RFI
អន្តរជាតិ
SIPRI៖ ការនាំចូល​អាវុធ​នៅអឺរ៉ុប បាន​កើនឡើង​ទ្វេដង ក្នុង​រវាង​៥ឆ្នាំ​ចុងក្រោយ
12, Mar 2024 , 7:39 pm        
រូបភាព
រូបថតគេហទំព័រ ​វិទ្យាស្ថាន​អន្តរជាតិស្រាវជ្រាវដើម្បីសន្តិភាព Sipri ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ © RFI
រូបថតគេហទំព័រ ​វិទ្យាស្ថាន​អន្តរជាតិស្រាវជ្រាវដើម្បីសន្តិភាព Sipri ដែលមានទីតាំងនៅក្រុងស្តុកខូលម៍ © RFI
ដោយ៖ម៉ម ពិសី /RFI ខេមរភាសា
 
បណ្តាប្រទេសនៅអឺរ៉ុប បាននាំ​ចូល​អាវុធចំនួន​សឹងតែទ្វេដង ក្នុងរយៈពេល​៥ឆ្នាំចុងក្រោយនេះ។ នេះបើផ្អែកតាម​របាយការណ៍​ថ្មីមួយ ចេញផ្សាយ​នៅថ្ងៃចន្ទ ទី​១១មីនា របស់​វិទ្យាស្ថាន​អន្តរជាតិស្រាវជ្រាវ​​សន្តិភាព​ ហៅកាត់ថា Sipri។ យោងតាមរបាយការណ៍នេះ ចំនួនអាវុធនាំចូល​អឺរ៉ុបកើនឡើងខ្លាំងបែបនេះ គឺមួយផ្នែកធំដោយសារតែសង្រ្គាម​​នៅ​អ៊ុយក្រែន​។

 
ក្នុងរយៈពេល ពីឆ្នាំ​២០១៩ ដល់២០២៣ ការនាំចូលអាវុធនៅ​ក្នុងអឺរ៉ុប បាន​កើនឡើងចំនួន​៩៤% បើប្រៀបធៀបទៅ​រយៈពេល៥ឆ្នាំមុន​។ អ៊ុយក្រែន បានក្លាយ​ជាអ្នកនាំអាវុធចូល ធំជាងគេ​លំដាប់​ទី៤នៃពិភពលោក។ រីឯបារាំង បានក្លាយជាអ្នកនាំចេញអាវុធ ធំជាងគេលំដាប់ទី​២ បន្ទាប់ពីសហរដ្ឋអាមេរិក​ ជំនួសកន្លែងរបស់រុស្ស៊ី ដែលការនាំចេញ​អាវុធបានធ្លាក់ចុះ​។
 
លោកស្រី Katarina Djokic អ្នកស្រាវជ្រា​វម្នាក់នៅវិទ្យាស្ថាន Sipri បាន​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា​​ ទំហំនៃការនាំចូលអាវុធនៅអឺរ៉ុបបាន​កើនឡើងខ្លាំងសឹងទ្វេដងនេះ គឺមួយផ្នែកធំ ដោយសារ​តែ​សង្រ្គាម​នៅអ៊ុយក្រែន​។ គិតចាប់ពីខែ​កុម្ភៈ ឆ្នាំ​២០២២មក យ៉ាងហោចណាស់ ប្រទេសចំនួន​៣០ ដែលបាន​ផ្តល់ជំនួយយោធា ទៅឲ្យ​អ៊ុយក្រែន​។
 
តែទន្ទឹមគ្នានេះ​ យោងតាមរបាយការណ៍របស់​ Sipri ប្រទេសអឺរ៉ុបខ្លះទៀត ក៏បាន​បន្ថែមការនាំចូលអាវុធមកកាន់​ប្រទេសគេដែរ ដែលមួយផ្នែកធំ គឺនាំចូលមកពីអាមេរិក​។ រវាងពី​២០១៩ដល់២០២៤ ៥៥%នៃអាវុធនាំចូល​មក​អឺរ៉ុប គឺនាំមកពី​សហរដ្ឋអាមេរិក​។ ពោលគឺជាទំហំកើនឡើង​ចំនួន ៣៥% បើប្រៀបធៀបទៅរវាង ឆ្នាំ២០១៤-២០១៨។ លោកស្រី Katarina Djokic បានពន្យល់ថាប្រទេសអឺរ៉ុបភាគច្រើនទិញអាវុធរបស់អាមេរិក ដោយសារតែភាគច្រើនពួកគេជាសមាជិករបស់អូតង់ ឬជា​ដៃគូនៅ​ក្នុងកម្មវិធីអភិវឌ្ឍន៍​គ្រឿងសព្វាវុធជាមួយអាមេរិក។ ការសំរុកនាំចូលអាវុធពីអាមេរិកភ្លាមៗនេះ គឺជាលទ្ធផលនៃការភ័យ​បារម្ភ របស់ប្រទេសអឺរ៉ុបបន្ទាប់ពីឃើញ​រុស្ស៊ីធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន​។
 
គួរបញ្ជាក់ថា ក្នុងរវាង​៥ឆ្នាំកន្លងទៅ ការនាំចេញអាវុធរបស់អាមេរិក បានកើនឡើងចំនួន​១៧%។ អាវុធអាមេរិកនាំចេញទូទាំងពិភពលោកមានទំហំ ៤២%។ រុស្ស៊ីដែលតែងតែ​ស្ថិតនៅលេខរៀងទី​២ ​បន្ទាប់ពីអាមេរិក បានរបូតតំណែងខ្លួន នៅលើកនេះ បន្ទាប់​ពី​ការនាំចេញអាវុធបានធ្លាក់ចុះ​ដល់ទៅ​៥៣% រវាងពីឆ្នាំ​២០១៤ដល់២០២៣។ ការនាំចេញរបស់រុស្ស៊ីបានធ្លាក់ចុះ មួយផ្នែកដោយសាររុស្ស៊ីត្រូវការប្រើប្រាស់ខ្លួនឯងក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយមួយផ្នែកទៀត ដោយសារចិនដែលធ្លាប់តែជាអ្នកទិញអាវុធពីរុស្ស៊ីច្រើនជាងគេនោះ បានងាកទៅ​ផ្តល់អាទិភាព​ដល់​ការផលិតដោយ​ខ្លួនឯង។ យ៉ាងណាក៏ដោយ ក្នុងចំណោមទំហំនាំចេញអាវុធរបស់រុស្ស៊ី គឺលក់ឲ្យចិន​ប្រមាណ​២១% និង​ទៅឥណ្ឌា ប្រមាណ​៣៤%។
 
ផ្អែកតាមការវិភាគរបស់​អ្នកជំនាញ Sipri ទំហំនាំចេញ​របស់​រុស្ស៊ីបានធ្លាក់ចុះ បានធ្វើឲ្យ​កើននៅខាងបារាំងវិញ។ ៥ឆ្នាំកន្លងមកនេះ ការនាំចេញអាវុធរបស់បារាំងបានកើនឡើង ៤៧% ធ្វើឲ្យ​បារាំងក្លាយជា​ប្រទេសនាំចេញគ្រឿងសព្វាវុធធំជាង​គេលំដាប់ទី​២​។ ផលិតផលសព្វាវុធបារាំង ដែលគេពេញនិយមបំផុត គឺយន្តហោះចម្បាំង​Rafale៕

© រក្សាសិទ្ធិដោយ thmeythmey.com