ជាតិ
សង្គមជាតិ
គម្រោងCO-SAVED ផ្តល់ទុន​​​ពង្រីក​មុខរបរដល់សហគ្រិន​មូលដ្ឋាន១២៥នាក់ ​នៅខេត្តកែប និង​កំពត​
03, Apr 2024 , 9:29 pm        
រូបភាព
កែប៖ អង្គការ អេដ អេ អាកស្យុង (AEA) បានរៀបចំកម្មវិធីវាយតម្លៃ និង​ផ្តល់ទុន​វិនិយោគ​ដល់សហគ្រិន​​មូលដ្ឋាន​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងខេត្តកែប ក្រោមគម្រោង សម្ព័ន្ធភាព​ដើម្បី​ការ​អភិវឌ្ឍប្រកបដោយចីរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED)​។

 
កម្មវិធីនេះ បានប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែមីនាកន្លងទៅ នៅមន្ទីរឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្តកែប ដោយមានសហគ្រិនមូលដ្ឋាន សរុប ៣៧នាក់ បានចូលរួមធ្វើបទបង្ហាញ អំពីសំណើថវិកាពីគម្រោង ទៅបង្កើត និងពង្រីកមុខរបររបស់ខ្លួន។
 
លោក ថាន់ សាមឌី ប្រធានគ្រប់គ្រងទុនវិនិយោគ អង្គការ AEA បានឱ្យដឹងថា តាមផែនការ គម្រោងនេះ នឹងផ្តល់ទុនវិនិយោគដល់​សហគ្រិនមូលដ្ឋាន​នៅក្នុងខេត្តកែប និងកំពត ចំនួន ១២៥នាក់ ពីក្នុងចំណោមសហគ្រិន ២២៣នាក់ ដែលទទួលបានការបណ្តុះបណ្តាលសមត្ថភាពពីអង្គការដៃគូរបស់ខ្លួន។ ចំពោះដើមទុនដែលគម្រោងផ្តល់ជូន គឺចន្លោះ៤០ម៉ឺនរៀល ដល់២លានរៀល។ 
 
លោក ថាន់ សាមឌី (ឆ្វេង) ប្រធានគ្រប់គ្រងទុនវិនិយោគ អង្គការអេដ អេ អាកស្យុង
 
បើតាម លោក ថាន់ សាមឌី ប្រធានគ្រប់គ្រងទុនវិនិយោគ អង្គការ AEA កម្មវិធីទាំងនេះ នឹងនៅតែបន្ត​ផ្តល់ទុនដល់សហគ្រិនផ្សេងៗទៀត តាមបណ្តាឃុំ ស្រុក នៃខេត្តកែប និងខេត្តកំពត​។​
 
លោក សាង ប៊ុនធឿន អភិបាលរងក្រុងកែប បានសាទរចំពោះការចូលរួមចំណែក​របស់អង្គការ អេដ អេ អាកស្យុង និងដៃគូ ដែលបានបន្តជួយដល់សហគមន៍នៅតាមតំបន់ឆ្នេរ ទាំងក្នុងវិស័យអប់រំកុមារ គ្រូបង្រៀនជាដើម រហូតដល់សហគ្រិនតាមមូលដ្ឋាន។ តាមរយៈគម្រោង CO-SAVED គម្រោងមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាល​ចំណេះដឹងបន្ថែម​ដើម្បីធានានិរន្តរភាពអាជីវកម្មរបស់​សហគ្រិនមូលដ្ឋាននោះទេ ប៉ុន្តែថែមទាំងបន្តគាំទ្រជាថវិកា​ដើម្បីឱ្យពួកគេយកទៅបង្កើត ឬពង្រីកមុខរបរ ដែលអាចបង្កើនចំណូល​ថែមទៀតផង។ 

 លោក សាង ប៊ុនធឿន អភិបាលរងក្រុងកែប ចូលរួមបើកកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគដល់សហគ្រិនមូលដ្ឋានក្នុងខេត្តកែប។
 
