ជាតិ
ក្រសួងទេសចរណ៍ ជំរុញឱ្យមានការប្រឡងចម្រៀងបុរាណ កំណាព្យ អាយ៉ៃ ចាប៉ី ក្នុងថ្ងៃ​ចូលឆ្នាំ
27, Mar 2024 , 2:42 pm        
រូបភាព
រូបពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
រូបពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ភ្នំពេញ៖ នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ក្រសួងទេសចរណ៍ជំរុញឱ្យមានការប្រឡង​ចម្រៀងបុរាណ កំណាព្យ អាយ៉ៃ ចាប៉ីនិងការលេងល្បែងប្រជាប្រិយផ្សេងៗ​នៅតាម​មូល​ដ្ឋាន។ ការងារនេះទាមទារឱ្យមានកិច្ចសហការរវាងមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្ត មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡា។ 
 
យោងតាម​សារាចររបស់ក្រសួងទេសចរណ៍ស្ដីពី«ការពង្រឹងគុណភាពផលិតផល និង​សេវា​កម្ម​ទេសចរណ៍នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី» ចេញនៅថ្ងៃទី២៥ មីនាបានណែនាំឱ្យ​មន្ទីរ​ទេសចរណ៍ទាំងអស់ សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរជំនាញ និងដៃគូ​ពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាម​ទំនៀម​ទម្លាប់​ប្រពៃណី។ 
 
គ្រប់មន្ទីរទេសចរណ៍ ត្រូវសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរអប់រំ យុវជន និងកីឡា បំផុសឱ្យមានចលនាប្រឡងចម្រៀងបុរាណ សម័យ កំណាព្យ អាយ៉ៃ ចាប៉ី និងការលេងល្បែងប្រជាប្រិយផ្សេងៗតាមមូលដ្ឋាន និងត្រូវសម្របសម្រួលដល់ការ​សម្ដែងរបាំត្រុដិតាមគោលដៅសំខាន់ៗដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត
និងមូលដ្ឋានអាជីវកម្ម ជាដើម។ ជាមួយគ្នានេះ ត្រូវរៀបចំវត្តទេសចរណ៍គំរូសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ស្វែងយល់ពីប្រវត្តិ និងទំនៀមទម្លាប់នៃការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ
ផងដែរ។ 
  


ចំណែក មន្ទីរទេសចរណ៍រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុត្រូវសហការ​ជាមួយ​អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធរៀបចំឱ្យមានការសម្ដែងឆៃយ៉ាំស្វាគមន៍​ភ្ញៀវ​ទេសចរ និងអ្នកដំណើរនៅតាមអាកាសយានដ្ឋាន។ 
 
ក្នុងសារាចរដដែល ក្រសួងទេសចរណ៍ ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍គ្រប់រាជធានីខេត្តចុះផ្សព្វផ្សាយ​ដល់​អាជីវករ និងប្រតិបត្តិករទេសចរណ៍ពង្រឹងគុណភាពផលិតផល រក្សា​តម្លៃ និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃសេវា ស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវ​សរសេរដាក់ក្នុងតារាងឱ្យបានច្បាស់ដើម្បីជាព័ត៌មានជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាង ការកំណត់ថ្លៃខ្ពស់ហួសហេតុ។
 
ករណីមិនអនុវត្តតាមតារាងតម្លៃដែលបានបិទផ្សាយ ម្ចាស់​អាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕ 

Tag:
 ក្រសួងទេសចរណ៍
  ចូលឆ្នាំខ្មែរ
  កំណាព្យ
  អាយ៉ៃ
  ចាប៉ី
  ល្បែងប្រជាប្រិយឮ
© រក្សាសិទ្ធិដោយ thmeythmey.com