ជាតិ
វីដេអូ
ព្រៃកោងកាងចិញ្ចឹមប្រជាសហគមន៍ត្រពាំងសង្កែកាន់តែប្រសើរ
20, Apr 2024 , 10:00 pm        
រូបភាព
កំពត៖ សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់អេកូទេសចរណ៍ដ៏ពេញនិយមមួយ នៅក្នុងខេត្តកំពត។ ព្រៃកោងកាងដ៏ស្រស់ស្អាតនៅសហគមន៍នេះ បានអន្ទងចិត្តអ្នកទេសចរឱ្យមកលេងកម្សាន្តនៅទីនេះម្តងហើយម្តងទៀតមិនចេះជិនណាយឡើយ។ វត្តមានព្រៃកោងកាងប្រមាណ ៤០ហិកតា ជាឆ្នាំងបាយដ៏សំខាន់របស់ប្រជាសហគមន៍ត្រពាំងសង្កែជិត ៦០គ្រួសារ តាមរយៈការមកកម្សាន្តរបស់ទេសចរ។

 
សូមលោក​អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 
 
សហគមន៍នេសាទត្រពាំងសង្កែ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ សម្រាប់ឱ្យប្រជានេសាទជួញដូរជលផលរបស់ខ្លួន។ ក្រោយមកនៅក្នុង២០១៤ សហគមន៍នេះ បានក្លាយខ្លួនទៅជាតំបន់បម្រើសេវាកម្មទេសចរណ៍មួយកន្លែង ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតក្នុងខេត្តកំពត។ 
 
លោក សឹម ហ៊ីម ដែលជាប្រធានសហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ
 
បើតាមលោក សឹម ហ៊ីម ដំបូងនៅសហគមន៍នេះ មិនសូវមានភ្ញៀវមកកម្សាន្តនោះឡើយ។ បើទោះជាមាន ក៏ មានជាលក្ខណៈក្រុមការងារអង្គការដៃគូប៉ុណ្ណោះ។ រីឯប្រជាពលរដ្ឋរស់នៅសហគមន៍នេះ ភាគច្រើនគឺជាអ្នកនេសាទ និងកសិករធ្វើស្រែចម្ការ។ 

ដើម្បីអាចទៅដាំកូនកោងកាងបាន ទេសចរត្រូវជិតទូក ប្រមាណ៤គីឡូម៉ែត្រ និងប្រើថេរវេលា ១៥នាទី តាមព្រែកក្បាលរមាស។ ទូកទេសចរណ៍ចំនួន១៦ទូក បានតម្រៀបជាជួរនៅសហគមន៍ ដោយបើកបរដោយប្រជាសហគមន៍ក្មេងចាស់។ ទូកមួយមានតម្លៃ ៦ម៉ឺនរៀល ផ្ទុក

លោក សឹម ហ៊ីម ដែលជាប្រធានសហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ បានលើកឡើងថា ព្រៃកោងកាងនៅតំបន់នេះ គឺជាបង្អែកចម្បងរបស់ពលរដ្ឋចំនួន៥៧គ្រួសារ ដែលរស់នៅក្នុងសហគមន៍នេះ។ ការផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ បានរួមផ្តល់ប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ក្រៅតែពីការនេសាទ និងប្រកបរបរកសិកម្ម។
 
បច្ចុប្បន្ន សហគមន៍ទេសចរណ៍ត្រពាំងសង្កែ មានសេវាកម្មទេសចរណ៍ដូចជា ការចម្អិនអាហារ ទូកសម្រាប់ដឹកភ្ញៀវកម្សាន្តតាមដងព្រែក មានផ្ទះស្នាក់ ក៏ដូចជាដាំកូនកោងកាង ផងដែរ។  ត្រីស្រស់ៗដែលនេសាទបានត្រូវបានចុងភៅយកមកចម្អិន ជូនទេសចរក្នុងតម្លៃសមរម្យ និងមានរសជាតិឆ្ងាញ់។ ចំណែក ផ្ទះស្នាក់ចំនួន៣២បន្ទប់ ត្រូវបានរៀបចំដោយសហគមន៍ ដើម្បីទទួលទេសចរឆ្ងាយជិត។ ផ្ទះស្នាក់ ១យប់មានតម្លៃ ១២ដុល្លារ សម្រាប់ថ្ងៃធម្មតា និងមានតម្លៃ១៥ដុល្លារ សម្រាប់ថ្ងៃបុណ្យទាននានា។​
 


ក្រៅពីនេះ អ្នកទេសចរ អាចជាវ ឬទិញ​ កូនកោងកាងពីសហគមន៍ ដើម្បីយកទៅដាំនៅព្រៃកោងកាង ដែលដុះលាតសន្ធឹងតាមបណ្តោយដៃសមុទ្របានផងដែរ។ ​កូនកោងកាង១ដើមមានតម្លៃ ២៥០០រៀល សម្រាប់ភ្ញៀវជាតិ និង៤០០០រៀល សម្រាប់ភ្ញៀវអន្តរជាតិ។ ចំណូលបានពីការលក់កូនកោងកាង នឹងយកទៅអភិវឌ្ឍសហគមន៍បន្តទៀត។ 
 
