គម្រោងវិនិយោគចំនួន១០៦គម្រោងដែលមានទុនប្រមាណ ២២០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តជាផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្នុងនោះ ខេត្តកំពង់ស្ពឺ និងស្វាយរៀង មានរហូតដល់ទៅ៤៩គម្រោង។
សេចក្តីប្រកាសព័ត៌មានរបស់ CDC បានបញ្ជាក់ថា គម្រោងសរុបទាំង១០៦នេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង ក្នុងនោះ៧៣គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣៣គម្រោងទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
បើតាមCDC គម្រោងវិនិយោគដែលទទួលបាននៅក្នុងត្រីមាសទី១នេះ មានកំណើន៦៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ «ការកើនឡើងយ៉ាងគំហុកនូវគម្រោងវិនិយោគវិនិយោគនេះ គឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស » ។ នេះជាការអះអាងរបស់CDC ដោយបង្ហាញថា២៦គម្រោងស្ថិតនៅខេត្តកំពង់ស្ពឺ, ២៣គម្រោងនៅស្វាយរៀង, ១៤គម្រោងនៅភ្នំពេញ។
ខេត្តព្រះសីហនុជាទីតាំងនៃគម្រោងវិនិយោគចំនួន១៣គម្រោង, ខេត្តកណ្តាល និងតាកែវ ទទួលបាន៩គម្រោង, កំពង់ឆ្នាំងមាន៥គម្រោង, កោះកុង និងស្ទឹងត្រែងមាន២គម្រោង រីឯព្រះវិហារ កំពត និងកំពង់ចាម មាន១គម្រោងរៀងៗខ្លួន។
គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសទី១នោះ មានគម្រោងបង្កើតនិងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ២,៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៣ ៨៦០កន្លែង។
សម្រាប់ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០ MW តាមរូបភាព BOT តម្លៃជាង៤៤០លានដុល្លារ ស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏អាចបង្កើតការងារបាន ២២០កន្លែង ផងដែរ។
បើតាមCDC គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងតម្លៃ១០៨លានដុល្លារ អាចបង្កើតការងារបាន១១៥កន្លែង។ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ តម្លៃ១០៧លានដុល្លារ នៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និង គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យតម្លៃ៣០លានដុល្លារ នៅសង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ អាចបង្កើតការងារបាន៤៣កន្លែង។ ទាំងនេះជាវិនិយោគសំខាន់ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។
ជាមួយគ្នានេះ គម្រោងដែលលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងផលិតសំបកកង់រថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្រោមទុន ២១២លានដុល្លារ។ គម្រោងនេះ អាចបង្កើតការងារបន្ថែមបាន៦៥៥កន្លែង។
CDC បានរំលេចថា រយៈពេល៣ខែមកនេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣ភាគរយ នៃការវិនិយោគសរុប។ គម្រោងវិនិយោគផ្សេងទៀត មានមកពីសិង្ហបុរី, វៀតណាម, កូរ៉េខាងត្បូង,សហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី៕