិនសូវមានសិស្សស្រីសិក្សាច្រើន ជាពិសេសសារព័ត៌មាន ឬ Graphic Design នេះ។
«ស្រ្តី ក៏អាចសិក្សាជំនាញដូចបុរសផងដែរ ព្រោះបច្ចុប្បន្នជាសម័យឌីជីថល ត្រូវបង្ហាញសមត្ថភាព និងទេពកោសល្យឱ្យបានច្រើនជាមុន»។ នេះបើតាម ធីណា ដែលបានបន្ថែមថា ដ្បិតតែស្ត្រី បច្ចុប្បន្នហ៊ានតស៊ូមតិច្រើនពិតមែន ប៉ុន្តែនៅពេលពួកគេចង់ធ្វើអ្វីមួយ ទៅតាមក្ដីស្រមៃ ឬការស្រឡាញ់ចូលចិត្តរបស់ពួកគេ នៅមានភាពអើសអើងផងដែរ។
បន្ថែមពីនេះ កញ្ញា សុខ ស្រីពេជ្រ ក៏យល់ថា គ្រប់ការងារទាំងអស់ ត្រូវការវត្តមានស្រ្តី ។ ស្ត្រីចូលរួមកាន់តែច្រើន វាក៏បង្ហាញពីការរីកចម្រើននៃវិស័យនេះដែរ។ «ក្នុងនាមខ្ញុំជានារីម្នាក់ ខ្ញុំគិតថាអ្វីដែលបុរសធ្វើបាននារី ក៏អាចធ្វើបានដែរ។ យើងត្រូវមានទំនួលខុសត្រូវលើខ្លួនឯង ហើយនាំខ្លួនឯងទៅរកទីខ្ពស់ ដើម្បីមើលពិភពលោកឱ្យបានទូលំទូលាយជាងមុន»។ នេះជាការបន្ថែមរបស់ កញ្ញា សុខ ស្រីពេជ្រ។
កញ្ញា ស្រីពេជ្រ លើកទឹកចិត្តស្ត្រីទូទៅ ឱ្យខំព្យាយាមសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ហ៊ានចេញពីផ្ទះ ដើម្បីស្វែងយល់ពីពិភពលោក។ ជាពិសេស ក្នុងសម័យឌីជីថល គួរគិតរឿងវិជ្ជមានឱ្យបានច្រើន ចេះលើកទឹកចិត្តខ្លួនឯង ស្រឡាញ់ខ្លួនឯង និងត្រូវមានក្ដីសង្ឃឹមជានិច្ច៕