« សក្កានុពលគោលរបស់សហគមន៍ត្រពាំងសង្កែគឺព្រៃកោងកាង ដោយសារព្រៃកោងកាងដុះ​នៅតំបន់ឆ្នេរជាប់មាត់សមុទ្រ។ អ៊ីចឹង វាជាសក្តានុពលធំនៅទីនេះ។ ជាទូទៅ ភ្ញៀវមកជាលក្ខណៈគ្រួសារ ពួកគាត់បានដាំម្នាក់១ដើម ប៉ុន្តែអ្នកដែលដាំច្រើនគឺជាលក្ខណៈក្រុមទេសចរណ៍ ក្រុមហ៊ុនឯកជន និងយុវជនស្ម័គ្រចិត្តជាដើម»។ នេះជាការលើកឡើងរបស់ លោក សឹម ហ៊ីម ដោយបានរៀបរាប់ថា ព្រៃកោងកាង ជួយទប់ស្កាត់ទឹកជំនន់ ការហូរច្រុះដី ជួយស្រូបជាតិពុលនៅក្នុងទឹក បំប្លែងអុកស៊ីសែន។ 



ចំពោះជីវៈចម្រុះ ដែលរស់នៅក្នុងព្រៃកោងកាង មានដូចជាក្តាមថ្ម ងាវ បង្គា ត្រីជាដើម។ ព្រៃកោងកាងក៏ជាជម្រកសត្វស្លាប និងមករកចំណីផងដែរ។ លោកប្រធា​ន​សហគមន៍ទេសចរណ៍នេសាទត្រពាំងសង្កែ​ បន្តរៀបរាប់ថា ៖ « ពលរដ្ឋខ្លះបានផ្អាកពីរបរនេសាទ ហើយចាប់យកការងារជាអ្នកបើទូកទេសចរណ៍ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ ពួកគាត់ ទទួលបានវគ្គបណ្តុះបណ្តាល តាមរយៈការបង្រៀនបើកទូក របៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវ ការរៀបចំទូកឱ្យមានភាពទាក់ទាញ ផងដែរ»។ 
 


ដើម្បីអាចទៅដាំកូនកោងកាងបាន ទេសចរត្រូវជិតទូក ប្រមាណ៤គីឡូម៉ែត្រ និងប្រើថេរវេលា ១៥នាទី តាមព្រែកក្បាលរមាស។ ទូកទេសចរណ៍ចំនួន១៦ទូក បានតម្រៀបជាជួរនៅសហគមន៍ ដោយបើកបរដោយប្រជាសហគមន៍ក្មេងចាស់។ ទូកមួយមានតម្លៃ ៦ម៉ឺនរៀល ផ្ទុកមនុស្ស​បានប្រហែល១០នាក់។ អ្នកបើកទូក មមាញឹកខ្លាំងនារដូវបុណ្យទាន និង ថ្ងៃចុងសប្តាហ៍។ ភ្ញៀវដែលមកកម្សាន្តច្រើនគឺជាភ្ញៀវជាតិ មកពីបណ្តាលខេត្តនានា  និងភាគច្រើនមកពីរាជធានីភ្នំពេញ។ សម្រាប់ភ្ញៀវអន្តរជាតិមានត្រឹម២០ភាគរយប៉ុណ្ណោះ បើតាមតួរលេខប្រចាំឆ្នាំ។



លោក សឹម ហ៊ីម បញ្ជាក់ដូច្នេះ៖ ប្រជាពលរដ្ឋនៅទីនេះ មានមុខរបរចម្រុះ។​ ប៉ុន្តែសម្រាប់មុខរបរនេសាទ មានប្រហែល៤០ភាគរយប៉ុណ្ណោះ។ អ្នកខ្លះធ្វើស្រែ ដាំដំណាំដូចជា ឪឡឹក ពោត ចិញ្ចឹមសត្វជាដើម។ តួយ៉ាង យើងបង្កើតសហគមន៍នេះមិនមែនគោលបំណង ចង់បានប្រាក់ចំណេញទេ អ្វីដែលសំខាន់គឺចង់បានប្រាក់ចំណូល ក្នុងការបង្កើតមុខរបរបន្ថែមដល់ពលរដ្ឋ ក្រៅពីនេសាទ។»
 
សូមជម្រាបថា ពលរដ្ឋ ដែលបានចូលរួមបម្រើសេវាកម្មដល់ទេសចរ គឺមានជីវភាពប្រសើរជាងមុន និងលែងបារម្ភរឿងចំណូល នៅពេលមិនបានទៅនេសាទ។ ចំណែកពលរដ្ឋផ្សេងទៀត ទទួលបានថវិកាពីសហគមន៍ ​ និងអង្គការដៃគូ ដើម្បីបង្កើតមុខរបរថ្មី បង្កើនចំណូលផងដែរ៕
 

Tag:
 ThmeyThmey
  ព្រៃកោងកាង
  កំពត
  ទេសចរណ៍
  សហគមន៍ត្រពាំងសង្កែ
© រក្សាសិទ្ធិដោយ thmeythmey.com