កីឡាជាតិ
ជាតិ
កម្ពុជា បញ្ចប់យុទ្ធនាការ FIFA Series ជាមួយបរាជ័យទាំងពីរប្រកួត
27, Mar 2024 , 9:41 am        
រូបភាព
រូបភាព៖ FFC
រូបភាព៖ FFC
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តចាញ់ក្រុម ហ្គីយ៉ាន ៤-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ FIFA Series ចុងក្រោយក្នុងពូល A នៅរាត្រីថ្ងៃទី២៦ ខែមីនា។ នេះជាបរាជ័យទី២របស់ក្រុមគោព្រៃ បន្ទាប់ពីចាញ់ហ្គីណេអេក្វាទ័រ ២-០ នៅជំនួបដំបូង។



ជំនួបប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ទល់ក្រុមមកពី CONCACAF នៅកីឡដ្ឋាន Prince Abdullah Al-Faisa ក្នុងក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ចប់ក្នុងលទ្ធផល ៤-១ ដោយមួយគ្រាប់របស់កម្ពុជា សម្រេចបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា។ ៤គ្រាប់របស់ ហ្គីយ៉ាន ធ្វើបានដោយ Omari Glasgow ២គ្រាប់ រួមជាមួយ Leo Lovel និង Ryan Khedoo ម្នាក់១គ្រាប់។
 
តាមរយៈលទ្ធផលនេះ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Filix Dalmaz បញ្ចប់យុទ្ធនាការ FIFA Series ជាមួយបរាជ័យទាំងពីរប្រកួត បន្ទាប់ពីជំនួបដំបូងក្រុមរហស្សនាមគោព្រៃចាញ់ក្រុមពីអាហ្វ្រិកហ្គីណេអេក្វាទ័រ ២-០។ ទោះបរាជ័យទាំងពីរប្រកួត ប៉ុន្តែបើមើលលើបច្ចេកទេសរបស់កីឡាករកម្ពុជាហាក់កើនប្រសិទ្ធភាពជាងមុន។
 
៤ក្រុមក្នុងពូល A ក្រៅពីកម្ពុជា ក្រុម៣ផ្សេងទៀតរួមមានកាប់វែរ ហ្គីយ៉ាន ហ្គីណេអេក្វាទ័រ សុទ្ធតែរកបានជ័យជម្នះរៀងខ្លួនត្រឡប់ទៅផ្ទះវិញ។ កាប់វែរ ក្រុមខ្លាំងពីហ្វ្រិក ឈ្នះទាំងពីរប្រកួត ក្នុងនោះឈ្នះហ្គីយ៉ាន ១-០ និង ហ្គីណេអេក្វាទ័រ ១-០ ដូចគ្នា។
 
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្កើតព្រឹត្តិការណ៍ ​FIFA Series ដោយបញ្ចូលក្នុងកាលវិភាគការប្រកួតអន្តរជាតិសម្រាប់ក្រុមបុរស នៅក្នុងខែមីនា ឆ្នាំ ២០២៤ នេះ ដែលជាគម្រោងសាកល្បងនៃគោលដៅយុទ្ធសាស្ត្រការប្រកួតសកល (Strategic Objectives for the Global Game: 2023-2027) ហើយត្រូវបានសម្រេចដោយក្រុមប្រឹក្សា FIFA កាលពីខែធ្នូ ឆ្នាំ ២០២២។ FIFA Series នឹងផ្តល់ឱកាសដល់ក្រុមបាល់ទាត់កម្រិតទាប និងមិនធ្លាប់ជួបគ្នាសោះ អាចប្រកួតគ្នាជាអន្តរទ្វីប៕

Tag:
 FIFA Series
© រក្សាសិទ្ធិដោយ thmeythmey.com