ជាតិ
វីដេអូ
សិប្បកម្មចម្លាក់ស្បែកគោនៅស្រុកប្រាសាទបាគង ចិញ្ចឹមកុមារកំព្រា​ជាង៣០នាក់
23, Apr 2024 , 8:59 am        
រូបភាព
សៀមរាប៖ ចំណូលដែលមានពីការលក់វត្ថុអនុស្សាវរីយ៍ចម្លាក់ស្បែកគោ មានមួយផ្នែកធំ លោក ញឹក សិរីរតនា យកទៅផ្គត់ផ្គង់ក្មេងៗប្រមាណ៣០នាក់ ក្នុងបន្ទុក។  លោក សិរីរតនា ជាម្ចាស់សិប្បកម្មចម្លាក់ស្បែកគោមួយកន្លែងនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រៅពីដាប់ស្បែកគោធ្វើជាវត្ថុអនុស្សាវរីយ៍លក់ជូនទេសចរ លោកក៏បានបណ្តុះកុមារតូចៗអំពីជំនាញនេះឥតគិតថ្លៃ ដើម្បីបន្សល់ទុកស្នាដៃទៅយុវជនជំនាន់ក្រោយ។

 
ជាយុវជនកំព្រាឪពុកម្ដាយ លោក ញឹក សិរីរតនា បានតស៊ូរៀនសូត្រលើជំនាញផលិត គូរ និងដាប់ឆ្លាក់វត្ថុសិល្បៈនានា ពីស្បែកសត្វ នៅក្នុងខេត្តសៀមរាប អស់រយៈពេល៤ឆ្នាំ។ ជាមួយនឹងបទពិសោធការងារ និងចំណេះជំនាញដែលបានពីរៀបសូត្រនេះ  លោក សិរីរតនា​ ក៏សម្រេចចិត្តបើកសិប្បកម្មចម្លាក់ស្បែកផ្ទាល់ខ្លួននៅចុងឆ្នាំ២០០១មកទល់បច្ចុប្បន្ន​។ 
 
នៅក្នុងសិប្បកម្មរបស់បុរសរូបនេះ ក្រៅតែជាការតាំងលក់នូវវត្ថុអនុស្សាវរីយ៍នានាពីចម្លាក់ស្បែកគោហើយនោះ ក៏ជាទីកន្លែងបណ្តុះបណ្តាលតូចមួយសម្រាប់យុវជនក្រោយ ផងដែរ។ « មិនត្រឹមជាកន្លែងផ្ដល់ចំណេះនិងជំនាញទេ តែក៏ផ្ដល់នូវប្រាក់កម្រៃដែលបានពីការលក់វត្ថុសិល្បៈ កន្លែងស្នាក់នៅ និងអាហារប្រចាំថ្ងៃដល់កុមារ និងយុវជនទាំងនោះថែមទៀត»។ នេះជាការលើកឡើងរបស់លោក លោក ញឹក សិរីរតនា។ 
 
លោក សិរីរតនា ជាម្ចាស់សិប្បកម្មចម្លាក់ស្បែកគោមួយកន្លែងនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

បើតាមម្ចាស់សិប្បកម្មរូបនេះ ចម្លាក់ធ្វើពីស្បែករបស់លោក ក៏ដូចជារបស់កុមារទាំងនោះ គឺទទួលបានគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់ភ្ញៀវទេសជាតិ និងអន្តរជាតិ។ លោកបានបញ្ជាក់ថា ពលរដ្ឋ ដែលបានឆ្លងកាត់ស្រុកប្រាសាទបាគង ក៏ដូចជាមកទស្សនាប្រាសាទ តែងចាប់អារម្មណ៍នូវ ចម្លាក់ស្បែក ដែលជាស្នាដៃរបស់ខ្មែរ។
 
ចម្លាក់ស្បែក ដែលត្រូវដាក់លក់មានតម្លៃខុសគ្នា១ដុល្លារ រវាងអ្នកទិញជាជនជាតិខ្មែរ និងជនជាតិបរទេស។ មានន័យថា ពលរដ្ឋខ្មែរដែលចូលទិញចម្លាក់ស្បែកគោ​ពីសិប្បកម្មរបស់លោក ញឹក សិរីរតនា គឺទទួលបានតម្លៃធូរជាង។ « ការលក់បញ្ចុះឱ្យជនជាតិខ្មែរ គឺជាការលើកទឹកចិត្តឱ្យពួកគាត់ជួយផ្សព្វផ្សាយ និងយកទៅដាក់តាំងលម្អ ដើម្បីជំរុញស្នាដៃរបស់ខ្មែរពីខ្មែរគ្នាឯង មុននឹងផ្សព្វផ្សាយទៅផ្នែកខាងក្រៅ»។ នេះជាការរៀបរាប់របស់លោក សិរីរតនា ដែលឃើញពលរដ្ឋខ្មែរចូលរួមគាំទ្រចម្លាក់ស្បែកគោ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ជាងចម្លាក់ស្បែកគ្រប់រូប ចៀសវាងនូវការបាត់បង់នៅថ្ងៃណាមួយ។ 
 
