អន្តរជាតិ
យ៉ាងហោចណាស់៤នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងនៅតៃវ៉ាន់ក្នុងពេល២៥ឆ្នាំ
03, Apr 2024 , 11:35 am        
រូបភាព
រញ្ជូយដីលើកោះតៃវ៉ាន់ ក្នុងថ្ងៃទី៣ ខែមេសា។ រូបភាព AFP
រញ្ជូយដីលើកោះតៃវ៉ាន់ ក្នុងថ្ងៃទី៣ ខែមេសា។ រូបភាព AFP
កោះតៃវ៉ាន់ ក្នុងថ្ងៃទី៣ ខែមេសា បានរងគ្រោះដោយគ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ ដែលបានបំផ្លាញអគារជាច្រើនខ្នង និងសម្លាប់មនុស្សយ៉ាងតិច៤នាក់។ ទន្ទឹមនេះ រញ្ជួយដីនៅក្នុងក្រុង Hualien បានបង្កឱ្យមានរលកស៊ូណាមិ ទៅដល់ជប៉ុនផងដែរ។

 
តាមការបញ្ជាក់ទិន្នន័យរបស់ទីភ្នាក់ងារស្រាវជ្រាវភូមិសាស្ត្រអាម៉េរិក (USGS) នៅព្រឹកថ្ងៃទី៣ ខែមេសា គ្រោះរញ្ជួយដីក្នុងកម្រិតដ៏ខ្លាំង ៧,៤រ៉ិចទ័រ បានវាយប្រហារលើក្រុង Hualien និងតំបន់ផ្សេងទៀតលើកោះតៃវ៉ាន់។ អគារ និងទ្រព្យសម្បត្តិជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ។ ចំណែកមធ្យោបាយធ្វើដំណើរនៅទូទាំងដែនកោះ ត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាព។ យ៉ាងណាមិញ ពេលនេះ ការធ្វើដំណើរនៅក្នុងក្រុងតៃប៉ិ បានចាប់ផ្តើមឡើងវិញហើយ។ 
 
មកទល់ពេលនេះ អាជ្ញាធរតៃវ៉ាន់ រាយការណ៍ពីករណីស្លាប់៤នាក់នៅក្រុង Hualien និងរបួសប្រមាណ៥០នាក់ផ្សេងទៀត។ មេដឹកនាំតៃវ៉ាន់ បានចេញបញ្ជាឱ្យពង្រាយកម្លាំងយោធា នៅក្នុងប្រតិបត្តិការជួយសង្រ្គោះក្រោយរញ្ជួយដីនោះ។ 
 
ចំណែករដ្ឋបាលអាកាសធាតុកណ្តាល (CWA)របស់តៃវ៉ាន់ បានអះអាងថា ចំណុចរញ្ជួយបានកើតមាននៅភាគអាគ្នេយ៍នៃតំបន់ Hualien ដោយមានជម្រៅប្រមាណ ១៥,៥គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Taiwan News។ 
 
គ្រោះរញ្ជួយដីដ៏ធំលើដែនកោះមានប្រជាជន២៣លាននាក់ ក្នុងរយៈពេល ២៥ឆ្នាំនេះ បានបង្កឱ្យមានរលកស៊ូណាមិទៅដល់ជប៉ុន។ ទីភ្នាក់ងារឧតុនិយមជប៉ុន បានអះអាងថា រលកស៊ូណាមិកម្ពស់ ៣០សង់ទីម៉ែត្រ បានកើតមានលើឆ្នេរនៃកោះភាគខាងត្បូងរបស់ខ្លួន Yonaguni ប្រមាណ១៥នាទី។ លើសពីនេះ អាជ្ញាធរជប៉ុន បានបញ្ជូនយន្តហោះយោធា ទៅប្រមូលព័ត៌មាននៅលើកោះផងដែរ។
 
គួររម្លឹកថា តៃវ៉ាន់មានគ្រោះរញ្ជួយដីដ៏អាក្រក់មួយនៅក្នុងឆ្នាំ១៩៩៩ ដោយកាលនោះមានកម្រិត ៧,៧រ៉ិចទ័រ។ មនុស្សយ៉ាងហោចណាស់ ២៤០០នាក់ បានបាត់បង់ជីវិត និងអ្នករបួសមានប្រមាណ ១០ម៉ឺននាក់។ ចំណែកអគារជាច្រើនខ្នង បានបាក់រលំ៕ 

Tag:
 តៃវ៉ាន់
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com