ជាតិ
បទសម្ភាសន៍
វីដេអូ
អង្គការសាលាទន្សាយ និងដៃគូប្តេជ្ញា​ជួយកុមារអូទីស្សឹម ឱ្យអាចរស់នៅដោយគ្មាន​​ការរើសអើង
02, Apr 2024 , 5:59 pm        
រូបភាព
ភ្នំពេញ៖ អង្គការសាលាទន្សាយ(Rabbit School Organization) កំពុងផ្តល់សេវាអប់រំដល់កុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ជាង៥០០នាក់។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ បានបញ្ជាក់ថា សាលាទន្សាយបានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានីភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងសៀម​រាប ក្រោមការគាំទ្រពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អង្គការអេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត ក្នុងគោលបំណងជួយគាំទ្រកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ឱ្យអាចរស់នៅក្នុងសង្គមបានដោយគ្មានការរើសអើងពីសង្គម។

 
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក វង្ស វុទ្ធី ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ ដូចតទៅ៖



កុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ជាង៥០០នាក់ កំពុងទទួលបានសេវាអប់រំ ពីអង្គការសាលាទន្សាយ(Rabbit School Organization)។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ បានឱ្យសារព័ត៌មានឌីជីថលថ្មីៗដឹងថា ក្នុងចំណោមកុមារទាំងនោះ មានកុមារ​​ជាង២០០នាក់ កំពុងសិក្សានៅក្នុងសាលាបឋមសិក្សាទួលគោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ និងប្រមាណ៣០០នាក់ទៀតនៅតាមបណ្តាខេត្ត។
​ក្រោមការគាំទ្រពីក្រសួងអប់រំ ក្រសួងសង្គមកិច្ច អង្គការអេដ អេ អាកស្យុង និងអង្គការដៃគូមួយចំនួនទៀត អង្គការសាលារៀនទន្សាយ បានពង្រីកការផ្តល់សេវាអប់រំរបស់ខ្លួន ​ពីរាជធានីភ្នំពេញ ទៅកាន់សាលាចំនួន១៥ទៀត នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងសៀម​រាប។ ​ ទន្ទឹមនឹងការពង្រីកខ្លួននេះ ប្រធានកម្មវិធីនៃអង្គការសាលារៀនទន្សាយ ក៏កត់សម្គាល់ដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា ដែលបានទទួលការបណ្តុះបណ្តាលពីសាលាទន្សាយ បានកើនឡើងជារៀងរាល់ឆ្នាំ។ 
 

មានកំណើន​សិស្ស​ជាសញ្ញាល្អសម្រាប់កុមារ និងបញ្ជាក់ពីការយល់ដឹងរបស់អាណាព្យាបាល ប៉ុន្តែក៏មានបញ្ហាប្រឈមផងដែរ នោះគឺកង្វះខាតធនធានគ្រូ ដែល​មានជំនាញ និងបណ្តុះបណ្តាលកុមារអូទីស្សឹម ដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា និងខ្វះសាលារៀន។ «សព្វថ្ងៃយើងឃើញថាថ្នាក់សមាហរណកម្ម ក៏ដូចជាសាលារៀនដែលមានសេវាសម្រាប់ប្អូនៗដែលមានពិការភាព និងអូទីស្សឹម នៅមានតិចនៅឡើយ។ អ៊ីចឹងហើយើងចង់ឃើញសេវាអប់រំ មានទូលំទូលាយសម្រាប់គាត់។ ហើយសេវាអប់រំ វាទាក់ទងនឹង(ចំនួន)គ្រូដែរ។ គ្រូ គឺជាចំណុចសំខាន់ណាស់។ ទោះបីយើងមានសាលា ប៉ុន្តែអត់គ្រូក៏អត់កើត។ យើងត្រូវការគ្រូ។ សព្វថ្ងៃគ្រូដែលមានជំនាញអប់រំពិសេសតិចមែនទែន»។ លោក វង្ស វុទ្ធី បញ្ជាក់ដូច្នេះ។
 
ក្រៅពីប្រឈមមុខនឹងកង្វះគ្រូបង្រៀន និងសាលារៀន​ ទាំងអាណាព្យាបាល និងកុមារអូទីស្សឹម ដោនស៊ីនដ្យូម និងកុមារខ្សោយសតិបញ្ញា ក៏ត្រូវការជាចាំបាច់ដែរ ​សេវាសុខភាពដែលល្អប្រសើរសម្រាប់ពួកគេ រួមទាំងការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីឱ្យកុមារ​ទាំងនោះ អាចរស់នៅក្នុងសង្គម​បាន​នៅពេល​ពួកគេធំឡើង និងរស់នៅដោយគ្មានការរើសអើងពីសង្គម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com