អន្តរជាតិ
ប្រមុខការទូតអាស៊ាន ជំរុញឱ្យភាគីនៅមីយ៉ាន់ម៉ាអនុវត្តឈប់បាញ់ជាថ្មី
20, Apr 2024 , 6:30 pm        
រូបភាព
រូបភាព AP
រូបភាព AP
រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៨ ខែមេសា បានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែលនៅតែបន្តនៅមីយ៉ាន់ម៉ា​ ជាពិសេសជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនជាប់ជាមួយថៃ។ ត្រង់ចំណុចនេះ ប្រមុខការទូតអាស៊ាន បានជំរុញជាថ្មីឱ្យមីយ៉ាន់ម៉ាមានបទឈប់បាញ់។

នៅពេលថ្មីៗនេះ ក្រុមប្រដាប់អាវុធជនជាតិភាគតិច សហភាពជាតិ Karen បានគ្រប់គ្រងប៉ុស្តិ៍យោធានៅតំបន់ព្រំដែនMyawaddy ដែលមានការធ្វើពាណិជ្ជកម្មជាច្រើនលានដុល្លាររវាងមីយ៉ាន់ម៉ា និងថៃ។ ការប៉ះទង្គិចនេះ បានធ្វើឱ្យប្រជាជនជាច្រើន បានភៀសខ្លួនចូលព្រំដែនថៃ។ កន្លងមក រដ្ឋាភិបាលថៃ បានត្រៀមកម្លាំងយោធាជាច្រើននៅតាមព្រំដែន ដើម្បីទប់ស្កាត់ការរីកសាយជម្លោះចូលប្រទេសខ្លួន។
 
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានអំពាវនាវឱ្យមានបទឈប់បាញ់ជាថ្មី នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១៨ ខែមេសា។
 
«យើងជំរុញឱ្យភាគីទាំងអស់អនុវត្តបទឈប់បាញ់ភ្លាមៗ និងរឹតត្បិតឱ្យបានខ្លាំងបំផុត រួមទាំងអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និងចាត់វិធានការគ្រប់ទាំងអស់ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងការពារសុវត្ថិភាពប្រជាជនស៊ីវិល»។​ ប្រមុខការទូតអាស៊ាន បានសង្កត់ធ្ងន់បែបនេះ។
 
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប៉ះទង្គិចជាមួយយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង ហើយបានដណ្តើមគ្រប់គ្រងប៉ុស្តិយោធា និងប៉ូលិសជាបន្តបន្ទាប់។ ការប៉ះទង្គិចគ្នានេះ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រជាជនស៊ីវិល ខណៈប្រជាជនជាច្រើននាក់ បានភៀសខ្លួនរកកន្លែងសុវត្ថិភាព៕ 

Tag:
 (អាស៊ាន
  មីយ៉ាន់ម៉ា)
© រក្សាសិទ្ធិដោយ thmeythmey.com