អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី ប្ដេជ្ញាបន្តគោលនយោបាយរដ្ឋាភិបាលចាស់នៅមុខមេដឹកនាំចិន
02, Apr 2024 , 3:19 pm        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ (Prabowo Subianto) កំពុងធ្វើទស្សនកិច្ចនៅចិន ដែលជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីមក។ ពីទីក្រុងប៉េកាំង លោក ប្រាបូវ៉ូ ប្រាប់មេដឹកនាំចិនថា​ លោកមានបំណងបន្តទំនាក់ទំនងជិតស្និទ្ធឥណ្ឌូណេស៊ី-ចិន ដែលអនុវត្តដោយរដ្ឋាភិបាលជិតចប់អាណត្តិរបស់លោក ចូកូ វីដូដូ។

 
ចិន ជាគោលដៅទស្សនកិច្ចទីមួយរបស់លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ដែលទើបឈ្នះឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី។ ការជ្រើសរើសចិនមុនប្រទេសក្នុងតំបន់បែបនេះ ត្រូវមើលឃើញថា ទំនងជាគោលនយោបាយការបរទេសថ្មីរបស់លោក ប្រាបូវ៉ូ ដែលចង់ពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មដ៏ធំរបស់ឥណ្ឌូណេស៊ី។ 
 
ទូរទស្សន៍ CCTV របស់ចិនបានដកស្រង់សម្តីលោក ប្រាបូវ៉ូ ប្រាប់លោកប្រធានាធិបតី ស៊ី ជិនភីង ថា​ លោកគាំទ្រយ៉ាងពេញទំហឹងចំពោះការអភិវឌ្ឍទំនាក់ទំនងឥណ្ឌូណេស៊ី-ចិនកាន់តែជិតស្និទ្ធ និងមានបំណងចង់បន្តគោលនយោបាយមិត្តភាពរបស់ប្រធានាធិបតី ចូកូ វីដូដូ ជាមួយចិន។
 
ប្រធានាធិបតីជាប់ឆ្នោតរូបនេះ និយាយថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូណេស៊ីនឹងជំរុញការបន្ស៊ីយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ហើយជំរុញឱ្យមានលទ្ធផលបន្ថែមទៀតនៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការកាត់បន្ថយភាពក្រីក្រ។
 
លោក ស៊ី ហៅលោក ប្រាបូវ៉ូ ជាមិត្តចាស់របស់ប្រជាជនចិន។ មេដឹកនាំចិនក៏ប្រាប់មេដឹកនាំឥណ្ឌូណេស៊ីដែរថា ចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូណេស៊ីតាមទស្សនវិស័យជាយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយត្រៀមខ្លួនក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
 
សូមបញ្ជាក់ថា​ លោក ប្រាបូវ៉ូ អាយុ៧២ឆ្នាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ ហើយត្រូវស្បថចូលកាន់តំណែងនៅខែតុលាឯណោះ។ ទោះធ្លាប់បរាជ័យ២លើកក្រោមដៃលោក វីដូដូ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៤ និង២០១៩ លោក ប្រាបូវ៉ូ ប្រកាន់ជំហរបន្តអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលោក វីដូដូ ស្របពេលដៃគូអនុប្រធានាធិបតី ជាកូនប្រុសលោកប្រធានាធិបតីស្រាប់៕

Tag:
 ឥណ្ឌូណេស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com