ជាតិ
រដ្ឋរឹបអូសដីជិត១ម៉ឺនហិកតា និងឃាត់ខ្លួនមនុស្ស៣០នាក់ ពាក់ព័ន្ធការទន្រ្ទានខុសច្បាប់នៅពោធិ៍សាត់
01, Apr 2024 , 4:39 pm        
រូបភាព
សមត្ថិកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ រូបពី ក្រសួងបរិស្ថាន
សមត្ថិកិច្ចចម្រុះ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ រូបពី ក្រសួងបរិស្ថាន
ភ្នំពេញ៖ ក្នុងប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅខេត្តពោធិ៍សាត់ រយៈពេល២១ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចម្រុះ រឹបអូសបានដីជិត១ម៉ឺនហិកតា និងឃាត់ខ្លួនមនុស្ស៣០នាក់។



តាមការបញ្ជាក់របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែមេសានេះ កម្លាំងចម្រុះឃ្លុំដីបាន៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យ៣០នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការបាន១៦ករណី នាប្រតិប​ត្តិការ​ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ។ ជាមួយគ្នានេះ សមត្ថកិច្ចចម្រុះ ក៏បានអប់រំពលរដ្ឋដែលជាអ្នកដាំដុះដំណាំឱ្យជនល្មើស ចំនួន៨៥នាក់ទៀតផង។
 
ក្នុងប្រតិបត្តិការក្ដៅនេះ អាជ្ញាធរបានរុះរើខ្ទមនៅលើទីតាំង ដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិចំនួន ៤៧៩ខ្ទម និងបានដកហូតសម្ភារមួយចំនួនទុកជាវត្ថុតាង ជាអាទិ៍រួមមាន រណាយន្ត៣១ គ្រឿង ម៉ូតូ១៥គ្រឿង គោយន្ត១គ្រឿង ផាលត្រាក់ទ័រ ៦គ្រឿង ម៉ាស៊ីនកាត់ស្មៅ ២៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ១៥គ្រឿង កាំភ្លើងកែច្នៃចំនួន១១ដើម អង្គប់ចំនួន៧៥ កាំបិតចំនួន៨៥ បង្គោលរបងចំនួន ៣,៦៥២ និងដំណាំចម្រុះបានជាច្រើនគុម្ព និងបាច់ផងដែរ។
 
នេះជាយុទ្ធនាការបង្រ្កាបបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំ បន្ទាប់ពី សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឱ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធាធម្មជាតិទូទាំងប្រទេស និងអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ។ ចំពោះកិច្ចការងារនេះ សម្ដេច ធានាឈរនៅពីក្រោយ ឱ្យតែមន្រ្តីអនុវត្តត្រឹមត្រូវ៕ 
 

Tag:
 ក្រសួងបរិស្ថាន
  ពោធិ៍សាត់
  បទល្មើសធនធានធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com