ជាតិ
គ្រួសារមួយនៅ​ត្បូងឃ្មុំយក​គ្រាប់បែកទៅបិទរន្ធ​កណ្តុរជាង​៣០​ឆ្នាំ, ស៊ីម៉ាក់​ដោះ​ចេញហើយ
21, Mar 2024 , 2:39 pm        
រូបភាព
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដោះគ្រាប់បែកមួយទម្ងន់២គីឡូក្រាមដែលពលរដ្ឋនៅខេត្តត្បូងឃ្មុំយកបិទរន្ធកណ្ដុរអស់រយៈពេលជាង៣0ឆ្នាំ  ។ នេះបើតាមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។



លោក ហេង រតនា បានលើកឡើងថា គ្រួសារមួយនៅភូមិចំការគឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានយកគ្រាប់បែកដោតនៅបំពង់ទុយោជាប់ជញ្ជាំងដើម្បីទប់រន្ធមិនឱ្យកណ្ដុរចូលផ្ទះអស់រយៈពេលជាង៣0ឆ្នាំមកហើយ។ គ្រាប់បែកនេះ ត្រូវបានក្រុមស៊ីម៉ាក់ដោះបានដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែមីនា។​
  


លោក ហេង រតនា  បានរៀបរាប់ដូច្នេះ៖ «ក្នុងឆ្នាំ១៩៩៤-១៩៩៥ប្ដីរបស់គាត់បានឃើញសត្វកណ្តុររត់ចេញចូលតាមបំពង់ទីបនោះញឹកញាប់ពេកគាត់ក៏យកគ្រាប់នោះទៅចុកខ្ទប់បំពង់ទីប
ដើម្បីកុំឱ្យសត្វកណ្តុរចេញចូលតាមបំពង់ទីបនោះតទៅទៀត។ ប៉ុន្មានឆ្នាំក្រោយមកប្តីរបស់គាត់បានស្លាប់បាត់ទៅ ហើយគ្រាប់នេះក៏នៅជាប់បំពង់ទីបរហូតមកដល់បច្ចុប្បន្ននេះ»។ 
 
គ្រាប់បែកដែលទប់រន្ធកណ្ដុរនេះ ជាគ្រាប់ត្បាល់ទំហំ៦០មីលីម៉ែត្រ ទម្ងន់ ២ ០០០ក្រាម ​ប្រភេទគ្រាប់ផ្សែងWPផលិតនៅអាម៉េរិក ប្រវែង​២៧០សង់ទីម៉ែត្រ ​មានសារធាតុផ្ទុះWP352ក្រាម ៕ 





Tag:
 គ្រាប់បែក
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com