RFI
អន្តរជាតិ
អាមេរិកសម្រេចឱ្យ​ប្រើ​យន្តហោះ​Ospreys​វិញ ក្រោម​ក្រសែ​ភ្នែក​ព្រួយបារម្ភ​របស់​ពលរដ្ឋជប៉ុន
11, Mar 2024 , 7:39 pm        
រូបភាព
យន្តហោះ​ MV-22B Ospreyនៅមូលដ្ឋានទ័ព​ Futenma à Ginowan ភាគ​ខាង​ត្បូង​កោះ​Okinawa AP - Hiro Komae
យន្តហោះ​ MV-22B Ospreyនៅមូលដ្ឋានទ័ព​ Futenma à Ginowan ភាគ​ខាង​ត្បូង​កោះ​Okinawa AP - Hiro Komae
ដោយ៖អៀង សុខម៉ិញ / RFI ខេមរភាសា
 
ជប៉ុន​កំពុង​ទទួល​យក​សេចក្តី​សម្រេច​ចិត្ត​របស់​អាមេរិក​យ៉ាង​លំបាក​បំផុត។ កាលពី​ថ្ងៃសុក្រ​ទី​៨​មីនា មន្ទីរ​បញ្ចកោណ​​អាមេរិក​បានសម្រេច​​អនុញ្ញាតឱ្យយន្តហោះ​យោធាជប៉ុន​ ប្រភេទ Bell Boeing V-22 Ospreys ​ដែល​មាន​ទម្រង់ចម្លែក​អាច​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគចក្រ​ អាច​ចេញ​ហោះហើរ​ធ្វើ​ប្រតិបត្តិការ​វិញ។ ​យន្តហោះប្រភេទ​នេះ បាន​ជាប់​បម្រាម​បញ្ឈរទុក​ចោល​​​ក្នុង​ចំណត​ចោល​តាំងពី​ខែ​ចុង​ខែ​វិច្ឆិកា​មក ក្រោយ​មាន​គ្រោះ​ថ្នាក់​ធ្លាក់​ស្លាប់​ទាហាន​៨នាក់​នៅ​សមុទ្ទ​ជប៉ុន។

 
ជា​សរុប​ យោធាជប៉ុន​មាន​យន្តហោះ Ospreys ចំនួន​១៤​គ្រឿង ដែលមិន​អាច​ធ្វើការ​ហោះហើរ​បាន​និង​​ចតបញ្ឈរ​ចោល​នៅ​មូលដ្ឋានទ័ព​Kisarazu ក្បែរ​ទីក្រុង​តូក្យូ តាំងពី​ចុង​ខែ​វិច្ឆិកា​មក ព្រោះ​ក្រោយ​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ប្រភេទ​នេះ​មួយ​គ្រឿង​នៅ​ក្នុង​សមុទ្ទ​ជប៉ុន​ ស្លាប់​មនុស្ស​៨នាក់ទី​បញ្ជាការដ្ឋាន​អាមេរិក​បាន​ចេញ​បម្រាម​ឱ្យ​ផ្អាក​ការ​ហោះហើរ​យន្ត​ហោះ​ប្រទេស​នេះ​ទាំង​អស់។
 
​​មិន​បាន​ប៉ុន្មាន​ខែ​ផង យោធា​អាមេរិក​បាន​ផ្តល់​ការ​អនុញ្ញាតជា​ថ្មី​ឱ្យ​ជប៉ុន​ប្រើប្រាស់​ V-22 Osprey វិញ។ បន្ទាប់ពី​បានជួលជុល​ប្តូរ​គ្រឿង​​បន្លាស់​ខូចៗ​ចេញ តាម​រយៈ​ការ​សិក្សា​លើ​ទិន្នន័យ​យ៉ាង​ល្អិតល្អន់ យន្តហោះ​អាច​ហោះហើរ​វិញ​បាន​ដោយ​សុវត្ថិភាព។ នេះ​បើ​តាម​ការ​លម្អិត​របស់​​ទី​បញ្ជាការដ្ឋានអាកាសចរណ៍​អាមេរិក​ដដែល។
 
