កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូល និងលីគ២អង់គ្លេស មាន៣ក្រុមប្រជែងជើងឯកដូចគ្នា
08, Apr 2024 , 4:59 pm        
រូបភាព
Arsenal, Liverpool និង Manchester City ប្រដេញគ្នាប្រជែងលីគកំពូលអង់គ្លេស Premier League ស្របពេល Leicester City, Ipswich Town និង Leeds United ដណ្តើមគ្នាយកជើងឯកលីគលំដាប់ទី២អង់គ្លេស Championship ឆ្នាំ ២០២៣-២៤។ ខណៈសល់៦ ទៅ៧ប្រកួត នឹងបញ្ចប់រដូវកាល ការប្រជែងពានក្នុងលីគទាំងពីរនេះ មានគម្លាតពិន្ទុមិនលើសពី៣ពិន្ទុនោះទេ។



Arsenal ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង EPL សារជាថ្មី នៅជំនួបលីគសប្តាហ៍ទី៣១ ក្រោយយកឈ្នះ Brighton ៣-០ ស្របពេល Liverpool ធ្លាក់ទៅលេខ២វិញ តាមរយៈលទ្ធផលស្មើ Manchester United ២-២។ ម្ចាស់ការពារជើងឯក Man City រក្សាលេខ៣ដដែល ទោះឈ្នះ Crystal Palace ៤-២។ Arsenal និង Liverpool មាន៧១ពិន្ទុដូចគ្នា ឯ Man City មាន៧០ពិន្ទុ។
 
សល់៧ប្រកួតចុងក្រោយដូចគ្នាដើម្បីកាត់ក្តីថាក្រុមណាជាម្ចាស់ជើងឯកលីគកំពូលរដូវកាលនេះ កាំភ្លើងធំ ត្រូវជួប Aston Villa, Wolves, Chelsea, Tottenhma Hotspur, Bournemouth, Man Utd និង Everton។ ៧ប្រកួតចុងក្រោយរបស់ Liverpool ត្រូវជួប Crystal Palace, Fulham, Everton, West Ham, Spurs, Aston Villa និង Wolves។ ៧ប្រកួតរបស់មេឃខៀវ ប៉ះ Luton Town, Spurs, Nottm Forest, Brighton, Wolves, Fulham និង West Ham។
 
សម្រាប់តំណែងចំណាត់ថ្នាក់លេខ៤ មានបីក្រុមប្រជែងគ្នារួមមាន Spurs, Aston Villa និង Man Utd។ យ៉ាងក៏ដោយ ក្នុងចំណោម៣ក្រុមនេះ បិសាចក្រហមមានភាគរយតិចបំផុតក្នុងការទទួលបាន Top4 សម្រាប់កៅអី UEFA Champions League រដូវកាលក្រោយ ដ្បិតមានពិន្ទុតិចជាងគេ។ ៣១ប្រកួត Spurs ស្ថិតនៅលេខ៤ រកបាន៦០ពិន្ទុ ស្មើក្រុមលេខ៥ Aston Villa ដែលប្រកួត៣២លើក និងនាំមុខ Man Utd ដែលឈរលេខ៦ ដល់ទៅ១១ពិន្ទុ។
 
នៅលីកទី២អង់គ្លេសឯណោះវិញ គិតត្រឹមការប្រកួតសប្តាហ៍ទី៤០ និង៤១ មាន៣ក្រុមកំពូលតារាង បង្កើនការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ សម្រាប់តំណែងជើងឯក និងកៅអីឡើងទៅលីគកំពូល។
Leicester ឡើងពីលេខ៣ ទៅឈរកំពូលតារាង ក្រោយរកបានជ័យជម្នះលើក្រុម Birmingham City ២-១ ក្នុងជំនួបសប្តាហ៍ទី៤០របស់គេ ស្របពេល Ipswich Town ធ្លាក់ទៅលេខ២វិញ ក្រោយចាញ់ Norwich City ១-០ ក្នុងការប្រកួតទី៤១។ Leeds ធ្លាក់ពីលេខ២ទៅលេខ៣ តាមរយៈបរាជ័យ ២-១ ក្រោមថ្វីជើង Coventry City នៅសប្តាហ៍ទី៤១។ 
 
Leicester ដែលនៅសល់១ប្រកួតក្នុងដៃ រកបាន៨៨ពិន្ទុ នាំមុខ Ipswich ១ពិន្ទុ និង Leeds ២ពិន្ទុ។ Championship មានការប្រកួតសរុបក្នុងមួយក្រុម ៤៦ប្រកួត ក្នុងនោះក្រុមជើងឯក និងលេខ២ ទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ Premier League ស្របពេលក្រុមពីលេខ៣ដល់លេខ៦ ត្រូវប្រកួតជម្រុះ ដើម្បីប្រជែងយកមួយកៅអីទៅលីគកំពួល៕

Tag:
 Premier League
  Championship
© រក្សាសិទ្ធិដោយ thmeythmey.com