ជាតិ
អាជ្ញាធរនឹងផ្ដន្ទាទោសចំពោះអ្នកយាយីស្វាឱ្យរបួស នៅរមណីយដ្ឋានអង្គរ
× ភ្នំពេញ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ស៊ើបអង្កេតលើករណីជនខិលខូចមួយក្រុមតូច បានយាយីធ្វើឱ្យសត្វស្វាមានរបួស នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
បើតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរកសិកម្មខេត្តសៀមរាបនៅថ្ងៃទី៧ ខែមីនា ថ្មីៗនេះ មានជនខិលខូចមួយក្រុមតូច បានធ្វើសកម្មភាព ដូចជា ការយកជើងទាត់ និងគ្រវែងសត្វស្វា ចូលក្នុងកណ្សិណ ដើម្បីថតរូបកម្សាន្ត ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។
ទង្វើអសីលធម៌នេះ គឺខុសច្បាប់ស្តីពីព្រៃឈើ។ ករណីនេះ មន្ទីរកសិកម្មខេត្តសៀមរាប នឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ស៊ើបអង្កេតរកជនខិលខូចទាំងនោះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
យោងតាមច្បាប់ស្ដីពីព្រៃឈើមាត្រា ៤៨ ចែងថា ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើរួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វ ឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា។ មាត្រា ៩៩ចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានទៅ១០លានរៀល ហើយវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណា ដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រ ឬបំផ្លាញជម្រករបស់វា៕
Tag:
មន្ទីរកសិកម្មខេត្តសៀមរាប
ស្វា
រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com