កីឡាជាតិ
ជាតិ
វិសាខា នឹងត្រឡប់ចូលលីគវិញ, លោក កែវ សារ៉េត ថាជាសញ្ញាល្អសម្រាប់បាល់ទាត់ខ្មែរ
27, Mar 2024 , 11:19 am        
រូបភាព
ក្លិបកីឡាបាល់ទាត់វិសាខា នឹងវិលចូលការប្រកួតលីគកំពូលកម្ពុជាខេមបូឌានព្រីមៀរលីគ (Cambodian Premier League) វិញនៅជំនួបសប្តាហ៍ទី២៥ ទល់នឹងក្រុមកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣១ ខែមីនា។ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចាត់ទុកថានេះជាសញ្ជាល្អសម្រាប់លីគ និងវិស័យបាល់ទាត់កម្ពុជា។



ក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃទី៨ ខែមីនា បានប្រកាសដកខ្លួនចេញពីការប្រលីគ CPL ត្រឹមពាក់កណ្តាលរដូវកាល ២០២៣-២៤ និងពានរង្វាន់សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧។ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការក្លិបវិសាខា ប្រាប់មូលហេតុ ដែលធ្វើឱ្យក្លិបឈានដល់ការដកខ្លួនដោយសារបញ្ហាអាជ្ជាកណ្តាលច្រើនលើកច្រើនសាលើទីលាន តែសហព័ន្ធបាល់ទាត់កម្ពុជា (FFC) មិនមានដំណោះស្រាយ បើទោះក្លិបដាក់ពាក្យបណ្ដឹងបន្តបន្ទាប់ក្តី។
 
យ៉ាងណាក៏ដោយ ក្រោយនាយកអាជ្ញាកណ្ដាលរបស់ FFC លោក Karakida Tetsu ចេញមុខបញ្ជាក់ថា បញ្ហាដែលកើតឡើងជាកំហុសអចេតនារបស់អាជ្ញាកណ្ដាល ក្លិបវិសាខា ហាក់បន្ថយការអន់ចិត្ត នឹងបង្ហាញការវិលត្រឡប់ចូលប្រកួតលីគ និងពានសម្ដេចសាជាថ្មី បើមានការសម្របសម្រួលពីសហព័ន្ធ។
 
ជុំវិញការវិលត្រឡប់របស់វិសាខា លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មើលឃើញថានេះជាសញ្ជាល្អសម្រាប់លីគ និងវិស័យបាល់ទាត់ខ្មែរ។ អគ្គលេខាធិការ FFC រូបនេះ ពន្យល់ថា៖«ជាធម្មតានៅក្នុងលីគ នៅពេលមានក្លិបធំដូចជាវិសាខមានផលចំណេញច្រើន ដោយសារពួកគេសម្បូរកីឡាមានគុណភាពទាំងឈុត និងយុវជន ដែលភាពងាយស្រួលក្នុងការជ្រើសរើសចូលជម្រើសជាតិ»។
 
មួយវិញទៀត វិសាខា ជាក្រុមធ្លាប់មានគុណសម្បត្តិ ក្នុងការចូលរួមជាមួយ FFC ដើម្បីជួយរៀបចំកម្មវិធីប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលក្លិបដ៏ទៃមិនអាចធ្វើដូចឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក កែវ សារ៉េត។
 
ទោះវិសាខា ត្រឡប់ ឬមិនត្រឡប់ចូលលីគវិញ ក្លិបនេះត្រូវរងការពិន័យពីគណៈកម្មាការវិន័យរបស់ CPL។ ក្រុមវិសាខា ទាំងឈុត A និងឈុត B នៅលីគទី២ ត្រូវរងពិន័យដូចជា ចាញ់គូប្រជែងទល់ក្រុមដែលខ្លួនបោះបង់ការប្រកួតក្នុងលទ្ធផល ៣-០ ដោយស្វ័យប្រវត្តិ ពិន័យជាប្រាក់៤លានរៀល និងសងការខូចខាតទៅកាន់ក្រុមហ៊ុនរៀបចំ CPL និងក្រុមហ៊ុនឧបត្ថម្ភការប្រកួតជាដើម។
 
ក្លិបវិសាខា តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី២៥ ខែមីនា ក៏បានបង្ហោះពីការចូលរួមប្រកួតលីគកំពូលវិញផងដែរ ក្នុងជំនួបទល់ក្រុមទ័ព សម្រាប់សប្តាហ៍ទី២៥ ដែលធ្វើនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ថ្ងៃទី៣១ ខែមីនា វេលាម៉ោង៦ល្ងាច។
 
ក្រុមដែលដឹកនាំដោយលោក មាស ចាន់ណា ស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាង CPL មាន៣៨ពិន្ទុ ក្រោយឆ្លងកាត់២៤ប្រកួត អស់ឱកាសប្រជែងជើងឯករដូវកាលនេះហើយ ដ្បិតតាមពីក្រោយម្ចាស់ការពារជើងឯកភ្នំពេញក្រោនដែលនៅលេខ២ ចំនួន១៧ពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ដល់ទៅ២៤ពិន្ទុ។ មានតែ ភ្នំពេញក្រោន និង ស្វាយរៀងប៉ុណ្ណោះដែលត្រូវប្រជែងគ្នាដណ្តើមជើងឯកលីគកំពូលរដូវកាល ២០២៣-២៤នេះ៕
 

Tag:
 CPL
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com