អន្តរជាតិ
ថៃ កំពុងពិភាក្សាសាងសង់អគារខ្ពស់ជាងគេបំផុតលើពិភពលោក
20, Apr 2024 , 9:30 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន និងអ្នកវិនិយោគ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន និងអ្នកវិនិយោគ។ រូបភាព X_Srettha Thavisin
ក្រុមអ្នកវិនិយោគអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ និងចិន កំពុងពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់បំផុត ដែលអាចបម្រើគ្រប់សេវាកម្ម នៅប្រទេសថៃ។ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់បែបនេះ នៅលើបណ្តាញសង្គម X ក្នុងថ្ងៃទី១៩ ខែមេសា។

ក្នុងពេលបច្ចុប្បន្ន អគារ Burj Khalifa ជាអគារមានកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក ដោយមានកម្ពស់ ៨២៨ម៉ែត។ ចំណែកអគារ ដែលខ្ពស់ជាងគេបំផុតនៅថៃ មានកម្ពស់ត្រឹម ៣១៨ម៉ែត្រប៉ុណ្ណោះ និងមាន៧០ជាន់។ អគារនោះ គឺMagnolias Waterfront Residences Iconsiam។ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម ថៃចង់សាងសង់អគារខ្ពស់ជាងគេបំផុតលើពិភពលោក។ 
 
«លោកសេដ្ឋា បានជួបជាមួយក្រុមហ៊ុនវិនិយោគមកពីមជ្ឈិមបូព៌ា និងចិនដូចជាក្រុមហ៊ុនEmaar Group, ក្រុមហ៊ុន Broad Group និងក្រុមហ៊ុន Vatone Group ហើយបានពិភាក្សាពីគម្រោងសាងសង់អគារខ្ពស់ជាងគេបំផុត»។ លោកសេដ្ឋា បានសរសេរបែបនេះនៅលើបណ្តាញសង្គម X នៅថ្ងៃទី១៩ ខែមេសា។ ក្រុមហ៊ុនEmaar Group ជាអ្នកគ្រប់គ្រង អគារ Burj Khalifa នៅទីក្រុងឌូបៃ។ 
 
បើតាមលោកសេដ្ឋា ការអភិវឌ្ឍអគារខ្ពស់ជាងគេបំផុត នឹងបង្កើតការវិនិយោគដ៏មានតម្លៃ រួមទាំងទាក់ទាញភ្ញៀវទេសចរ។ មេដឹកនាំរូបនេះ បានបន្ថែមថា ក្រុមអ្នកវិនិយោគនឹងសិក្សាពីគម្រោងនេះ ហើយស្នើនៅពេលបន្ទាប់។ 
 
ចំណែក លោក Chai Wacharonke អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានប្រាប់សារព័ត៌មាន Bloomberg ថា អ្នកវិនិយោគ ចាប់អារម្មណ៍ក្នុងការបង្កើតគម្រោងធំៗនៅប្រទេសថៃ។​ អ្នកនាំពាក្យរូបនេះ បានអះអាងថា អ្នកវិនិយោគ មិនបានច្រានចោលគំនិតក្នុងការសាងសង់អគារខ្ពស់បំផុតនៅថៃឡើយ៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com