ជាតិ
វីដេអូ
វត្តមានទេសចរ ផ្ដល់ការងារ និងចំណូលដល់មនុស្សចាស់ក្នុងសហគមន៍រទេះក្របី
24, Mar 2024 , 7:59 am        
រូបភាព
សៀមរាប៖ សហគមន៍រទេះក្របី ជាសេវាកម្មទេសចរណ៍មួយកន្លែង ដែលភ្ញៀវ អាចមកជិះរទេះក្របី ផ្តិតយករូបភាពស្រែចម្ការ និងជីវភាពរស់នៅក្នុងសហគមន៍។​ វត្តមានភ្ញៀវទេសចរ បានផ្ដល់ការងារ និងប្រាក់ចំណូលប្រចាំខែដល់ពលរដ្ឋចាស់ៗ និងពលរដ្ឋមួយចំនួនទៀត។ ជាអ្នករៀបចំអាហារ អ្នកស្រី ជា សុគន្ធា លើកឡើងថា សហគមន៍នេះ បានផ្តល់ឱកាសសម្រាប់មនុស្សចាស់ដូចជាអ្នកស្រ្តី រកចំណូល។ ស្រ្តីវ័យ៥៦ឆ្នាំរូបនេះ សប្បាយចិត្តពេលឃើញទេសចរ មកលេងច្រើន ព្រោះប្រជាសហគមន៍នឹងមានការងារធ្វើច្រើនដូចគ្នា។

សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 
អ្នកស្រី ជា សុគន្ធា គឺជាអ្នករៀបចំម្ហូបអាហារ នៅក្នុងសហគមន៍រទេះក្របី ស្ថិតនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប។ គិតមកទល់ពេលនេះ គឺមានរយៈពេល ១០ឆ្នាំហើយ ពោលគឺចាប់តាំងពីសហគមន៍ដំណើរដំបូង ក្នុងឆ្នាំ២០១៤។ ជាការងារមួយ សម្រាប់មនុស្សចាស់ដូចអ្នកស្រី សុគន្ធា អាចរកប្រាក់ ដែលអាចជួយសម្រួលជីវភាពមួយផ្នែក។ 
 
ស្រ្តីដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់រូបនេះ លើកឡើងថា សហគមន៍រទេះក្របី ជាកន្លែងល្អសម្រាប់មនុស្សចាស់ដូចជា អ្នកស្រី អាចបញ្ចេញកម្លាំងរកប្រាក់តាមរយៈ ការចម្អិននំអន្សម ចិតផ្លែឈើ និងធ្វើម្ហូប ទទួលទេសចរ ដែលជិះរទេះក្របី។ អ្នកស្រី សុគន្ធា បន្តថា ការងារនេះ អ្នកស្រីចាប់ផ្តើមពីម៉ោង ៧ព្រឹក ដល់ម៉ោង៥ល្ងាច។ រាល់ពេលមានភ្ញៀវច្រើន ក្នុងនាមជាអ្នករៀបចំអាហារ រៀងហត់បន្តិចមែន ប៉ុន្តែក៏សប្បាយចិត្តព្រោះ ឃើញទេសចរ មកកម្សាន្តក្នុងសហគមន៍ខ្លួនច្រើន។ 
 
អ្នកស្រី ជា សុគន្ធា បន្ថែមដូច្នេះថា៖ «ភ្ញៀវដែលមកច្រើន គឺជនជាតិកូរ៉េ ចំណែកជនជាតិខ្មែរមកដែរ ប៉ុន្តែមិនច្រើនដូចបរទេស។ នៅពេលមានភ្ញៀវមកច្រើន សហគមន៍ទទួលបានចំណូលតាមហ្នឹង។ ប្រសិនបើមិនមានភ្ញៀវមក ពួកខ្ញុំក៏អត់មានចំណូលដែរ។» 
 
រទេះក្របី ជាសេវាកម្មទេសចរណ៍របស់សហគមន៍រទេះក្របី ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ សង្កាត់ទឹកវិល ក្នុងក្រុងសៀមរាប។ សហគមន៍នេះ បានផ្ដល់ការងារ និងប្រាក់ចំណូលប្រចាំខែដល់ពលរដ្ឋចាស់ៗដែលជាអ្នកចិញ្ចឹមក្របីនៅក្នុងភូមិប្រមាណ១០គ្រួសារ និងចរន្តទេសចរណ៍ផ្សេងៗដល់ពលរដ្ឋនៅតំបន់នោះផងដែរ។ ចំពោះតម្លៃសម្រាប់ភ្ញៀវជាតិ៤ដុល្លារក្នុងមួយនាក់ និងបរទេស២០ដុល្លារក្នុងមួយនាក់ ដែលអាចជិះរទេសក្របីគយគន់សម្រស់ធម្មជាតិបែបជនបទចន្លោះពី២៥-៣០នាទី៕
 

Tag:
 ThmeyThmey
  សៀមរាប
 ទេសចរណ៍
 រទេះក្របី
© រក្សាសិទ្ធិដោយ thmeythmey.com