ជាតិ
អ្នកផលិត និងដាំដុះដំណាំ១៤មុខ ទទួលបានការអនុគ្រោះពន្ធពីរដ្ឋាភិបាល
28, Mar 2024 , 10:53 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចអនុគ្រោះពន្ធដល់អ្នកផលិត និងដាំដុះដំណាំ១៤មុខ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ។ អ្នកផលិតទាំងនោះ នឹងទទួលបានការអនុគ្រោះ រហូតដល់ឆ្នាំ២០២៥។



សេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចស្ដីពី«ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម» នៅថ្ងៃទី២០ ខែមីនា បានបញ្ជាក់ថា សហគ្រាសដែលដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេង ដែលជា វត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ នឹងទទួលបានការអនុគ្រោះរហូតដល់ដំណាច់ឆ្នាំ២០២៥។ ពន្ធដែល អនុគ្រោះទាំងនោះរួមមាន ព្យួរទុកការបង់ពន្ធអប្បបរមា, ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងរួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យប្រកាស ។
 
ចំពោះការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញទាំងនេះ ត្រូវចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម។ ចំណែក សហគ្រាសដែលជាអ្នកផ្គត់ផ្គង់ដូចមានចែងក្នុងវាក្យខណ្ឌ ក និងវាក្យខណ្ឌ ខ នៃកថាខណ្ឌទី១ នៃប្រការនេះ មិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូលដល ទាក់ទិននឹងការផ្គត់ផ្គង់។
 
រដ្ឋាភិបាល នឹងផ្ដល់ការលើកទឹកចិត្តពន្ធ ចំពោះសហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ ក្នុងស្រុក ឬនាំចេញ ផលិតផលទាំង១៤មុខនេះ ដែលបានបំពេញលក្ខខណ្ឌដូចជា ស្នើសុំវិញ្ញាបនបត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ, ការភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញឬសេវាជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដាក់លិខិតប្រកាសសារពើពន្ធជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែង ដែលរដ្ឋបាលសារពើពន្ធបានកំណត់ជាដើម។ 
 
ចំពោះ សហគ្រាសផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ។ ក្នុងករណីសហគ្រាសដូចមានចែងក្នុងកថាខណ្ឌទី១ និងកថាខណ្ឌទី២ នៃប្រការនេះ ដែលមិនបានបំពេញលក្ខខណ្ឌណាមួយនោះ ការលើកទឹកចិត្តពន្ធដារនឹងត្រូវបានដកហូត៕ 

Tag:
 កសិកម្ម
  ពន្ធដារ
  ក្រសួងសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com