RFI
អន្តរជាតិ
ឥណ្ឌាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ តម្លៃ១០០ពាន់​លានដុល្លារ ជាមួយប្រទេសទាំង​៤នៃ​ EFTA
12, Mar 2024 , 7:59 am        
រូបភាព
រូបថតប្រគល់​ឲ្យដោយ the Indian Press Information Bureau (PIB)៖ លោក​រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា Piyush Goyal (កណ្តាល​) ក្នុងពិធីចុះហត្ថលេខាលើ Trade and Economic Partnership Agreement (TEPA) រវាងឥណ្ឌា និង​ European Free Trade Association (EFTA) ។ ញូដេលី ថ្ងៃទី ១០ មីនា ២០២៤ AFP - -
រូបថតប្រគល់​ឲ្យដោយ the Indian Press Information Bureau (PIB)៖ លោក​រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា Piyush Goyal (កណ្តាល​) ក្នុងពិធីចុះហត្ថលេខាលើ Trade and Economic Partnership Agreement (TEPA) រវាងឥណ្ឌា និង​ European Free Trade Association (EFTA) ។ ញូដេលី ថ្ងៃទី ១០ មីនា ២០២៤ AFP - -
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
 
ប្រទេសអឺរ៉ុបទាំង៤ ដែលជាសមាជិក​នៃ​សមាគមដោះដូរពាណិជ្ជកម្ម​សេរី​​អឺរ៉ុប ហៅកាត់ថា EFTA បានចុះហត្ថលេខាជាមួយឥណ្ឌា នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែលមានតម្លៃទឹកប្រាក់ ចំនួន​១០០ពាន់​លាន​ដុល្លារ​។ តាមរយៈកិច្ចព្រមព្រៀងនេះ ស្វ៊ីស ន័រវែស លិកតិនស្តាញ និង​អ៊ីស្លង់ អាចឈានជើងចូលក្នុងទីផ្សារឥណ្ឌា ដ៏មានសក្តានុពល​។ ចំណែក​ឥណ្ឌាវិញ អាចនឹងទទួលបានការវិនិយោគ​ធំៗ និងមានគុណភាព​ពីប្រទេសអឺរ៉ុបទាំង​៤នេះ​។

 
ឥណ្ឌាចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជាមួយសមាគមដោះដូរពាណិជ្ជកម្ម​សេរី​​អឺរ៉ុប ដែលមានសមាជិក​៤ប្រទេស គឺ​ ស្វ៊ីស ន័រវែស លិកតិនស្តាញ និង​អ៊ីស្លង់។ កម្មវិធីចុះហត្ថលេខា ត្រូវបាន​ប្រព្រឹត្តិធ្វើទៅនៅទីក្រុង​ញូដេលី កាលពីថ្ងៃទី​១០មីនា ជាមួយ​នឹងវត្តមានរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្មនៃ​​ប្រទេសទាំង​៤នេះ និង​​លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា Piyush Goyal។
 
លោក ​Piyush Goyal បាន​ឲ្យដឹងថាកិច្ចព្រមព្រៀង មានតម្លៃទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ ក្នុងរយៈពេល​១៥ឆ្នាំ​នេះ គឺជាការបោះជំហាន​ជាប្រវត្តិសាស្ត្ររបស់ឥណ្ឌា ដែលកំពុងតែមាន​សក្តានុពល ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី​៥។ កិច្ចព្រមព្រៀងនេះ នឹងបើក​ផ្លូវ​ឲ្យ​វឌ្ឍនភាពរួមគ្នា តាមរយៈការ​ពង្រីក​ការនាំចេញ​​នាំចូល ព្រមទាំងការវិនិយោគ បង្កើតការងារថ្មីៗ។
 
សូមបញ្ជាក់​ថា​ កិច្ចព្រមព្រៀង​នេះ គឺជាលទ្ធផល​នៃការចរចាគ្នាអស់រយៈពេល​១៦ឆ្នាំ រវាង​ភាគីឥណ្ឌា ជាមួយនឹង​ប្រទេសអឺរ៉ុបទាំង៤នៃ​សមាគម EFTA ។ ក្នុងលិខិត​ប្រកាស​ក្រោយពេល​ចុះហត្ថលេខា លោកនាយករដ្ឋមន្ត្រីណារិន្ទ្រ ម៉ូដី បាន​អបអរសាទរ ថា​កិច្ចព្រមព្រៀងនេះ គឺ​ជាសក្ខីភាព​បញ្ជាក់អំពីការសន្យារួមគ្នា ដើម្បី​ធ្វើ​ឲ្យ​​ វិស័យ​ពាណិជ្ជកម្មអន្តរជាតិ​​​ មានភាព​បើកចំហ មានយុត្តិធម៌ និង​មានសមភាព​។
 
ចំណែក លោករដ្ឋមន្ត្រី​សេដ្ឋកិច្ចស្វ៊ីស Guy Parmelin បាន​លើកឡើងថា កិច្ចព្រមព្រៀងនេះនឹង​អនុញ្ញាតឲ្យ​ភាគីទាំងអស់​ អាចប្រើប្រាស់​សក្តានុពលសេដ្ឋកិច្ច​ឲ្យកាន់តែ​ប្រសើរ និង​បង្កើត​ឱកាសថ្មីៗបន្ថែម សម្រាប់ឥណ្ឌានិង​សម្រាប់​ប្រទេសទាំង៤របស់ EFTA។ ប្រទេសអឺរ៉ុបទាំង​៤ សមាជិករបស់​ EFTA នឹងបោះជើងចូលទីផ្សារ​ដែលពេញដោយ​សក្តានុពលរបស់ឥណ្ឌា ចំណែកឥណ្ឌាវិញ នឹង​អាចទាក់ទាញ​ការវិនិយោគ បង្កើតការងារថ្មីៗ ដែលពោរពេញដោយវិជ្ជាជីវៈនិងសមត្ថភាព​។​
 
គួររំលឹកដែរថា សមាគមដោះដូរពាណិជ្ជកម្មសេរីអឺរ៉ុប ហៅកាត់ថា EFTA/AELE ត្រូវបានបង្កើតឡើងនៅឆ្នាំ​១៩៦០។ នៅឆ្នាំ​២០២១ សម្ព័ន្ធភាពអឺរ៉ុបនេះ គឺជាអ្នកចរចាសេដ្ឋកិច្ច ​ធំជាងគេ​លំដាប់ទី​១០ នៅក្នុងវិស័យ​ទំនិញ​ និងធំជាងគេ​លំដាប់ទី៨ នៅក្នុ​ងវិស័យសេវាកម្ម​។ ចំណែក​ឥណ្ឌាវិញ ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ឥណ្ឌាបានចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយប្រទេសមួយចំនួន ដូចជា​ជាមួយអូស្ត្រាលី អារ៉ាប៊ីសាអូឌីទ ហើយ​បច្ចុប្បន្នកំពុងចរចាជាមួយ​អង់គ្លេស​៕

© រក្សាសិទ្ធិដោយ thmeythmey.com