RFI
អន្តរជាតិ
នាវាមនុស្សធម៌​ទីមួយ​ចេញ​​ទៅ​ហ្កាហ្សា​​ ចំពេល​បទ​ឈប់​បាញ់គ្មាន​ពន្លឺ
11, Mar 2024 , 10:59 pm        
រូបភាព
នាវា​​ Open Arms ផ្ទុក​ពេញ​ទៅ​ដោយ​ជំនួយ​ស្បៀង នៅ​កំពង់ផែ​Larnacaប្រទេស​ Chypre ថ្ងៃទី​៨​មីនា​២០២៤ AP - Marcos Andronicou
នាវា​​ Open Arms ផ្ទុក​ពេញ​ទៅ​ដោយ​ជំនួយ​ស្បៀង នៅ​កំពង់ផែ​Larnacaប្រទេស​ Chypre ថ្ងៃទី​៨​មីនា​២០២៤ AP - Marcos Andronicou
ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
 
ច្រក​​មនុស្ស​ធម៌​តាម​ផ្លូវ​ទឹក​​ នឹង​បើក​នៅ​ចុង​សប្តាហ៍​នេះ នៅ​ហ្កាហ្សា។ អង្គការ​ក្រៅរដ្ឋាភិបាល​ពីរ បាន​រៀប​ចំនាវាផ្ទុក​ជំនួយ​​ស្បៀងរួច​រាល់ និង​ត្រៀម​លក្ខណៈ​ចាក​ចេញ​ពី​កំពង់​ផែ​ស៊ីប​ទៅ​កាន់​តំបន់​ហ្កាហ្សា ដែល​កំពុង​ប្រឈម​នឹងគ្រោះ​ទុរ្ភិក្ស​និងបន្ត​​រង​ការ​វាយប្រហារ​ពី​សំណាក់យោធា​​អ៊ីស្រាអែល​ឥត​ស្វាង។ ចំណែក​ក្តី​សង្ឃឹម​ថា​នឹងរក​ឃើញ​​បទ​ឈប់​បាញ់​មនុស្សធម៌ ក្នុង​អំឡុងពេលតម​អាហារ​រ៉ាម៉ាដង់ មាន​កាន់​តែ​តិច​ទៅៗ។

 
ចលនា​ប៉ាឡេស្ទីន​ហាម៉ាស មិន​ចាប់​អារម្មណ៍​លើ​បទឈប់បាញ់ទេ​ និង​ចង់​តែ​បញ្ឆេះ​ភ្លើង​សង្គ្រាម​​ក្នុងតំបន់​ នា​អំឡុង​ពេល​តម​អាហាររ៉ាម៉ាដង់ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​អាទិត្យ​ឬ​ចន្ទ​ស្អែក​នេះ។ នេះ​ជា​ពាក្យ​ចោទប្រកាន់​របស់​អ៊ីស្រាអែល​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ កាលពី​ថ្ងៃសៅរ៍ ដោយ​បន្ថែម​ថា​កិច្ចចរចា​រវាង​​ភ្នាក់ងារ​ចារកិច្ច​អ៊ីស្រាអែលនិង​អាមេរិក ដើម្បី​បទ​ឈប់​បាញ់​នៅហ្កាហ្សា​​នៅ​តែមាន​ជា​​បន្ត។
 
ប៉ុន្តែ​សម្រាប់​លោក​ចូបៃដិន ប្រធានាធិបតី​អាមេរិក​វិញ របៀប​ធ្វើ​សង្គ្រាម​នៅ​ហ្កាហ្សា​របស់​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលពេល​នេះ​នាំ​ផល​អាក្រក់​ច្រើន​ជាង​ផល​ល្អ​ដល់​អ៊ីស្រាអែល។ លោក​នេតាន់យ៉ាហ៊ូ មាន​សិទ្ធិការពារប្រទេស​​អ៊ីស្រាអែល​ និង​មាន​សិទ្ធ​វាយប្រហារ​លើ​ពួក​ចលនា​ហាម៉ាស តែត្រូវ​ និងត្រូវ​តែ​ ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បាត់​បង់​ជីវិតជន​ស៊ីវិលដោយសារ​​ទង្វើ​របស់​ខ្លួន។

នេះ​ជា​ប្រសាសន៍​របស់​លោក​ចូបៃដិន​ទៅ​​កាន់​​បណ្តាញ​សារព័ត៌មាន​MSNBC ដោយ​ថ្លោយ​មាត់​បែបដាក់​​កំហិត​ថា ​អាមេរិក​មិន​បោះបង់​អ៊ីស្រាអែល​ជា​ដាច់​ខាត គ្មានកំរិត​​គំនូស​ក្រហម​ថា​អាមេរិក​ត្រូវបញ្ឈប់​ការ​បញ្ជូន​អាវុធ​ទៅ​ឱ្យ​អ៊ីស្រាអែល​ឡើយ តែ​​​​​មិន​ត្រូវ​រំលងទេ​ ... មិន​អាច​ឱ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​៣ម៉ឺននាក់​ស្លាប់​បន្ថែម​ឡើយ។
 
ប្រធានាធិបតី​អាមេរិក​​វ័យ​៨១​ឆ្នាំ មិន​បាន​លាក់​បាំង​ភាព​ឃ្នើសចិត្ត​នឹង​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​ឡើយ។ លោក​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើងៗ​ឱ្យ​អ៊ីស្រាអែល​ព្រមព្រៀង​ទទួល​យកបទ​ឈប់​បាញ់។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​បាន​ប្រកាស​អំពី​លទ្ធភាពបង្កើន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់ហ្កាហ្សា​។ នៅថ្ងៃ​នេះ នាវា​យោធា​អាមេរិកមាន​ផ្ទុក​សម្ភារៈ​ ​សាង​សង់​កំពង់​ផែទទួល​​​ជំនួយ​​តាម​ផ្លូវ​ទឹក​ បាន​ចាក​ចេញ​ពី​មូលដ្ឋានទ័ព​​សំដៅ​ហ្កាហ្សា។
 
​នាវា​​អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស្ប៉ាញ​ Open Arms សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​មេចុង​ភៅ​អាមេរិក  World Central Kitchen មាន​ផ្ទុក​​ជំនួយ​ស្បៀង​ចំនួន​២០០​តោន ជា​អង្ករ ម្សៅ និង​ត្រីខ​កំប៉ុង បាន​រៀប​ចំ​រួច​ជា​ស្រេច នឹង​ចេញ​ដំណើរ​ពី​កំពង់​ផែ​ប្រទេស​ស៊ីប​ឆ្ពោះ​ទៅ​កាន់​តំបន់​ហ្កាហ្សា ដែល​នៅ​ចម្ងាយ​ប្រមាណ​៣៧០គីឡូម៉ែត្រពីគ្នា​។
 
តែ​ស្ថានភាព​មនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា​ដុនដាប​ខ្លាំងណាស់​។ រង​គ្រាប់​ផ្លោង​អ៊ីស្រាអែល​ឥត​ដាច់​ហើយ គ្មាន​ទឹក​ គ្មាន​អាហារ​ទៀត។ បើ​តាម​អង្គការ​សហប្រជាជាតិ ហ្កាហ្សាមិន​អាច​គេច​រួច​ពី​គ្រោះ​ទុរ្ភិក្ស​ទូទៅ បាន​ទេ។ ជំនួយ​ស្បៀង​​ទម្លាក់​តាម​អាកាស និងដឹក​​តាមសមុទ្រ មិន​អាចជំនួស​​មធ្យោបាយ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​តាម​ផ្លូវ​គោកបាន​ឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com