ប៉ុន្តែអាមេរិក​បដិសេធ​មិន​បង្ហាញ​ជា​សាធារណៈអំពី​មូល​ហេតុនៃគ្រោះ​ថ្នាក់​ទេ ទើប​ត្រូវបាន​​​ពលរដ្ឋ​ជប៉ុន​ទទួល​យក​ដោយ​លំបាក។ នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​របស់​ចិន រុស្ស៊ី និង​កូរ៉េខាង​ជើង ជប៉ុន​មិន​អាច​ប្រហែស​បាន​ទេ​។ ​យន្តហោះ V-22 Osprey ​ត្រូវ​តែមាន​​ដំណើរការ​វិញ។ នេះ​ជា​ទស្សនៈ​របស់​ពលរដ្ឋ​ជប៉ុន​ដែល​យល់​ស្រប​តាម​សេចក្តី​សម្រេច​អាមេរិក តែ​ពលរដ្ឋ​ជប៉ុន​មួយ​ចំនួន​ទៀតបាន​បញ្ជាក់​ក្តី​ព្រួយ​បារម្ភ​ថា​យន្តហោះ​នោះ​ហាក់​ដូច​ជា​គ្មាន​សុវត្ថិភាព។ ខ្លះ​ទៀត​ថាគ្មាន​ទំនុក​ចិត្ត​សោះ ​បើ​មិន​មែនជា​ហានិភ័យទទួល​​​គ្រាប់​មីស៊ីលកូរ៉េខាងជើងទេ គឺ​ហានិភ័យ​យន្តហោះ​អាមេរិក​Osprey ធ្លាក់​លើ​ក្បាល។ នេះ​ជា​ប្រតិកម្ម​របស់​ប្រជាជន​ជប៉ុន​ក្រោយ​ពី​បាន​ឮ​សេចក្តី​សម្រេច​របស់​យោធា​ជើង​អាកាស​អាមេរិក​ព្រម​ឱ្យយន្តហោះ​ V-22 Osprey មាន​ដំណើរការ​ឡើង​វិញ។
 
V-22 Osprey ​ជាយន្តហោះកូនកាត់ ​មាន​រាង​ចម្លែក​ ស្លាប​ទាំង​សង​ខាង​មាន​បំពាក់​កង្ហា ហើយ​អាច​ហោះឡើង​លើ​ និង​ហោះ​ចុះ​ ​ដោយ​ត្រង់ ដូច​ឧទ្ធម្ភា​គចក្រ​។ ឡើង​​​ចុះ​ដូច​ឧទ្ធម្ភាគចក្រ តែ​ហោះ​ហើរ​ដូច​យន្តហោះ​ធម្មតា V-22 Osprey មាន​ប្រវត្តិ​​គ្រោះ​ថ្នាក់​ធ្លាក់​ជាបន្ត​បន្ទាប់ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ។ កាលពី​ខែ​សីហា យោធាអាមេរិក​បី​នាក់​បាន​បាត់​បង់​ជីវិត​នៅក្នុង​ការ​ធ្លាក់​នៅអូស្ត្រាលី និង​​នៅ​ឆ្នាំ​២០២២​នៅ​ន័រវែស​ស្លាប់​បួន​នាក់។ ​​កាលពី​ឆ្នាំ ​២០១៦ក្រោយ​គ្រោះ​ថ្នាក់​ធ្លាក់​នៅ​ក្បែរ​អូគីណាវ៉ា ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ជប៉ុន​ខឹង​សម្បារ​យ៉ាង​ខ្លាំង អាមេរិកធ្លាប់​បានហាមឃាត់​មិន​ឱ្យ​​យន្តហោះ​ Osprey ហោះហើរ​​ជា​បណ្តោះ​អាសន្នម្តង​ហើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com