អន្តរជាតិ
UN មិនឯកភាពគ្នាក្នុងការផ្ដល់សមាជិកភាពសម្រាប់ប៉ាឡេស្ទីន
17, Apr 2024 , 7:00 pm        
រូបភាព
រូបភាព AP
រូបភាព AP
គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលកំពុងពិចារណាលើ ពាក្យស្នើសុំរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកមួយនេះ  មិនទាន់ ទទួលបានការសម្រេចជាឯកច្ឆ័ន្ទនោះទេ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការ UN ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែមេសា។



គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានលើកឡើងថា អាជ្ញាធរប៉ាឡេស្ទីននៅតែត្រូវបានរំពឹងនឹងជំរុញក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេសឱ្យបោះឆ្នោតនៅដើមសប្តាហ៍នេះលើសេចក្តីព្រាងដែល ផ្តល់អនុសាសន៍ឱ្យក្លាយជាសមាជិកពេញលេញនៃស្ថាប័នពិភពលោកមួយនេះ។ សមាជិក ភាពបែបនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនប្រកបដោយប្រសិទ្ធភាពដែលប៉ាឡេស្ទីនបច្ចុប្បន្នមិនមែនជារដ្ឋសមាជិកតែត្រឹមជាអ្នកសង្កេតការណ៍។

យ៉ាងណាមិញ ​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់ UN ​​ត្រូវតែ​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខដែល​អ៊ីស្រាអែល​ជា​សម្ព័ន្ធមិត្ត​អាម៉េរិក​អាចជំរុញឱ្យ​រារាំង​សំណើនេះបាន។ បន្ថែមពីនេះ  សមាជិកភាពត្រូវការការអនុម័ត​យ៉ាងតិច​ពីរ​ភាគ​បី​នៃ​មហាសន្និបាត UN ​។

«ទាក់ទងនឹងបញ្ហាថា ពាក្យស្នើសុំបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់សមាជិក ភាពឬយ៉ាងណា...គណៈកម្មាធិការមិនអាចផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទដល់ក្រុមប្រឹក្សាសន្តិសុខបានទេ»។ គណៈកម្មាធិការលើកឡើងក្នុងរបាយការណ៍ខាងលើបែបនេះដោយបន្ថែមថា ពួកគេបង្ហាញពីទស្សនៈផ្សេងៗគ្នា។​

អាម៉េរិកកាលពីដើមខែមេសាធ្លាប់សម្គាល់ថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យគួរតែកើតឡើង តាមរយៈការចរចាដោយផ្ទាល់រវាងភាគីនានា និងមិនមែននៅUN នោះឡើយ។

ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តជាយូរយារមកហើយនូវចក្ខុវិស័យនៃរដ្ឋពីរដែលរស់នៅ ក្បែរគ្នាក្នុងព្រំដែនដែលមានសុវត្ថិភាព និងត្រូវបានទទួលស្គាល់។ ប៉ាឡេស្ទីន ចង់បានរដ្ឋមួយ នៅ West Bank ខាងកើត Jerusalem និងកាហ្សាស្ទ្រីបដែលជាទឹកដីទាំងអស់ដែលអ៊ីស្រាអែល បានក្ដោបយកក្នុងឆ្នាំ ១៩៦៧។

គួរបញ្ជាក់ថា ការជំរុញរបស់ប៉ាឡេស្ទីនសម្រាប់សមាជិកភាពពេញលេញនៅ UN កើតឡើង បន្ទាប់ពីរយៈពេលប្រាំមួយខែនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា ហើយខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅ នៅតំបន់ West Bank ដែលខ្លួនកាន់កាប់៕


Tag:
 UN
  អុីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com