ជាតិ
អាជ្ញាធរអប្សរា៖ ការធ្វើរបងជុំវិញសួនរុក្ខជាតិអង្គរ ដើម្បីព្រលែងសត្វ មិនមានការជួលដីឱ្យ​ឯកជនទេ
21, Mar 2024 , 6:19 pm        
រូបភាព
សកម្មភាពធ្វើរបងជុំវិញសួនរុក្ខជាតិអង្គរ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សកម្មភាពធ្វើរបងជុំវិញសួនរុក្ខជាតិអង្គរ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ មន្រ្តីអាជ្ញាធរជាតិអប្សរាបានច្រានចោលព័ត៌មានដែលចោទថា ការហ៊ុំរបងជុំវិញ​សួនរុក្ខជាតិអង្គរ គឺធ្វើឡើងដោយក្រុមហ៊ុនឯកជនដែលទទួលសិទ្ធិវិនិយោគតំបន់អង្គរ។ ​លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា  ការធ្វើរបងជុំវិញសួនរុក្ខជាតិអង្គរនេះ ដើម្បីព្រលែងសត្វ។​

 
 បើតាមអនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា រូបនេះ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកខ្លាំងក្នុងការដាំរបងព័ទ្ធជុំវិញ សួនរុក្ខជាតិអង្គរ។ លោកបាននិយាយថា សួននេះកំពុងត្រូវបានពង្រីកពីទំហំ១៥ហិកតា ទៅ១៥០ហិកតា ដោយក្នុងនោះអាជ្ញាធរអប្ សរាមានបំណងព្រលែងសត្វព្រៃសម្បូរបែប ដែលបានផ្សុំា​ច្រើនខែមកហើយ ឱ្យមានជីវិតបែបធម្មជាតិនៃសត្វនីមួយៗ។ 
 
ក្រៅពីនេះ ការធ្វើរបងនេះ ក៏ដើម្បីការពារព្រៃឈើ និងរៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តផងដែរ។ លោក ឡៃ ប៉ូទី បន្តនិយាយយ៉ាងដូច្នេះ៖ «   «នៅក្នុងគម្រោងពង្រីកផ្ទៃដីសួនរុក្ខជាតិអង្គរនេះ គឺអាជ្ញាធរជាតិអប្សរា បានដាំបង្គោលស៊ីម៉ង់ត៍ និងព័ទ្ធលួសសំណាញ់ប្រវែង៥៤៦៨ម៉ែត្រ ជុំវិញព្រៃចាប់ពីសួនរុក្ខជាតិអង្គរ រហូតទៅដល់​កសិន្ធុអង្គរ​​ភាគខាងត្បូង»។ 
 
គម្រោងពង្រីកសួនរុក្ខជាតិអង្គរ
ការលើកឡើងរបស់មន្រ្តីអាជ្ញាធរជាតិអប្សរានៅពេលនេះ ធ្វើឡើហបន្ទាប់ពីមានការបង្ហោះវីដេអូក្នុងបណ្ដាញសង្គមក្នុងអត្ថន័យថា​  មានបុគ្គលិកក្រុមហ៊ុនឯកជន កំពុងធ្វើរបងព័ទ្ធដីអភិវឌ្ឍន៍ជុំវិញសួនរុក្ខជាតិអង្គរ។ បើតាមលោក ប៉ូទី ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមកន្លមក ទំនងអ្នកទាំងនោះឃើញបុគ្គលិកក្រុមហ៊ុនម៉ៅការធ្វើរបងសួន ទើបជាយល់ច្រឡំថា ដីទាំងនោះជាកម្មសិទ្ធិឯកជន។ 
 
លោក ប៉ូទី បានបញ្ជាក់សារជាថ្មី នារសៀលថ្ងៃទី២១មីនានេះ ថា ៖ «ដីក្នុងតំបន់អង្គរ ជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មិនមានការជួលឱ្យនរណាឡើយ»។  
ជាមួយគ្នានេះ មន្រ្តីដដែលក៏បានសំណូមពរដល់សាធារណជន មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ ត្រូវដឹងរឿងនោះឱ្យច្បាស់សិន ជៀសវាងការយល់ច្រឡំណាមួយ៕

Tag:
 សួនរុក្ខជាតិអង្គរ
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com