អន្តរជាតិ
អាស៊ាន
ទូតអឺរ៉ុបនៅអាស៊ាន សាទរកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប
09, Apr 2024 , 3:59 pm        
រូបភាព
អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន លោក Sujiro Seam (ឆ្វេង) និងលោក Pou Sothirak។ រូបភាព CCRS
អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន លោក Sujiro Seam (ឆ្វេង) និងលោក Pou Sothirak។ រូបភាព CCRS
អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន លោក Sujiro Seam នៅថ្ងៃទី៩ ខែមេសា បានបង្ហាញការពេញចិត្តជាខ្លាំងចំពោះតួនាទីរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងនាមជាភាពជាដៃគូយុទ្ធសាស្រ្ត។ បើតាមមន្រ្តីទូតសហភាពអឺរ៉ុប ដែលកើតនៅទឹកដីកម្ពុជារូបនេះ កន្លងមក កម្ពុជា បានចូលរួមជាខ្លាំងក្នុងការគាំទ្រទំនាក់ទំនងអឺរ៉ុប និងអាស៊ាន។

 
អាស៊ាន និងសហភាពអឺរ៉ុប បានអភិវឌ្ឍទំនាក់ទំនងទៅភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងឆ្នាំ២០២០ ក្រោយបង្កើតដៃគូសន្ទនា នៅក្នុងឆ្នាំ១៩៧៧។ ស្របគ្នានេះ អាស៊ាន និងសហភាពអឺរ៉ុប កំពុងពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហារួមគ្នាជាច្រើនផងដែរ ដូចជាបម្រែបម្រួលអាកាសធាតុ ពាណិជ្ជកម្ម និងជម្លោះជាដើម។ 
 
ក្នុងវេទិកាមួយរៀបចំដោយមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ (CCRS) អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន លោក Sujiro Seam បានបង្ហាញការពេញចិត្តចំពោះតួនាទីកម្ពុជា ក្នុងការចូលរួមចំណែងពង្រឹងទំនាក់ទំនងអឺរ៉ុប និងអាស៊ាននៅពេលកន្លងមក។ 
 
«ខ្ញុំមានការពេញចិត្តជាខ្លាំងលើតួនាទីរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសហភាពអឺរ៉ុប និងអាស៊ាន»។ លោក Sujiro Seam អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអាស៊ាន បានបញ្ជាក់បែបនេះ នៅចំពោះមុខអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និស្សិត និងអ្នកស្រាវជ្រាវជាច្រើនរូបក្នុងថ្ងៃទី៩ ខែមេសា។ 
 
ទន្ទឹមនេះ មន្រ្តីទូតអឺរ៉ុបដែលកើតនៅកម្ពុជា មុនពេលភៀសខ្លួនទៅបរទេសដោយសាររបបខ្មែរក្រហម បានបន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំដែលកម្ពុជាទទួលជោគជ័យយ៉ាងខ្លាំង សម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តរវាងសហភាពអឺរ៉ុប និងអាស៊ាន។ 
 
ក្នុងវេទិការៀបចំឡើងក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តសហភាពអឺរ៉ុប-អាស៊ាន» លោក Sujiro Seam បានរម្លឹកពីព្រឹត្តិការណ៍ចំនួន២ ដែលកម្ពុជាបានរួមចំណែកពង្រឹងទំនាក់ទំនងភាគីទាំងពីរ ក្នុងនោះមានដូចជា ការអញ្ជើញប្រធានក្រុមប្រឹក្សាអឺរ៉ុបមកចូលរួមកិច្ចប្រជុំអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលរម្លឹកខួប២៥ឆ្នាំរវាងសហភាពអឺរ៉ុប និងអាស៊ាន នៅក្នុងឆ្នាំ២០២២។ 
 
ទន្ទឹមនេះ មន្រ្តីទូតអឺរ៉ុប ក៏បានលើកឡើងពីការពង្រឹងទំនាក់ទំនងអាស៊ាន, ជម្លោះនៅមីយ៉ាន់ម៉ា អុីស្រាអែល និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ 
 
សូមបញ្ជាក់ថា អាស៊ាន ជាដៃគូពាណិជ្ជកម្មលំដាប់ទីបីរបស់សហភាពអឺរ៉ុប បន្ទាប់ពីចិន និងអាម៉េរិក ដោយមានទំហំជិត ៣០០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ នៅក្រៅទ្វីបអឺរ៉ុប។ ចំណែកអឺរ៉ុប ក៏ជាដៃគូលំដាប់ទី៣របស់អាស៊ានផងដែរ បន្ទាប់ពីចិន និងអាម៉េរិក ដោយមានទំហំប្រមាណ ១០ភាគរយ នៃពាណិជ្ជកម្មអាស៊ាន៕

Tag:
 កម្ពុជា
  អាស៊ាន
  សហភាពអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com