អន្តរជាតិ
ឥណ្ឌាសាកល្បងដោយជោគជ័យលើមីស៊ីលអាចផ្ទុកនុយក្លេអ៊ែរច្រើនគ្រាប់
12, Mar 2024 , 4:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ឥណ្ឌាជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលបាលីស្ទីក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងបច្ចេកវិទ្យាវាយប្រហារលើគោលដៅច្រើនកន្លែងក្នុងពេលតែមួយបាន ជាលើកដំបូង។ មីស៊ីលនេះ ត្រូវបានអភិវឌ្ឍដោយឥណ្ឌាផ្ទាល់។ នេះបើតាមការបញ្ជាក់របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ប្រមុខរដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី១១ ខែមីនា។

 
ជាយក្សមួយនៅតំបន់អាស៊ី ឥណ្ឌាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងសមត្ថភាពការពារជាតិ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ឥណ្ឌា បានផ្តោតលើការផលិតអាវុធនៅក្នុងស្រុក ដើម្បីកាត់បន្ថយការនាំអាវុធមកពីបរទេស។ 
 
តាមសំណេរលើបណ្តាញសង្គម X នៅថ្ងៃទី១១ ខែមីនា លោក នារិន្ទ្រា ម៉ូឌី ប្រមុខរដ្ឋាភិបាលឥណ្ឌា បានបង្ហាញពីមោទកភាពលើការបាញ់សាកល្បងមីស៊ីលបាលីស្ទីក Agni-5 ដែលត្រូវបានអភិវឌ្ឍជាមួយបច្ចេកវិទ្យាដ៏ខ្លាំង ជាលើកដំបូង។ មីស៊ីលអាចបំពាក់គ្រាប់នុយក្លេអ៊ែរបាននេះ ត្រូវបានអភិវឌ្ឍដោយអង្គការអភិវឌ្ឍន៍ និងស្រាវជ្រាវវិស័យការពារជាតិឥណ្ឌា។ 
 
ជាមីស៊ីលអភិវឌ្ឍនៅក្នុងស្រុក Agni-5ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា Multiple Independently Targetable Re-entry Vehicle។ បច្ចេកវិទ្យាប្រភេទនេះ អាចបំបែក ទម្លាក់ក្បាលគ្រាប់ និងវាយប្រហារគោលដៅផ្សេងៗគ្នាក្នុងពេលតែមួយ។
 
ជាការពិត ឥណ្ឌាខិតខំអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយរបស់ខ្លួនតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្លេះ។ នៅឆ្នាំ២០២១ ឥណ្ឌាសាកល្បងតេស្តមីស៊ីល Agni-5 ជាលើកដំបូងរបស់ខ្លួន និងមានរយៈចម្ងាយ ៥០០០គីឡូម៉ែត្រ។ មីស៊ីលមួយនេះ អាចវាយប្រហារនៅគ្រប់កន្លែងក្នុងដែនដីចិន ដែលកំពុងមានទំនាស់ព្រំដែនជាមួយគ្នាស្រាប់។ 
 
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh ឥណ្ឌាក្លាយជាសមាជិកនៃក្រុមប្រទេសដែលមានបច្ចេកវិទ្យាMIRVនេះ។ ប្រទេសដែលមានបចេ្ចកវិទ្យាដ៏ទំនើបខាងលើមានតែ អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាម៉េរិក។ 
 
មិនអាចប្រកែកបានឡើយ ឥណ្ឌាបានអភិវឌ្ឍន៍មីស៊ីលទាំងនេះ ក្នុងគោលបំណងការពារសុវត្តិភាព និងសន្តិសុខសង្គម ខណៈខ្លួនមានជម្លោះជាមួយប្រទេសជិតខាង និងភាពមិនប្រាកដប្រជាលើពិភពលោក។ 
 
ដ្បិតមានជម្លោះជាមួយប៉ាគីស្ថាន ឥណ្ឌាបានអភិវឌ្ឍមីស៊ីល Agni-1 និង Agni-2 ឡើង ដែលអាចមានសមត្ថភាពវាយប្រហារគ្រប់កន្លែងលើដែនដីប្រទេសជិតខាងមួយនេះ។ ចំណែក Agni 5 គឺត្រូវបានអ្នកជំនាញមើលឃើញថា ឥណ្ឌាផ្តោតលើចិន។ 
 
កាលពីប៉ុន្មានថ្ងៃមុន ឥណ្ឌាប្រកាសផែនការសង់មូលដ្ឋានទ័ពជើងទឹកនៅឆ្នេរសមុទ្រភាគនិរតី ជិតកោះម៉ាល់ឌីវ ខណៈពេលដែលម៉ាល់ឌីវ ចាប់ផ្តើមបង្កើនទំនាក់ទំនងជាមួយចិន ដែលជាប្រទេសមួយមានទំនាក់ទំនងមិនសូវល្អជាមួយឥណ្ឌា។ លើសពីនេះ មេទ័ពអាកាស Vivek Ram Chaudhari បានប្រកាសថា កងទ័ពអាកាសឥណ្ឌា បានផលិតគ្រឿងបន្លាស់ជាង 60000 ក្នុងរយៈពេលពីរទៅបីឆ្នាំចុងក្រោយនេះ ដើម្បីការពារសុវត្តិភាពកងទ័ពផ្លូវអាកាស។
 
គណៈកម្មាធិការខុទ្ទកាល័យសន្តិសុខ បានឯកភាពសំណើរសម្រាប់ឧទ្ធម្ភាគចក្រ Advanced Light Helicopter (ALH) Dhruv ចំនួន ៣៤ គ្រឿង ដែលក្នុងនោះ ៩ គ្រឿងនឹងត្រូវដាក់បញ្ចូលក្នុងកងឆ្មាំឆ្នេរសមុទ្រឥណ្ឌា ហើយ២៥ គ្រឿងនឹងទៅកងទ័ពឥណ្ឌា៕

Tag:
 ឥណ្ឌា នុយក្លេអ៊ែរ មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com