លោក បន្តលើកឡើងថា ៖ « ការផ្សព្វផ្សាយ និងការគាំទ្រទាំងអស់នេះហើយ ដែលធ្វើឱ្យចរន្តសិប្បករដាប់ស្បែកមានជំហរមកដល់បច្ចុប្បន្ន»។  ជាមួយគ្នានេះ លោក សិរីរតនា​ កត់សម្គាល់ឃើញថា ភ្ញៀវមកទស្សនាសិប្បកម្មចម្លាក់ស្បែកនៅកន្លែងណាមួយ គឺអាស្រ័យលើមគ្គទេសក៍។ ដោយឡែក រដូវកាលដែលសម្បូរភ្ញៀវបរទេសមកទស្សនាច្រើនជាងគេ គឺចាប់ពីខែកញ្ញា រហូតដល់ខែមេសា។ រីឯភ្ញៀវខ្មែរ សម្បូរនៅខែមេសា និងខែឧសភា។ បើតាមលោក សិរីរតនា មកដល់ពេលនេះ ការគាំទ្រចម្លាក់ស្បែកគោពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ​ បានកើនប្រមាណ៦០ភាគរយ។
 
 
បច្ចុប្បន្ន លោក ញឹក សិរីរតនា តែងតែទទួលសិស្សដើម្បីបង្រៀនជាហូរហែ​។ ចំណែក សិស្ស ដែលទទួលបានការបណ្តុះបណ្តាលពីលោកជាច្រើនឆ្នាំ និងចេះពីរបៀបឆ្លាក់ច្បាស់ ពួកគេក៏បានចាកចេញ ទៅស្វែងរកអនាគតថ្មីរៀងៗខ្លួន។ លោកបន្ថែមថា ៖ «កូនសិស្ស ដែលកំពុងស្នាក់នៅ និងរៀនដាប់ស្បែកគោ មានចំនួន៣៣នាក់។ ចំនួនសិស្សនេះ ខ្ញុំបានកំណត់ទៅតាមកម្រិតចំណូល ប្រសិនបើមានភ្ញៀវក៏ដូចជាចំណូលកើនឡើង ខ្ញុំនឹងបន្តទទួលសិស្សបន្ថែមទៀត»។
 
ក្នុងចំណោមសិស្សរបស់លោក  ញឹក សិរីរតនា, កុមារ ខប ឃីហៅ ចូលរៀនចម្លាក់ស្បែកគោនេះបានរយៈពេល៤ឆ្នាំមកហើយ។ ឃីហៅ គឺជាអ្នកស្រុកបាគង និងជាកូនពៅក្នុងគ្រួសារ បាត់បង់ម្តាយទាំងវ័យក្មេង។
 


ជារៀងរាល់ព្រឹក ខប ឃីហៅ តែងរៀបចំខ្លួនទៅសាលា ដែលនៅមិនឆ្ងាយពីទីតាំងរៀនឆ្លាក់ស្បែកគោ។ លុះដល់ពេលថ្ងៃ ឃីហៅ ក៏បានរៀនឆ្លាក់ស្បែកគោធម្មតា។ បច្ចុប្បន្ន កុមារាវ័យ១២ឆ្នាំរូបនេះ អាចចេះដាប់ចម្លាក់ស្បែកតូចៗ និងរូបធំល្មម ដោយក្នុងមួយថ្ងៃ រូបគេអាចអង្គុយឆ្លាក់ចម្លាក់ស្បែកបាន៤ម៉ោង។ ប៉ុន្តែថ្ងៃខ្លះ​ រៀនបានបន្តិច ព្រោះត្រូវធ្វើកិច្ចការ ដែលអ្នកគ្រូ​បានដាក់ឱ្យ។
 
កំពុងអង្គុយរៀនដាប់ស្បែកគោ ក្នុងសិប្បកម្មចម្លាក់ស្បែកគោ កុមារ ខប ឃីហៅ បានរៀបរាប់បែបនេះមកកាន់់សារព័ត៌មានថ្មីៗ ៖ «ខ្ញុំចង់រៀនដាប់ស្បែកគោ ព្រោះខ្ញុំអាចជួយដល់វប្បធម៌ខ្មែរ។ ក្រៅពីរៀនខ្ញុំក៏ទទួលបានដំបូន្មានល្អៗពីលោកគ្រូ។ ក្រៅពីរៀន លោកគ្រូឱ្យខ្ញុំស្នាក់នៅជាមួយ ហូបបាយជាមួយ។ ពេលខ្លះលោកគ្រូឱ្យលុយខ្ញុំយកទៅរៀនទៀត ។ ហើយផលលំបាករបស់ខ្ញុំពេលចូលរៀនដំបូង គឺឈឺដៃ និងមិនសូវយលពីក្បាច់ដាប់នីមួយៗ»។ 
 

