ជាតិ
កម្ពុជា-កូរ៉េ ផ្លាស់ប្តូរវប្បធម៌នៃការល្បែងទាញព្រ័ត្រ ដើម្បីលើកកម្ពស់ការយល់ដឹង
21, Apr 2024 , 4:40 pm        
រូបភាព
ទិដ្ឋភាពបង្ហាញពីល្បែងទាញព្រ័ត្រនៅកូរ៉េ។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ទិដ្ឋភាពបង្ហាញពីល្បែងទាញព្រ័ត្រនៅកូរ៉េ។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រ។ កម្មវិធីនេះ ធ្វើឡើងចាប់ពីថ្ងៃទី៩-២០ ខែមេសា ដល់សាធារណរដ្ឋកូរ៉េ និង​នៅកម្ពុជា។

 
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩-១៥ ខែមេសា។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញ កាលពីថ្ងៃទី១៦-២០ ខែមេសា។ 


រូបភាពពីហ្វេសប៊ុក​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ
 
កម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ រៀបចំ​ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥។ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េ គឺ​មាន​ការ​រៀបចំ​សិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។ 
 
ក្រៅពី​រៀបចំ​សិក្ខាសាលា ក៏​មាន​ការលេងបង្ហាញល្បែងទាញព្រ័ត្រ ដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ កាលពីឆ្នាំ​២០១៥។ ជាមួយ​គ្នានេះ មាន​កម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ ផងដែរ។
  

រូបភាពពីហ្វេសប៊ុក​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ

បើតាម​ទំព័រហ្វេសប៊ុក​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ចំពោះ​កម្មវិធីផ្លាស់ប្តូរនៅកម្ពុជាវិញ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរ ពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ)។ លើសពីនេះ ភាគីកូរ៉េ ក៏បាន​ចូលរួមកម្មវិធីទាញព្រ័ត្រក្នុងស្រុកកោះធំ ខេត្តកណ្តាលផងដែរ។ 
 
សូម​បញ្ជាក់ថា ​ល្បែង​ទាញព្រ័ត្រ ជា​ប្រភេទ​ល្បែង​មួយបែប  ដែល​យុវជន​ខ្មែ​ទាំង​បុរស ទាំង​ស្ដ្រី តែង​លេង​កម្សាន្ត​សប្បាយ។ ​ល្បែង​ទាញព្រ័ត្រ គេ​លេង​ដោយ​ប្រើ​កម្លាំងកាយ ដែលបង្ហាញ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកឈ្នះ​គូបដិបក្ខ​។​


រូបភាពពីហ្វេសប៊ុក​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ
 
ល្បែង​​ទាញ​ព្រ័ត្រ ត្រូវចូល​ក្នុង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាល​ពី​ថ្ងៃ​ទី២​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​វិន​ឌុក ប្រ​ទេស​ណាមីប៊ី។ ការ​ចុះល្បែង​ទាញ​ព្រ័ត្រ​ ចូលក្នុ​ង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ តាម​ការ​ស្នើ​ពី​ប្រទេស​ចំនួន៤​ សុំ​ចុះ​ល្បែងទាញ​ព្រ័ត្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុង​នោះ​មាន​ប្រទេសកម្ពុជា​ សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕


រូបភាពពីហ្វេសប៊ុក​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ

Tag:
 ល្បែងទាញព្រ័ត្រ
  កម្ពុជា
  កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com