អន្តរជាតិ
គណៈប្រតិភូ​កសិកម្ម​ជាន់ខ្ពស់​កូរ៉េខាងជើង​បំពេញទស្សនកិច្ច​នៅ​រុស្ស៊ី
21, Apr 2024 , 2:00 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយឧបនាយករដ្ឋមន្រ្តី កំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី។ ដំណើរទស្សនកិច្ចនេះ ជាការផ្លាស់ប្តូរទស្សនកិច្ចចុងក្រោយបង្អស់នៅពេលថ្មីៗនេះរវាងទីក្រុងមូស្កូ និងទីក្រុងព្យុងយ៉ាងដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារក្នុងប្រទេស។

ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងជើង លោក Ri Chol Man បានចាកចេញទៅកាន់រុស្ស៊ីនៅថ្ងៃទី២០ ខែមេសា និងដឹកនាំគណៈប្រតិភូគណៈកម្មការកសិកម្ម។ ទន្ទឹមនេះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក Alexander Matsegora បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា កាលវិភាគរបស់លោក Ri នឹង មានការមមាញឹកយ៉ាងខ្លាំង។   យ៉ាងណាមិញ មន្រ្តីទូតរុស្ស៊ីមិនបានលម្អិតពីដំណើរទស្សនកិច្ចរបស់មន្រ្តីកូរ៉េខាងជើងឡើយ។ 
 
រដ្ឋាភិបាលកូរ៉េខាងត្បូង បានចាត់ទុកលោកRi ជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្មរបស់កូរ៉េខាងជើងដ៏សំខាន់មួយរូប។ លោកត្រូវបានតែងតាំងជាប្រធានគណៈកម្មការកសិកម្មនៅឯកិច្ចប្រជុំបក្សពលករកូរ៉េខាងជើងនៅពេលកន្លងមក។ 
 
ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០២៣ ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាងទាំងពីរបាន​ពង្រឹង​យ៉ាង​ខ្លាំង​។
 
នៅក្នុងកិច្ចប្រជុំកំណត់គោលនយោបាយដ៏សំខាន់របស់គណបក្សពលករក្នុងខែធ្នូ លោក គីម បានថ្លែងអំពីតម្រូវ ការក្នុងការជំរុញផលិតភាពកសិកម្ម ដោយអំពាវនាវឱ្យមានទំនើបកម្មឧបករណ៍កសិកម្ម និង ការកែលម្អប្រព័ន្ធធារាសាស្រ្ត។ កូរ៉េខាងជើងបានជួបបញ្ហាកង្វះស្បៀងអាហារជាយូរមក ហើយដែលមួយផ្នែកបង្កឡើងដោយសារតែការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកម្មវិធីអាវុធ និងគ្រោះមហន្តរាយធម្មជាតិតាមរដូវកាល។
 
ការខិតចូលគ្នារវាងក្រុងព្យុងយ៉ាង បានធ្វើឱ្យអាម៉េរិក និងកូរ៉េខាងត្បូងបានព្រួយបារម្ភថា ចំណុចស្នូលនៃកិច្ចសហ ប្រតិបត្តិការកាន់តែជិតស្និត គឺផ្នែកយោធា ដោយប្រទេសទាំងពីរ ចោទកូរ៉េខាងជើងថាបានដឹកជញ្ជូនសព្វាវុធទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែនថែមទៀត។
 
ទាំងក្រុងមូស្កូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ បើទោះបីជាមេដឹកនាំរបស់ពួកគេបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែស៊ីជម្រៅក៏ដោយ៕
 

Tag:
 (កូរ៉េខាងជើង
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com