អន្តរជាតិ
ចិនប្តឹងអាម៉េរិកទៅអង្គការពាណិជ្ជកម្មដោយចោទរើសអើងផលិតផលខ្លួន
27, Mar 2024 , 4:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ចិន បានដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក នៅថ្ងៃទី២៦ ខែមីនា ដោយចោទអាម៉េរិករើសអើងរថយន្តអគ្គិសនីរបស់ខ្លួន។ ត្រង់ចំណុចនេះ ចិនបានចាត់ទុកជាការប្រកួតប្រជែងមិនត្រឹមត្រូវ និងបង្អាក់ច្រវាក់ផលិតកម្មសកលលើរថយន្តអគ្គិសនី។

 
ក្រោមច្បាប់កាត់បន្ថយអតិផរណាឆ្នាំ២០២២ របស់រដ្ឋាភិបាលលោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក  ដែលចូលជាធរមាននៅខែមករាកន្លងមក អ្នកទិញរថយន្តអគ្គិសនីមិនមានសិទ្ធិទទួលបានឥណទានពន្ធ (tax credits) ប្រសិនបើសារធាតុរ៉ែសំខាន់ៗ ឬសមាសធាតុថ្មមួយ ត្រូវបានផលិតដោយក្រុមហ៊ុនចិន រុស្ស៊ី កូរ៉េខាងជើង ឬអ៊ីរ៉ង់។ ក្រោមច្បាប់នេះ ឥណទានពន្ធដែលអ្នកទិញរថយន្តអគ្គិសនីទទួលបាន គឺចាប់ពី៣៧៥០ដុល្លារ ទៅ ៧៥០០ដុល្លារ។ 
 
ទោះមិនបានបញ្ជាក់ពីហេតុផលរឹតត្បិតច្បាស់លាស់ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៦ ខែមីនាបានចោទអាម៉េរិក មានគោលនយោបាយឧបត្ថម្ភធនរើសអើងលើក្រុមហ៊ុនអគ្គិសនីខ្លួន ក្រោមច្បាប់កាត់បន្ថយអតិផរណា។ បើតាមក្រសួងពាណិជ្ជកម្មចិន ច្បាប់អាម៉េរិក អាចនឹងបង្ខូចទ្រង់ទ្រាយការប្រកួតប្រជែងដោយយុត្តិធម៌ និងរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក ចំពោះរថយន្តអគ្គិសនី។ 
 
ចំណែកស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក​ ថាគោលនយោបាយនេះគឺ ស្ថិតនៅក្រោមការក្លែងបន្លំនៃការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែជាការពិត វាពាក់ព័ន្ធនឹងការទិញទំនិញនៅអាម៉េរិក ឬនាំចូលពីតំបន់ដទៃ។ ទាក់ទងនឹងបញ្ហានេះ ចិនបានសម្រេចចាប់ផ្តើមនីតិវិធីផ្នែកច្បាប់នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីការពារផលិតប្រយោជន៍ក្រុមហ៊ុនអគ្គិសនីចិន និងការប្រកួតប្រជែងដោយត្រឹមត្រូវ។ 
 
ចិន ជាប្រទេសផលិត និងអ្នកនាំចេញអាគុយសម្រាប់រថយន្តអគ្គិសនី ដ៏លេចធ្លោមួយ។ លើសពីនេះ ចិនមានឧស្សាហកម្មរថយន្តដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតក្នុងពិភពលោក។ ភាពលេចធ្លោរបស់ក្រុមហ៊ុនចិន ក៏ធ្វើឱ្យអាម៉េរិក និងសហភាពអឺរ៉ុប មានការព្រួយបារម្ភយ៉ាងខ្លាំង។ 
 
តាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ទីក្រុងប៉េកាំងបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន កែតម្រូវគោលនយោបាយឧស្សាហកម្មរើសអើងនេះ និងរក្សាស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មសកល និងសម្រាប់រថយន្តអគ្គិសនី។
 
នៅក្រោមច្បាប់ថ្មីរបស់អាម៉េរិក មានតែរថយន្តអគ្គិសនីតែ១៣ ក្នុងចំណោមជាង ៥០ប្រភេទប៉ុណ្ណោះ ដែលកំពុងដាក់លក់នៅអាម៉េរិក មានសិទ្ធិទទួលបានឥណទានពន្ធ។ ជាលទ្ធផល ក្រុមហ៊ុនផលិតរថយន្ត កំពុងរិះរកផ្នែកប្រភពផ្សេងៗដែលធ្វើឱ្យម៉ូដែលរបស់ពួកគេមានសិទ្ធិទទួលបានឥណទានដែរ។ 
 
សូមបញ្ជាក់ថា ច្បាប់កាត់បន្ថយអតិផរណាឆ្នាំ២០២២ ជាការលើកទឹកចិត្តដល់អ្នកទិញរថយន្តអគ្គិសនី តាមរយៈកញ្ចប់ថវិកាជាច្រើនពាន់លានដុល្លារ ក្រោមរដ្ឋបាលរបស់លោកបៃឌិន ក្នុងគោលបំណងកាត់បន្ថយឧស្ម័នកាបូនទៅក្នុងបរិយាកាស៕ 

Tag:
 ចិន អាម៉េរិក WTO
© រក្សាសិទ្ធិដោយ thmeythmey.com