អន្តរជាតិ
UNថា តម្លៃស្បៀងអាហារពិភពលោក ធ្លាក់ចុះក្នុង៧ខែជាប់គ្នា រូបភាព Reuters
× ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៨ ខែមីនា បានរាយការណ៍ថា សន្ទស្សន៍ តម្លៃអាហារពិភពលោកបានធ្លាក់ចុះ ក្នុងខែកុម្ភៈ ក្នុងរយៈពេល ៧ខែជាប់ៗគ្នា ដោយសារតម្លៃទាបសម្រាប់ធញ្ញជាតិសំខាន់ៗទាំងអស់ ដែលច្រើនជាងការប៉ះប៉ូវដល់ការកើនឡើងតម្លៃស្ករ និងសាច់ទៀតផង។
អង្គការស្បៀងអាហារ និងកសិកម្ម បង្ហាញពីសន្ទស្សន៍តម្លដែលតាមដានទំនិញម្ហូបអាហារ ដែលត្រូវបានជួញដូរទូទាំងពិភពលោកស្ទើរទាំងស្រុង បានឃើញកម្រិតធ្យម ១១៧,៣ពិន្ទុក្នុង ខែកុម្ភៈ ធ្លាក់ចុះពី ១១៨,២ពិន្ទុកាលពីខែមករា។ ទិន្នន័យ ខែកុម្ភៈគឺជាកម្រិតទាបបំផុតចាប់ តាំងពីខែកុម្ភៈឆ្នាំ ២០២១ ផងដែរ។
សន្ទស្សន៍ធញ្ញជាតិបានធ្លាក់ចុះ ៥ភាគរយចន្លោះខែមករានិងខែកុម្ភៈដែលមកឈរនៅខាង ក្រោមកម្រិត ២២,៣ ភាគរយកាលពីឆ្នាំមុន ដោយសារការរំពឹងទុកនៃការប្រមូលផលពោតដ៏ធំនៅអាម៉េរិកខាងត្បូង និងតម្លៃប្រកួតប្រជែងដែលបង្កឡើយដោយការនាំចូលពីអ៊ុយក្រែន។
តម្លៃប្រេងបន្លែបានធ្លាក់ចុះ ១,៣ភាគរយក្នុងខែកុម្ភៈពីខែមករាមកឈរនៅខាងក្រោមកម្រិត១១ភាគរយកាលពីឆ្នាំមុន ចំពេលមានការរំពឹងទុកសម្រាប់ការផ្គត់ផ្គង់នៅអាម៉េរិកខាងត្បូងដ៏សម្បូរបែប។
តម្លៃប្រេងឆៅ និងផ្កាឈូករ័ត្ន ក៏ធ្លាក់ចុះផងដែរ ដោយសារការនាំចេញដ៏ច្រើនសន្ធឹកសន្ធាប់។
ផ្ទុយទៅវិញសន្ទស្សន៍ស្ករបានកើនឡើង៣,២ភាគរយពីខែមករាទៅខែកុម្ភៈ ដែលឆ្លុះបញ្ចាំង ពីការព្រួយបារម្ភជាបន្តចំពោះប្រេស៊ីលដែលជាអ្នកផលិតកំពូលនាពេលខាងមុខ និងការព្យាករ ណ៍ពីការធ្លាក់ចុះនៃផលិតកម្មនៅថៃ និងឥណ្ឌា។
ចំពោះឆ្នាំ ២០២៤ ទីភ្នាក់ងារ UN បានកំណត់ទិន្នផលស្រូវសាលីកើនឡើង ១ ភាគរយធៀបនឹងឆ្នាំមុនចំនួន ៧៩៧ លានតោន ដោយសារអាកាសធាតុអំណោយផលនៅអាម៉េរិកខាងជើង និងអ្នកនាំចេញកំពូលរុស្ស៊ី ក៏ដូចជាចិន ឥណ្ឌា អ៊ីរ៉ង់ ប៉ាគីស្ថាន និងតួកគី៕
© រក្សាសិទ្ធិដោយ thmeythmey.com