កីឡាអន្តរជាតិ
អន្តរជាតិ
UEL៖ Liverpool មានភាគរយខ្ពស់ឡើងវគ្គ៨ក្រុម ក្រោយលត់ Sparta Prague ៥-១
08, Mar 2024 , 3:59 pm        
រូបភាព
​Liverpool លត់ក្រុម Sparta Prague លទ្ធផល ៥-១ ជំនួបជើងទីមួយពានរង្វាន់ Europa League វគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃទី៧ ខែមីនា។ ​ការស៊ុតបាល់ពិន័យ ១១ម៉ែត្រដោយ Alex Mac Allister ២គ្រាប់របស់ Darwin Nunez និង១គ្រាប់ម្នាក់របស់ Luis Diaz និង Dominik Szoboszlai ជួយហង្សក្រហមមានភាគរយខ្ពស់ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។



Liverpool បានឆ្លងផុតវគ្គជម្រុះក្នុងពូលក្នុងនាមជាក្រុមខ្លាំងមិនដែលចាញ់ការប្រកួត ហើយឡើងទៅកាន់វគ្គ Knockout ពួកគេបន្តលត់ដៃគូលទ្ធផលគ្រាប់បាល់លើស ៣-០ រហូតមកដល់ពេល ដើម្បីស្វែងរកកៅអីទៅកាន់វគ្គ ៨ក្រុមចុងក្រោយ។
 
​បន្ទាប់ពី Mac Allister សម្រេចការស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទី ជួយឱ្យក្រុមហង្សក្រហមបើកការនាំមុខត្រឹមពេល ៦នាទី ខ្សែប្រយុទ្ធ Nunez បានស្វែងរកគ្រាប់បាល់ ២គ្រាប់តាមពីក្រោយជួយឱ្យបន្តនាំមុខកាន់តែឆ្ងាយ ដោយការស៊ុតបញ្ចូលទីនាទី២៥ និងនាទី ៤៥​+៣ នៃវគ្គទីមួយ។ ជាការបង្ហាញទម្រង់លេងដ៏ល្អឡើងវិញបន្ទាប់ពី Nunez ជាពីរបួស។
  


ចូលវគ្គទីពីរ កីឡាករ​ Conor Bradly របស់ Liverpool ធ្វើឱ្យភ្លាត់ស្នៀតបាល់ចូលទីឯង នៅនាទី៤៦ មុនពេលខ្សែប្រយុទ្ធកូឡុំប៊ី ស៊ុតគ្រាប់ទី៤ នៅនាទី៥៣។ ខ្សែប្រយុទ្ធ ​Mohamed Salah ក៏បានប្តូរចូលក្នុងការប្រកួតនោះ ហើយមានឱកាសរកបានគ្រាប់បាល់នៅនាទី៨៤ តែបែរជាត្រូវបដិសេធដោយប្រព័ន្ធ ​VAR។
 
យ៉ាងណា Liverpool មិនថមថយកម្លាំងនៅក្នុងនាទី៩០+៤ ហៀបបញ្ចប់ការប្រកួតទៅហើយ ខ្សែបម្រើ Dominik Szoboszlai បញ្ចប់លទ្ធផលការប្រកួត​ ៥-១ ដោយការស៊ុតគ្រាប់ចុងក្រោយរបស់គេ។ Liverpool មានឱកាសកាន់ខ្ពស់ពីលទ្ធផលនេះ ដើម្បីអាចដណ្តើមកៅអីឡើងទៅកាន់វគ្គ ៨ក្រុម។
 
ដោយឡែកការប្រកួតគូដទៃ Roma រក្សាឱកាសខ្ពស់ ក្រោយលត់ ៤-០ ទៅលើក្រុម Brighton & Hove Albion ដែលមកពីអង់គ្លេស។ ​កីឡាករ Paulo Dybala ស៊ុតបើកឆាកនាទី១២ មុនពេល Romelu Lukaku បន្តរកបានគ្រាប់ទីពីរ ហើយខ្សែការពារ Gianluca Mancini និងខ្សែបម្រើ Bryan Cristante រកបានម្នាក់ ១គ្រាប់បន្ថែមទៀត។
 
​Bayer Levekusen ម្ចាស់កំពូលតារាងលីគកំពូល Bundesliga ជួបការប្រកួតដ៏តឹងតែងដោយបានត្រឹមស្មើ ២-២ ទល់នឹងក្រុម Qarabag បន្តកំណត់ត្រាមិនដែលចាញ់ជាង ៣០ប្រកួតរបស់ខ្លួន៕
 
ខាងក្រោមនេះលទ្ធផលរបស់ក្រុមដទៃផ្សេងទៀត៖
AC Milan ឈ្នះ ៤-២ Slavia Prague
Benfica ស្មើ ២-២ Rangers
Freiburg ឈ្នះ ១-០ West Ham United 
Marseille ឈ្នះ ៤-០ Villarreal៕

Tag:
 Liverpool
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com