នៅក្នុងកម្មវិធី វាយតម្លៃ និង​ផ្តល់ទុនវិនិយោគដល់សហគ្រិន​​មូលដ្ឋាន​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ លោកអភិបាលរងក្រុងកែបរូបនេះ ក៏ស្នើដល់សហគ្រិនដែលទទួលបានទុនវិនិយោគពីគម្រោង Co-Saved នេះទាំងអស់ឱ្យ​ថែរក្សាបរិស្ថាន និងអនាម័យ នៅទីតាំងដែលខ្លួន​ប្រកបរបរផងដែរ ដើម្បីចូលរួម​ធ្វើ​ឱ្យសហគមន៍មានសោភ័ណភាពស្អាត និងទាក់ទាញបានទេសចរកាន់តែច្រើន។ លោក សាង ប៊ុនធឿន បន្ថែមដូច្នេះថា៖ «បើយើងបានដើមទុននេះហើយ នៅពេលថ្ងៃអនាគត ដែលយើងចង់​ឱ្យអាជីវកម្មយើងនេះ ដំណើរការល្អទៅបាន ខ្ញុំសូមសំណូមពរឱ្យបងប្អូន គិតពីការថែរក្សាបរិស្ថាន អនាម័យរបស់ខ្លួន។ ហើយក៏សូមឱ្យបងប្អូនបានដើមទុនទៅហើយ ​ថែរក្សារបស់របរដែលអង្គការផ្តល់ជូននេះ យកទៅប្រើ​ថែទាំ ប្រើប្រើដោយការទទួលខុសត្រូវ»។
 
 អ្នកស្រី ត្រេះ អាទិកៈ (ស្តាំ) ជាអាជីវករគុយទាវ កាហ្វេនៅផ្ទះ ទទួលទុនវិនិយោគជាតំណាង ពីលោក សាង ប៊ុនធឿន(ឆ្វេង) អភិបាលរងក្រុងកែប។
 
អ្នកស្រី ត្រេះ អាទិកៈ ជាអាជីវករគុយទាវ កាហ្វេ និង​បន្លែ ត្រី សាច់នៅផ្ទះដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ អ្នកស្រី ជាបេក្ខជនម្នាក់ក្នុងចំណោម​សហគ្រិនផ្សេងទៀត ដែលបានចូលរួមធ្វើបទបង្ហាញ​អាជីវកម្ម​​និងស្នើដើមទុនពីគម្រោង ដើម្បីពង្រីករបរខ្លួន។ អ្នកស្រី សង្ឃឹមថា ​ទុនគាំទ្រនេះ នឹងជួយអ្នកស្រី មានលទ្ធភាពពង្រីកការលក់ដូររបស់ខ្លួន។ អ្នកស្រី ត្រេះ អាទិកៈ បន្ថែមថា៖ «កម្មវិធីនេះល្អ ព្រោះជំនួយឱ្យយើងបានដើមទុន ជួយដើមទុនយើងរកស៊ី។ យើងយកទៅបានពង្រីក(របរ)បន្ថែម ក្រែងវាកើនឡើងបន្តិចទៀត។ យើងមានរបស់របរច្រើន យើងលក់ដាច់បានច្រើន។ ព្រោះរាល់ថ្ងៃយើងលក់ដាច់ តែអត់សូវមានរបស់លក់។ យើងអត់សូវមានដើមទុនទិញចូល​បានច្រើន»។ 
 
សហគ្រិនមូលដ្ឋាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធម្នាក់ទៀត គឺអ្នកស្រី ញ៉ សុភេទ ដែលចូលរួមស្នើសុំការគាំទ្រទុនវិនិយោគនេះដែរ ក៏យល់ស្របដែរថា គម្រោងផ្តល់ទុននេះ គឺមានសារៈ​នឹងជួយឱ្យអាជីវករ មានលទ្ធភាពពង្រីកមុខរបរ និងជួយជីវភាពកាន់តែប្រសើរ។ 
 

 
ជាអ្នកលក់ការ៉េម ស្ករសំឡី និងពោតលីតតាមម៉ូតូ អ្នកស្រី ញ៉ សុភេទ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ៖ «វាជួយពលរដ្ឋច្រើនដែលគាត់មានមុខរបរពិតប្រាកដ។ ជួយឱ្យយើងមានថវិកាទិញរបស់របរបន្ថែមសម្រាប់លក់ដូរ»។ 
 
​សូមជម្រាបថា នេះគឺ​ជាកម្មវិធីវាយតម្លៃ និងផ្តល់ទុនវិនិយោគ ដល់សហគ្រិនមូលដ្ឋាននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកទី២​ ដោយកម្មវិធីលើកទី១ ប្រព្រឹត្តិទៅនៅថ្ងៃទី១៦ ខែមីនា នៅ​​ស្នាក់ការសហគមន៍នេសាទត្រពាំងសង្កែ ក្នុងខេត្តកំពត ​អ្នកចូលរួមប្រកួតប្រជែង ចំនួន៤៩នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com