ជាតិ
Quad Fellowship! ឱកាស​ប្រជែងអាហារូបករណ៍ទៅសិក្សា​ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅអាម៉េរិក
26, Mar 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ កម្មវិធីសិក្សាអាហារូបករណ៍ ២០២៤-២០២៥ Quad Fellowship សម្រាប់សិក្សានៅសហរដ្ឋអាម៉េរិក  ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ប្រកាសជូនដំណឹងដល់និស្សិតសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត។ អាហារូបករណ៍នេះ គឺផ្តោតលើមុខជំនាញវិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅវិទ្យាស្ថាន Institute of International Education (IIE)។

 
កម្មវិធីអាហារូបករណ៍ Quad Fellowship  ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងកសាងទំនាក់ទំនងរវាងអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកវិទ្យាជំនាន់ក្រោយ។ អាហារូបករណ៍នេះ ផ្តល់ឱកាសសម្រាប់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដើម្បីសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅសហរដ្ឋអាមេរិក នៅ Institute of International Education (IIE)។ 
 
 ទន្ទឹមនឹងនេះ ក្រសួងអប់រំ ក៏បានប្រកាសអំពីការប្រឡងជ្រើសរើសនិសិ្សត​ ទៅសិក្សានៅសហរដ្ឋអាម៉េរិក ដែលចង់បន្តការសិក្សា លើវិស័យ STEM ផងដែរ។ ចំពោះបេក្ខជន ដែលមានបំណងចង់ដាក់ពាក្យប្រឡង ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ និងជាពលរដ្ឋរស់នៅស្របច្បាប់ក្នុងចំណោមប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និងកំពុងរស់នៅក្នុងប្រទេសទាំង១០ នៅក្នុងអាស៊ាន រួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
 
កាលបរិច្ឆេឈប់ទទួលពាក្យនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ដោយឡែកការប្រកាសលទ្ធផល នឹងធ្វើនៅខែកក្កដា ចំណែកកម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ និងកម្មវិធីអាហារូបករណ៍នឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤។ បេក្ខជន អាចចុះឈ្មោះតាមរយៈលីងតំណភ្ជាប់ http://www.quadfellowship.org/apply ៕
 

Tag:
 ThmeyThmey
 អប់រំ
  អាហារូបករណ៍
 Quad Fellowship
© រក្សាសិទ្ធិដោយ thmeythmey.com