ជាតិ
ក្រសួងការងារ ឱ្យកម្មករ R.G ទៅបើកប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ នៅចុងខែមីនា
24, Mar 2024 , 10:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ឱ្យកម្មកររោងចក្រស្បែកជើង R.G FOOTWEAR (CAMBODIA) CO.,LTD ដែលរងការឆេះ កាលពីថ្ងៃទី១៨មីនា ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ដោយសារនិយោជកពុំមានលទ្ធភាពបន្តដំណើរការទៀត ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញថ្ងៃទី២៤មីនា។

 
ក្រសួងការងារបានជួបពិភាក្សាជាមួយតំណាងរោងចក្រស្បែកជើង R.G កាលពីថ្ងៃទី២៣ ពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ដល់កម្មករ។ ជាលទ្ធផល ក្រសួងបានអះអាងថា៖ «បើទោះបីរោងចក្រពកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រនឹងផ្ដល់អាទិភាពខិតខំស្វែងរកថវិកាពីប្រភពនានា មកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេង ជូនកម្មករ ស្របទៅតាមច្បាប់ឱ្យបានមុនគេ»។ 
 
រោងចក្រស្បែកជើង R.G ទើបដំណើរការ ក្នុងរយៈពេលខ្លី ហើយកម្មករប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់(FDC)។ ដូច្នេះ កម្មករនឹងទទួលបានប្រាក់សំណង៣ចំណុច រួមមានប្រាក់ឈ្នួលដែលមិនទាន់បើកក្នុងខែចុងក្រោយ, ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ៥ភាគរយ។ នេះជាការបកស្រាយរបស់ក្រសួងការងារ។ 
 
ទន្ទឹមនឹងនេះ ក្រសួងការងារអំពាវនាវឱ្យកម្មករ ទៅបើកប្រាក់ នៅសាលាស្រុកអង្គស្នួល នៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ក្នុងថ្ងៃទី៣០ មីនា។ នៅពេលទៅបើកប្រាក់ ក្រសួងឱ្យកម្មករ យកប័ណ្ណសម្គាល់ខ្លួនជាកម្មករច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារ ឬប័ណ្ណ ប.ស.ស និងអត្តសញ្ញាណប័ណ្ណ។ 
 
ជាមួយគ្នាដែរ ក្រសួងអំពាវនាវឱ្យកម្មករដែលមិនទាន់មានការងារធ្វើ ក្រោយរោងចក្រ R.G ឆេះនេះ ទាក់ទងទៅមជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលប្រចាំការនៅមុខរោងចក្រ ស្បែកជើង R.G និងមុខសាលាស្រុកអង្គស្នួល ដើម្បីដាក់ពាក្យស្វែងរកការងារថ្មី៕ 
 
 
 
 

Tag:
 កម្មករ
  រោងចក្រ
  ប្រាក់ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com