កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ សំបុត្រជំនួប ឥណ្ឌូណេស៊ី-វៀតណាម តម្លៃពី៧ទៅ៤៧ដុល្លារ លក់អស់
21, Mar 2024 , 10:59 am        
រូបភាព
សំបុត្រ ទស្សនាការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២៦ រវាងឥណ្ឌូណេស៊ី និងវៀតណាម ដែលធ្វើនៅកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា លក់អស់គ្មានសល់។ តម្លៃសំបុត្រក្នុងជំនួបនេះ មានចន្លោះពី ៧ ទៅ៤៧ដុល្លារ។



សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានប្រកាសពីការលក់សំបុត្រចំនួន ៤៨,០០០ សន្លឹកអស់ ក្នុងចំណោមកៅអីសរុបទាំង ៧៧,០០០ កៅអី។ កៅអីចំនួប ២៣,០០០ ផ្សេងទៀតត្រូវរក្សាទុកសម្រាប់ភ្ញៀវ និងអ្នកឧបត្ថម្ភ និង ៦ពាន់កៅអី សម្រាប់ទស្សនិកជនរបស់ក្រុមភ្ញៀវវៀតណាម។ ការបែងចែកចំនួនកៅអីនេះ ធ្វើឡើងស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
 
PSSI បញ្ជាក់ថា សំបុត្រនេះលក់អស់តាំងពីថ្ងៃទី១៩ ខែមីនា ពោលគឺ២ថ្ងៃ មុនការប្រកួតជើងទី១ ពូល F រវាងម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងវៀតណាម ដែលធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Karno ថ្ងៃទី២១ ខែមីនា វេលាម៉ោង ៨:៣០នាទីយប់ [ម៉ោងនៅកម្ពុជា]។
 
សំបុត្រ ដែលបើកលក់ចាប់ពីថ្ងៃទី៧ ខែមីនា មាន៤តម្លៃផ្សេងគ្នា ក្នុងនោះថោកបំផុត ៧ដុល្លារ ១៤ដុល្លារ ២៨ដុល្លារ និង ៤៧ដុល្លារ ដែលជាតម្លៃសំបុត្រថ្លៃជាងគេ សម្រាប់ជំនួបជើងទាំង១ រវាងក្រុមទាំងពីរ។
 
លោក Erick Thohir ប្រធាន PSSI ចាត់ទុកការគាំទ្ររបស់អ្នកគាំទ្រមានសារៈសំខាន់ណាស់ ក្នុងការចូលរួមកសាងក្រុមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ឱ្យទៅជាក្រុមដ៏រឹងមាំមួយក្នុងតំបន់។
ឥណ្ឌូណេស៊ី នឹងត្រឡប់ទៅទឹកដីវៀតណាមវិញ នៅថ្ងៃទី២៦ ខែមីនា សម្រាប់ជំនួបជើងទី២ វគ្គជម្រុះពានរង្វាន់កីឡាបាល់ទាត់ពិភពលោកជុំទី២ តំបន់អាស៊ី។ បើតាមការផ្សាយរបស់កាសែត VnExpress វៀតណាមដាក់លក់សំបុត្រសម្រាប់ជើងទី២ ក្នុងតម្លៃទាបបំផុត៨ដុល្លារ និងថ្លៃបំផុត២៤ដុល្លារ។
 
ឆ្លងកាត់ការប្រកួត២លើកដូចគ្នា ឥណ្ឌូណេស៊ីស្ថិតនៅបាតតារាងមាន១ពិន្ទុ ស្មើក្រុមលេខ៣ ហ្វីលីពីន ខណៈ វៀតណាម មាន៣ពិន្ទុ ឈរលេខ២បណ្តោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាងអ៊ីរ៉ាក់ ដែលមាន៦ពិន្ទុពេញ។ ក្នុងពូល B នេះ អ៊ីរ៉ាក់ ត្រូវទទួលហ្វីលីពីននៅថ្ងៃទី២១ ខែមីនា ដូចគ្នា មុនត្រឡប់ទៅហ្វីលីពីនវិញសម្រាប់ជំនួបជើងទី២ នៅថ្ងៃទី២៦ ខែមីនា៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com