កុមារ ខប ឃីហៅ សិស្សរៀនដាប់ចម្លាក់ស្បែកគោ

សម្រាប់ ឃីហៅ យល់ឃើញថា នៅពេលខ្លួនចេះជំនាញមួយនេះ រូបគេក៏អាចជួយរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ផងដែរ។ ចម្លាក់ដែលកុមានេះ រាដាប់គឺជាប្រភេទសត្វដំរី គោ ផ្លែឈើ ជាដើម។ ចម្លាក់រូបសត្វមួយ ឃីហៅ ត្រូវចំណាយពេលប្រមាណដល់៦ម៉ោង ទើបដាប់ ឬឆ្លាក់វារួច។
 
ខប ឃីហៅ មានបំណងចង់រស់នៅជាមួយលោកគ្រូ រៀនឆ្លាក់ចម្លាក់ស្បែកនេះ រហូតទាល់តែរូបគេរៀបចប់ថ្នាក់វិទ្យាល័យ។ 
 
ជាមួយគ្នានេះ កុមារ ឡឹង តុលា ដែលជាអ្នកស្រុកប្រាសាទបាគងដែរនោះ ទើបចូលរៀនចម្លាក់ស្បែកគោនេះ បាន៣ខែទេ។ តុលាបានចូលរៀនជំនាញនេះ ក៏ព្រោះតែម្តាយបានណែនាំ គួបផ្សំនឹងការស្រឡាញ់ផងដែរ។  កុមារាវ័យ១៣ឆ្នាំរូបនេះ ចាប់ផ្តើមរៀនដាប់រូបតូចៗ និងក្បាច់ផ្កាតូចៗ។
 
កុមារា ឡឹង តុលា សិស្សរៀនដាប់ចម្លាក់ស្បែក

ក្រៅពីទទួលបានកន្លែងស្នាក់នៅ និងអាហារបរិភោគ  ឡឹង តុលា​ ក៏ទទួលបានថវិកាចំនួន៤០០០រៀល ពីគ្រូរបស់ខ្លួន ញឹក សិរិរតនា ជារៀងរាល់ថ្ងៃ ដើម្បីយកទៅសិក្សា ផងដែរ។ តុលា បានរៀបរាប់ថា ៖​ «ពេលរៀនដំបូងៗ រាងពិបាក ពេលដាប់ទៅពងដៃ ឈឺដៃជាដើម។ ខ្ញុំក៏ស្នាក់នៅកន្លែងដាប់ស្បែកផ្ទាល់។ ពេលរៀន ក៏មានសិស្សច្បងបង្រៀនបន្ថែម ពេលខ្ញុំអត់ចេះដាប់។ លោកគ្រូមិនសូវកាចទេ តែពេលយើងធ្វើខុស គាត់ថាឱ្យ។»
 
តុលា គឺជាកូនទីមួយ ក្នុងគ្រួសារដែលមានឪពុកជាជាងសំណង់ និងម្តាយជាស្រ្តីមេផ្ទះ។ សិស្សថា្នក់ទី៦រូបនេះ សម្រេចទៅរៀនសូត្រនូវជំនាញនេះបន្ថែម ក៏ព្រោះតែក្តីស្រឡាញ់ និងមិនចង់ចាកចេញពីកន្លែងរៀនឆ្លាក់ស្បែក។
 
តុលា ចាត់ទុកសិប្បកម្មចម្លាក់ស្បែកគោរបស់លោក ញឹក សិរិរតនា ជាផ្ទះទី២របស់ខ្លួន។ ដោយមានការយកចិត្តទុកដាក់ពីលោកគ្រូ ក៏ដូចជាសិស្សច្បង តុលា កាន់តែកក់ក្តៅក្នុងចិត្ត និងប្រឹងរៀនលើជំនាញនេះ រហូតដល់គេរៀនចប់ថ្នាក់វិទ្យាល័យ។ បើទោះមិនទាន់កំណត់គោលដៅជីវិតនាថ្ងៃអនាគត ក៏តុលា​នៅតែចូលរួមតែរក្សា ជំនាញចម្លាក់ស្បែកគោនេះ រហូត៕
 


Tag:
 ThmeyThmey
  ចម្លាក់ស្បែកគោ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com