ជាតិ
ប.ស.ស៖ កម្មករត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភពេលពពោះ?
22, Apr 2024 , 8:19 pm        
រូបភាព
កម្មករមានផ្ទៃពោះ ជួបសំណេះសំណាលជាមួយសម្ដេច ហ៊ុន សែន នាពេលកន្លងមក។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
កម្មករមានផ្ទៃពោះ ជួបសំណេះសំណាលជាមួយសម្ដេច ហ៊ុន សែន នាពេលកន្លងមក។ រូបពី ទីស្ដីការគណៈរដ្ឋមន្ត្រី
ភ្នំពេញ៖ កម្មកររោងចក្រ ដែលមានប័ណ្ណសមាជិក ប.ស.ស មានសុពលភាពប្រើប្រាស់សេវាព្យាបាល និងថែទាំ គឺមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស អំឡុវពេលមានផ្ទៃពោះ រហូតកូនអាយុ២ឆ្នាំ។

 
យោងតាមរបាយការណ៍ ប.ស.ស កម្មករមានផ្ទៃពោះ ដែលអាចទទួលការឧបត្ថម្ភនេះ លុះត្រាតែបានទៅទទួលសេវាសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈតាមតារាងកម្មវិធីដែលសាមីខ្លួនទទួលបានពី ប.ស.ស។ 
 
ហេតុនេះ កម្មករនៅពេលមានផ្ទៃពោះ ត្រូវទៅចុះឈ្មោះនៅស្នាក់ការឬសាខា ប.ស.ស ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប័ណ្ណសមាជិក ប.ស.ស, គណនីធនាគារជាប្រាក់រៀល និងលេខទូរស័ព្ទ រួមទាំងសៀវភៅសុខភាពមាតាបញ្ជាក់់ពីអាយុគភ៌ដំបូងដែលចេញដោយមូលដ្ឋានសុខាភិបាលសាធារណៈ។ 
 
លុះដល់កម្មករមានផ្ទៃពោះ៣៦ទៅ៣៨សប្ដាហ៍ នៅពេលពិនិត្យផ្ទៃពោះរួច ត្រូវទៅស្នាក់ការឬសាខា ប.ស.ស ម្ដងទៀត ដើម្បីបំពេញទម្រង់ស្នើសុំប្រាក់ឧបត្ថម្ភលើកទី៤សម្រាប់សម្រាលកូន ដោយភ្ជាប់ជាមួយបណ្ណសមាជិក ប.ស.ស និងសៀវភៅសុខភាពមាតា។ 
 
ការឧបត្ថម្ភថវិកានេះ ចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១ គឺនៅពេលមានផ្ទៃពោះ គឺត្រូវផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ដង មួយដង៨ម៉ឺនរៀល។ ដំណាក់កាលទី២ គឺនៅពេលសម្រាល ត្រូវផ្តល់ប្រាក់៨០ម៉ឺនរៀល។ ដំណាក់កាលទី៣ នៅក្រោយពេលសម្រាល រហូតដល់កូនអាយុក្រោមពីរឆ្នាំ នឹងមានការផ្ដល់ប្រាក់ចំនួន១០ដង ក្នុងមួយដង៨ម៉ឺនរៀល។
 
ចាប់តាំងពីថ្ងៃទី១សីហាឆ្នាំ២០២៣មក រដ្ឋាភិបាលបានដំឡើងប្រាក់ឧបត្ថម្ភ សម្រាប់កម្មករនិយោជិតជាស្រ្តី។ ដូចនេះ អំឡុងពេលមានផ្ទៃពោះ ហូតដល់កូនមានអាយុ២ឆ្នាំ ​កម្មករនឹងទទួលបានប្រាប់ឧបត្ថម្ភប្រមាណ ១ ៥២០ ០០០ រៀលរហូតដល់ ២ ៧២០ ០០០រៀល។ 
 
ការដំឡើងកម្រិតប្រាក់ឧបត្ថម្ភនេះ គឺដើម្បីពង្រីកកិច្ចគាំពារសង្គមបន្ថែមដល់ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សុខុមាភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់ពីក្នុងផ្ទៃ រហូតអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១០០០ថ្ងៃ ដំបូងនៃជីវិត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល៕ 

Tag:
 ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com