កីឡាអន្តរជាតិ
អន្តរជាតិ
អនុប្រធាន​FFC ថា បើចង់ឱ្យបាល់ទាត់កម្ពុជាខ្លាំង ទាល់តែអនុវត្តតាមយុទ្ធសាស្ត្រ ១២ចំណុច
13, Mar 2024 , 8:59 pm        
រូបភាព
លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បាននិយាយថា បើចង់ឱ្យវិស័យបាល់ទាត់កម្ពុជាខ្លាំងទៅបាន ទាល់តែសហព័ន្ធមានការអនុវត្តទៅតាមយុទ្ធសាស្ត្រ ១២ចំណុច ស្ថិតក្នុងគម្រោងអភិវឌ្ឍបាល់ទាត់កម្ពុជាឆ្នាំ ២០២៤។



ការអនុវត្តទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍបាល់ទាត់ជាតិរបស់ FFC ទាំង ១២ចំណុច ត្រូវបានលើកឡើងដោយប្រធានសហព័ន្ធបាល់ទាត់អាស៊ាន (AFF) រួមមាន៖ ការអភិវឌ្ឍផ្នែករដ្ឋបាល និងគ្រប់គ្រង, ហេដ្ឋារចនាសម្ព័ន្ធកីឡា, ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ, ការអភិវឌ្ឍសមាគមបាល់ទាត់រាជធានីខេត្តទាំង ២៥, ក្លិបបាល់ទាត់ជាសមាជិក, ក្រុមជម្រើសជាតិបុរស-នាទី, ក្រុមថ្នាល់ និងយុវជន, ការបណ្តុះបណ្តាលគ្រូបង្វឹកបុរស-នារី, អាជ្ញាកណ្តាលបុរស-នារី, បាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់, ផ្នែកវិទ្យាសាស្ត្រកីឡា​ និងចំណុចចុងក្រោយទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ។
 
អនុប្រធាន FFC បានថ្លែងដូច្នេះថា៖«សុរបសេចក្តីមក​! បើចង់ឱ្យបាល់ទាត់ជម្រើសជាតិនៃប្រទេសមួយខ្លាំង (កម្ពុជា) ចំណុចអទិភាពទាំង ១២ ខាងលើ គួរតែត្រូវបានអនុវត្តឱ្យបានល្អប្រសើរទាំងបរិមាណ និងគុណភាពព្រមៗគ្នា។»។



នាកិច្ចប្រជុំមហាសន្និបាត FFC លើកទី៨ នាសណ្ឋាគា Hyatt Recency ថ្ងៃទី១៣ ខែមីនា សហព័ន្ធក៏បានបង្ហាញពីប្រាក់ចំណូល និងចំណាយ សម្រាប់អភិវឌ្ឍបាល់ទាត់កម្ពុជា អំឡុងឆ្នាំ ២០២៣ និងថែមទាំងបង្ហាញពីគម្រោងចំណាយសម្រាប់ឆ្នាំ ២០២៤។ ចំណូល និងចំណាយក្នុងឆ្នាំ ២០២៤ របស់សហព័ន្ធ បានថយចុះមកនៅត្រឹមជាង ៣,៨លានដុល្លារ បើធៀបឆ្នាំ ២០២៣ មានចំនួនជាង ៥,៤លានដុល្លារ។
 
កិច្ចប្រជុំមហាសន្និបាតដ៏ធំប្រចាំឆ្នាំរបស់ FFC ដដែល ក៏បានប្រកាសអំពីសមាជិកជាប់ឆ្នោត ក្នុងនាមជាគណៈកម្មាធិការប្រតិបត្តិ FFC អាណត្តិពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥ រួមមានលោក ប៉ុន សុខ និងលោក ហ៊ុន សាមុត។
 
គួរបញ្ជាក់បន្ថែមថា ក្លិបបាល់ទាត់ឡាយហ្វរ ខេត្តព្រះសីហនុ (Life Football club) ដែលកំពុងប្រកបអាជីពនៅក្នុងលីគលំដាប់ទីពីរកម្ពុជា (Cambodian Premier League 2) ក៏ត្រូវបានកិច្ចប្រជុំសន្និបាត ប្រកាសទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធ FFC។ ការប្រកាសទទួលស្គាល់ធ្វើឡើងក្រោយពេល ក្លិបមួយនេះ ទទួលបានសំឡេងគាំទ្រ ៣៦សំឡេង ពីកិច្ចប្រជុំ៕
 






Tag:
 FFC
  ខៀវ សាម៉េត
© រក្សាសិទ្ធិដោយ thmeythmey.com