ជាតិ
ស្រះទឹកទាំងពីរ របស់ប្រាសាទបាយ័ន នឹងមានរូបរាងតាមទម្រង់បុរាណពីដើម ឡើងវិញ
16, Mar 2024 , 4:39 pm        
រូបភាព
សៀមរាប៖ ព្រះបាទជ័យវរ្ម័នទី៧ ក្រោយពេលឡើងសោយរាជ្យភ្លាម ព្រះអង្គ បានគិតគូររៀបចំប្លង់រាជធានីអង្គរធំ ដោយមិនប្ដូររាជធានីទៅតំបន់ផ្សេងនោះទេ។ ព្រះបាទជ័យវរ្ម័នទី៧ បានសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើន។ នៅចំចំណុចផ្ចិតរាជធានី ព្រះបាទជ័យវរ្ម័នទី៧ បានសង់ប្រាសាទបាយ័ន។



 

ប្រាសាទបាយ័ន មានទម្រង់ជាប្រាសាទភ្នំ ដែលបង្ហាញពីស្ថាបត្យកម្មចម្លែកថ្មីមួយ ពីប្រាសាទនានា។ ប្រាសាទបាយ័ន មានប្រាង្គចំនួន ៥៤ ដែលប្រាង្គនីមួយៗ មានរូបចម្លាក់ព្រហ្មមុខ៤ ដែលអ្នកស្រុកអង្គរហៅថា ព្រហ្មបាយ័ន។ ស្នាមញញឹម នៃមុខរូបចម្លាក់ព្រហ្មមុខ៤នេះ ជាការបង្កើតថ្មីក្នុងវិស័យសិល្បៈ និងស្ថាបត្យកម្ម នាសម័យអង្គរ ដែលមិនមានពីមុនមក។ 
 
លោក គឹម សុធិន អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អ្នកជំនាញបុរាណវិទ្យា កំពុងធ្វើកំណាយស្រះទឹកទាំងពីរនៅប្រាសាទបាយ័ន ដើម្បីពិនិត្យ និងរករូបរាង្គដើមរបស់ស្រះទឹក។ ស្រះទឹកទាំងពីរនេះ ត្រូវបានគេចាក់ដីលុបបន្ថែមនាសម័យកណ្ដាល។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងពិចារណាពីការរៀបចំស្រះទឹកទាំងពីរឱ្យតាមដំណើរការតាមទម្រង់ដើមឡើងវិញ។ 
 
«ការធ្វើកំណាយស្រះទឹកនេះ បានចាប់ផ្ដើមតាំងពីមុន (២០២៣) ប៉ុន្តែបានផ្អាកនារដូវវស្សា។ យើងកំពុងធ្វើកំណាយឱ្យបានលឿន ដើម្បីអាចដាក់ទឹកចូលស្រះទឺកនេះវិញបាន»។ នេះជាការបញ្ជាក់របស់លោក គឹម សុធិន។ 
 
ដើម្បីធ្វើកំណាយបាន អ្នកជំនាញត្រូវយកថ្មជាច្រើន ដែលបារាំងបានដាក់ចូលក្នុងស្រះទឹក នាពេលជួយសង្រ្គោះប្រាសាទបាយ័ន ដោយអ្នកជំនាញជនជាតិបារាំង។ អ្នកជំនាញ ត្រូវសិក្សាអំពីថ្មទាំងនោះផងដែរ ដើម្បីដឹងពីប្រភពនៃថ្មមួយដុំៗ ដែលបារាំងបានយកចេញពីប្រាសាទបាយ័ន។ 
 
«ថ្មទាំងអស់ ដែលយើងរើទៅ មានថ្មដំបូលប្រាសាទ និងថ្មរូបចម្លាក់ផ្សេងៗ។ យើង​ ត្រូវផ្គុំថ្មទាំងនោះ ដើម្បីអាចដឹងពីប្រភពរបស់វា។ យើង ក៏ឃើញថ្មមុខព្រហ្មបាយ័នផងដែរ»។ លោក គឹម សុធិន រៀបរាប់ដូច្នេះ។
 
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រះទឹកបុរាណទាំងពីររបស់ប្រាសាទបាយ័ន ក្នុងបំណងឱ្យស្រះទឹកនេះ ដំណើរការដូចកាលពីបុរាណឡើងវិញ។ អាជ្ញាធរជាតិអប្សរា អាចបញ្ចូលទឹកតាមប្រព័ន្ធទឹកបុរាណ ដែលអ្នកជំនាញ ធ្វើកំណាយឃើញដានបុរាណ ប៉ុន្តែអ្នកជំនាញផ្នែកទឹក នៃអាជ្ញាធរជាតិអប្សរា នឹងសិក្សាបន្តទៀត។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ចង់ពន្លឿនការធ្វើកំណាយឱ្យបានរួចរាល់មុនរដូវវស្សាចូលមកដល់៕ 

Tag:
 ស្រះទឹកប្រាសាទបាយ័ន
  កំណាយ
  ប្រាសាទបាយ័ន
  គឹម សុធិន
  អប្សរា
© រក្សាសិទ្ធិដោយ thmeythmey.com