ជាតិ
អាជ្ញាធរ ឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីប៉ុនប៉ងឆបោក និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ
23, Apr 2024 , 9:17 pm        
រូបភាព
លោក ជួន គន្ធា ត្រូវបាននគរបាលឃាត់ខ្លួន ក្រោមបទចោទ “ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។ លោក វី សំណាង អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា នគរបាលពិតជាបានឃាត់ខ្លួន លោក ជួន គន្ធា ពិតប្រាកដមែន ពាក់ព័ន្ធនឹងករណី បុរសរូបនោះ យកដីរដ្ឋទៅចែកប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់។



លោក វី សំណាង បញ្ជាក់បន្ថែម៖«យើងមានឃាត់ខ្លួនមែន។ ដោយសារគាត់(លោក ជួន គន្ធា) ប្រកាសចែកជូនព្រៃរបស់រដ្ឋ ទៅប្រជាពលរដ្ឋ។ នេះមិនមែនជារឿងត្រឹមត្រូវក្នុងផ្លូវច្បាប់ទេ។ វាជាអំពើខុសច្បាប់ ដែលផ្ទុយពីច្បាប់ស្ដីពីព្រៃឈើ ក៏ដូចជាច្បាប់ការពារបរិស្ថាន ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ»។
លោក វី សំណាង អះអាងថា ប្រសិនមិនចាត់វិធានការទាន់ពេលវេលា ក្នុងរឿងនេះទេ នោះនឹងធ្វើឱ្យប្រជាពលរដ្ឋ ដែលទទួលបានព័ត៌មានមិនច្បាស់លាស់ អាចខាតបង់ទាំងពេលវេលា និងថវិកា។ 
 
សូមបញ្ជាក់ថា លោក ជួន គន្ធា ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនតាមដីការរបស់តុលាការខេត្តកំពង់ស្ពឺ នៅក្នុងអំឡុងម៉ោង២រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ 
 
បើតាមដីការបញ្ជាឱ្យចូលខ្លួន ដែលមានស្រុកកំណើតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ជួន គន្ធា តម្រូវឱ្យចូលបង្ហាញខ្លួន នៅស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី “ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” កើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅភូមិរោងម៉ាស៊ីន ភូមិធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com